ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ជាង​១​ម៉ឺន​៦​ពាន់​នាក់ ត្រៀម​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ ​ប្រមាណ​ជាង​ ១​ម៉ឺន​៦​ពាន់​នាក់ នឹង​ត្រូវ​ដាក់​ពង្រាយ ក្នុង​ព្រះរាជ​ពិធី បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ…

រាជធានី​ភ្នំពេញ ​៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ ​ប្រមាណ​ជាង​ ១​ម៉ឺន​៦​ពាន់​នាក់ នឹង​ត្រូវ​ដាក់​ពង្រាយ ក្នុង​ព្រះរាជ​ពិធី បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ជូន ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ និង​ប្រជាពលរដ្ឋ ប្រកបដោយ​ភាព​កក់ក្តៅ​ ។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ ត្រួតពិនិត្យ​ផែនការ​ការពារ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដែល​បាន​ធ្វើ​ឡើង នា​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ នាយ​ឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ការពារ​រក្សា​សន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់​សង្គម ចរាចរណ៍ សង្គ្រោះ​ទូក​លិច និង​អ្នកជំងឺ បាន​អះអាង​ថា ផែនការ ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និង​សង្គ្រោះ​ក្នុង​ព្រះរាជ​ពិធី​នេះ ត្រូវ​បាន​រៀបចំ​យ៉ាង​ម៉ត់ចត់ ដោយ​មានការ​ចូលរួម​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង ស្ថាប័ន ​ដែល​មានការ​ពាក់ព័ន្ធ ដើម្បី​ធានា​ថា ព្រះរាជ​ពិធីបុណ្យ​ទូក នឹង​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មិន​មាន​បញ្ហា​ណាមួយ​កើតឡើង​នោះ​ឡើយ​ ។

នាយ​ឧត្តមសេនីយ៍ ស ថេ​ត បានឱ្យ​ដឹង​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ឆ្នាំ​២០២៤​នេះ មាន​ទូក​ចូលរួម​ប្រណាំង​ចំនួន ​៣៤៦​ទូក​, ចំណុះ​ទូក​ជាង​២​ម៉ឺន​នាក់​, ប្រទីប​ចំនួន​៣៦​ប្រទីប​, ទីតាំង​ប្រគំ​តន្ដ្រី ប្រដាល់ និង​ពិធី​ផ្សេង​ៗ ចំនួន​១០​កន្លែង​ ។

នាយ​ឧត្តមសេនីយ៍ ​បន្ដ​ថា ក្រោម​ម្លប់​សន្តិភាព និង​ភាព​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ នឹង​ត្រូវ​រៀបចំ​យ៉ាង​អធិកអធម​ជាង​បណ្តា​ឆ្នាំ​មុន​ៗ ​។

ក្នុង​ន័យ​នេះ នាយ​ឧត្តមសេនីយ៍ ស ថេ​ត បាន​ដាក់​ចេញ​ នូវ​បទបញ្ជា ក៏​ដូច​ជា​ការ​ណែនាំ​ដល់​កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​រួម ពោល​ធានា​ឱ្យ​បាន​ដាច់ខាត​នូវ​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ធានា​ព្រះរាជ​សុវត្ថិភាព ថ្វាយ ព្រះមហាក្សត្រ សុវត្ថិភាព​ជូន​សម្ដេច និង​ឥស្សរជន​ជាន់ខ្ពស់ ក្នុង​ព្រះរាជ​ពិធី​នេះ ដោយ​ប្រើប្រាស់​វិធានការ​សរុប មធ្យោបាយ​សរុប និង​កម្លាំង​សរុប សំដៅ​ធានា​ដល់​កិច្ចសហការ ការពារ សុវត្ថិភាព​ក្នុង​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​២០២៤​។ បន្ថែម​ពី​នេះ ត្រូវ​ពង្រឹង​កិច្ចសហការ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ពី​គ្រប់​អង្គភាព និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​អនុវត្ត​ឱ្យ​បាន​សម្រេច​តាម​ផែនការ ​ដែល​បាន​ដាក់​ចេញ​ ។
 
សូម​ជម្រាប​ថា កម្លាំង​សរុប​ទាំង​ជាង ​១​ម៉ឺន​៦​នាក់​នេះ មក​ពី​១៦​ស្ថាប័ន អង្គភាព ក្នុង​នោះ​មាន​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​, បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​, បញ្ជាការដ្ឋាន​អង្គរក្ស​, បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​, បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​, យោធភូមិ​ភាគ​ពិសេស​, ក្រសួងសុខាភិបាល​, គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​, ការិយាល័យ​ទី​២ នៃ​កងទ័ពជើងគោក​, អគ្គិសនី​កម្ពុជា​, ក្រុមបច្ចេកទេស​រុករក​ជាតិ​ផ្ទុះ​កែ​ច្នៃ​, អាជ្ញាធរ​ជាតិ​អាវុធ​គីមី ជីវសាស្ដ្រ វិទ្យុសកម្ម នុយក្លេអ៊ែរ​, គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​, អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​, ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ ៕

default
default

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ