ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU ឃាត់ខ្លួន​លោក ឡាយ វិសិដ្ឋ អភិបាលរង​ខេត្តពោធិ៍សាត់ និង​លោក កន សុខកាយ អតីត​អភិបាលស្រុក​ល្វាឯម

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ លោក ឡាយ វិសិដ្ឋ អភិបាលរង ខេត្តពោធិ៍សាត់ និង​លោក កន សុខកាយ…

រាជធានី​ភ្នំពេញ ៖ លោក ឡាយ វិសិដ្ឋ អភិបាលរង ខេត្តពោធិ៍សាត់ និង​លោក កន សុខកាយ អតីត​អភិបាលស្រុក​ល្វាឯម ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU សម្រេច​ឃាត់ខ្លួន​បន្ទាប់​ពី​យក​លុយ​ទៅ​សូកប៉ាន់ រត់ការ​យក​តំណែង​តាម​រយៈ​លោក លី សា​ម៉េ​ត និង​លោក ឡា​ច សំរោង​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា លោក​ឡាយ វិសិដ្ឋ អភិបាលរង ខេត្តពោធិ៍សាត់ បាន​យក​លុយ​ចំនួន ៥៧​ម៉ឺន​ដុល្លារ សូកប៉ាន់ រត់ការ​ចង់បាន​តំណែង​តាម​រយៈ​លោក លី សា​ម៉េ​ត និង​លោក ឡា​ច សំរោង ។ ក្រោយ​បញ្ចប់​ការ​សាកសួរ​, អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បញ្ជូន​ខ្លួន​លោក ឡាយ វិសិដ្ឋ ទៅ​តុលាការ​ហើយ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ។

ដោយឡែក លោក កន សុខកាយ អតីត​អភិបាលស្រុក​ល្វាឯម ក៏​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU ឃាត់ខ្លួន​ផង​ដែរ ក្រោយ​យក​លុយ​ចំនួន ៣០​ម៉ឺន​ដុល្លារ រត់ការ​ចង់បាន​តំណែង​តាម​រយៈ​លោក លី សា​ម៉េ​ត និង​លោក ឡា​ច សំរោង ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សាកសួរ លោក កន សុខកាយ អតីត​អភិបាលស្រុក​ល្វាឯម ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​វេលា​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៤ លោក កន សុខកាយ ត្រូវ​បាន​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង បន្ទាប់​ពី​សម្ដេច​តេ​ជោ​ទម្លាយ​រឿង​លោក លី សា​ម៉េ​ត ហៅ​គ្រូ​មា បោក​លុយ​លោក​អស់ ៣០​ម៉ឺន​ដុល្លារ ។

ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់ រត់ការ​ចង់បាន​តំណែង​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​បាន​សម្រេច​ឃាត់ខ្លួន​លោក មួ​ង ឃី​ម អតីត​ឧត្តមសេនីយ៍​ចូល​និវត្តន៍ និង​លោក​ឧកញ៉ា អ៊ុត ធី ហើយ​ត្រូវ​បាន​តំណាង​អយ្យការ សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ