រាជធានីភ្នំពេញ ៖ ជនសង្ស័យក្មេងទំនើ.ងចំនួន ៥នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយកម្លាំងនគរបាលជំនាញអធិការខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីប្រើហិ.ង្សា ដោយចេតនាមានស្ថានទម្ងន់ទោសប្រើដាវកា.ប់ទៅលើយុវជនម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ។
ប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យនេះធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ជនសង្ស័យទាំង០៥នាក់ មាន១ ឈ្មោះ វ៉ាន់ ណាវីត ហៅក្រៅ ប៊ី ភេទប្រុស អាយុ១៧ឆ្នាំ ,២ ឈ្មោះ មួន ខេមរា ភេទប្រុស អាយុ១៧ឆ្នាំ ,៣.ឈ្មោះ រឿង វីរៈ ភេទប្រុស អាយុ១៧ឆ្នាំ ,៤ .ឈ្មោះ ណាង វណ្ណះ ភេទប្រុស អាយុ១៩ឆ្នាំ ,និង៥. ឈ្មោះ ជួន ឌីម៉ូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ។
ចំណែកជនរងគ្រោះឈ្មោះ សាន់ធី រ៉ាវី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅផ្ទះលេខ២០៤៦ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គ.ម៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមនគរបាលឲ្យដឹងថា កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះ និងមិត្តភក្តិជនរងគ្រោះចំនួន០៣នាក់ បានអង្គុយនៅចំណុចហាងកាហ្វេអេសខេ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ចាំមិត្តភក្តិម្នាក់ទៀតដែលជូនសង្សារទៅផ្ទះ ស្រាប់តែមានជនសង្ស័យចំនួន០៧នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ៤គ្រឿងម៉ាក HONDA DREAM និងម៉ាក SUZUKI NEX មិនចាំផ្លាកលេខ បានជិះចូលមក ក្នុងដៃមានកាន់ដាវកែច្នៃកា.ប់មកលើជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះម្នាក់បានរងរបួសដៃជាច្រើនកន្លែង រួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់តែម្តង ។ ចំណែកឯជនរងគ្រោះត្រូវមិត្តភក្តិបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ។
តាមនគរបាលឲ្យដឹងទៀតថា បន្ទាប់ពីមានហិ.ង្សាជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងហើយសមត្ថកិច្ចជំនាញប៉ុស្តិ៍ និងអធិការដ្ឋានខណ្ឌឬស្សីកែវ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញចុះទៅដល់កន្លែងកើតហេតុបើកការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ ។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ