នៅពេលដែលស្ថានភាពពិភពលោកកំពុងតែស្ថិតនៅក្នុងសភាពវិលវល់ និងពោរពេញដោយមន្ទិល ក្រុមហ៊ុនវិនិយោគទុនធំៗ នៅលើពិភពលោក បានព្យាករណ៍ថា តម្លៃហាងឆេងមាស នៅលើពិភពលោក នាឆ្នាំ២០២៥ នឹងបន្តនៅតែរឹងមាំបន្ថែមទៀត ។…
នៅពេលដែលស្ថានភាពពិភពលោកកំពុងតែស្ថិតនៅក្នុងសភាពវិលវល់ និងពោរពេញដោយមន្ទិល ក្រុមហ៊ុនវិនិយោគទុនធំៗ នៅលើពិភពលោក បានព្យាករណ៍ថា តម្លៃហាងឆេងមាស នៅលើពិភពលោក នាឆ្នាំ២០២៥ នឹងបន្តនៅតែរឹងមាំបន្ថែមទៀត ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Economic Times បានឲ្យដឹងថា តម្លៃមាសត្រូវបានគេរំពឹងថា នឹងបន្តមានហាងឆេងឡើងបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥ខាងមុខ។ មូលហេតុនៃការឡើងត្រូវបានគេដាក់បន្ទុកទៅលើនិន្នាការកើនឡើង នូវតម្រូវការទុនបម្រុងរបស់ធនាគារកណ្តាល នៅប្រទេសនានា និងការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ។
ពាក់ព័ន្ធនឹងហាងឆេងមាសនៅលើពិភពលោក ក្រុមហ៊ុន Goldman Sachs ដែលជាក្រុមហ៊ុនវិនិយោគផ្នែកហិរញ្ញវត្ថុដ៏ធំនៅសហរដ្ឋអាមេរិកបានលើកឡើងថា ហាងឆេងមាសនៅលើទីផ្សារពិភពលោកនៅក្នុងឆ្នាំ២០២៥ គឺអាចមានតម្លៃយ៉ាងហោចណាស់ ក៏៣.៦០០ ដុល្លារដែរ នៅក្នុងមួយតម្លឹង ។
ប្រភពដដែលបានឲ្យដឹងថា ការប្រមែប្រមូលធ្វើការទិញរបស់ធនាគារកណ្តាល នៅប្រទេសនានាដូចជា តួកគី សិង្ហបុរី ប្រេស៊ីល និងឥណ្ឌា គឺសុទ្ធតែជាបច្ច័យដែលនាំឲ្យតម្លៃមាសបន្តរឹងមាំបន្តទៅទៀត ។ នៅពេលដែលលោក ដូណាល់ ត្រាំ ជាប់ឆ្នោតភ្លាមហាងឆេងមាសហាក់ដូចជា ស្រុតចុះបន្តិច ប៉ុន្តែបច្ចុប្បន្ននេះបានកំពុងតែរើបៗឡើងវិញហើយវាអាចបន្តឡើងបន្ថែមទៀត ស្របពេលដែលនៅចុងអណត្តិនេះ លោកប្រធានាធិបតី ចូ បៃដិន បានសម្រេចចិត្តផ្តល់ភ្លើងខៀវ ក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីល រយៈចម្ងាយឆ្ងាយរបស់ខ្លួនធ្វើការវា.យប្រហារទៅក្នុងទឹកដីនៃប្រទេសរុស្ស៊ី ។
ក្រោយពេលដែលតម្លៃមាសធ្លាក់ចុះគួរសម កាលពីដើមខែវិច្ឆិកា ពោល គឺនៅក្នុងរង្វង់៦ភាគរយនៅពេលនេះតម្លៃហាងឆេងនៅលើពិភពលោកវាហាក់ដូចជា បានរើបឡើងវិញដោយកាលពីថ្ងៃច័ន្ទ ពោល គឺដល់មួយតម្លឹងប្រមាណជា៣.១២០ដុល្លារ ។
តាមក្រុមអ្នកជំនាញសេដ្ឋកិច្ចដែលបានជជែកគ្នាហើយ ផ្សព្វផ្សាយនៅទូរទស្សន៍ Bloomberg បានឲ្យដឹងថា បើស្ថានភាពនៃអំពើហិ.ង្សា ជាពិសេស គឺសង្គ្រាមនៅអ៊ុយក្រែនក៏ដូចជា នៅមជ្ឈឹមបូព៌ារ ក្តៅត្រជាក់ៗដូចជាពេលបច្ចុប្បន្ន តម្លៃមាសអាចនឹងស្រុតចុះមកនៅក្នុងរង្វង់៣.០០០ដុល្លារ នៅក្នុងមួយតម្លឹង ប៉ុន្តែវាក្តៅឡើងបន្ថែមទៀត គឺវាអាចឡើងដល់៣.៦០០ ដុល្លារនៅក្នុងមួយតម្លឹង ។
ស្ថានភាពនេះក៏វាផ្សារភ្ជាប់ផងដែរ ទៅនឹងស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកជាពិសេស គឺការប្រែប្រួលនៃអត្រាការប្រាក់ និងអតិផរណា ។ ក្រៅពីនោះ ភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មជុំថ្មី ក្រោយលោក ត្រាំ ចូលកាន់កាប់សេតវិមានក៏អាចនឹងមានការប្រែប្រួលបន្ថែមទៀតផងដែរ ។
ហាងឆេងមាសនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ នៅក្នុងមួយតម្លឹងលក់ចេញ៣.១៦០ដុល្លារ ហើយទិញចូលមួយតម្លឹង គឺ៣.០៦០ដុល្លារ តម្លៃនេះ គឺមានការកើនឡើងប្រមាណជា៣០ដុល្លារ នៅក្នុងមួយតម្លឹង បើធៀបនឹងហាងឆេងមាស កាលពីមួយថ្ងៃមុននេះ ៕
ចែករំលែកព័តមាននេះ