នាំខ្លួនលោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ឡើងតុលាការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ដែលគេស្គាល់ថា…
រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ដែលគេស្គាល់ថា…
រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ដែលគេស្គាល់ថា អ្នករកស៊ីវាយថ្ម និងធ្វើផ្លូវ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ នេះបើតាមសេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាននៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សេចក្តីរាយការណ៍បឋមនេះ មិនទាន់មានការបញ្ជាក់ពីបទល្មើសដែលនាំឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបុគ្គលទាំង២នាក់នេះទេ តែករណីនៃការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយពីមានការបែកធ្លាយបញ្ជីឈ្មោះមួយ ដែលត្រូវបានបង្ហោះតាំងពីសប្ដាហ៍មុននៅលើបណ្ដាញសង្គម ពីការជាប់ពាក់ព័ន្ធជាមួយលោក លី សាម៉េត ហៅគ្រូមា, លោក ដួង តារា និងលោក ឡាច សំរោង ក្នុងអំពើឆបោក ។
សម្រាប់បុគ្គលទាំង២នាក់នេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត សម្រាប់នីតិវិធីសួរនាំ បើអាចធ្វើមិនទាន់ នឹងបន្តនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
លោក មួង ឃីម ជាអតីតមន្ត្រីនគរបាលពាក់ផ្តាយ៣ មានតួនាទីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ហើយពេលនេះលោកចូលនិវត្តន៍ហើយ ប៉ុន្តែត្រូវបានព្រះរាជក្រឹត្យតែងតាំងជាទីប្រឹក្សាក្រសួងយុត្តិធម៌ មានឋានៈស្មើរដ្ឋលេខាធិការ ។ ដោយឡែកលោកឧកញ៉ា អ៊ុត ធី ត្រូវបានគេស្គាល់ថា រកស៊ីខាងវាយថ្ម និងធ្វើផ្លូវ ។
មានការកត់សម្គាល់ថា ក្នុងបញ្ជីដែលអាចចាត់ទុកថា ជសំណុំរឿង លី សាម៉េត, ដួង តារា, ឡាច សំរោង, មួង ឃីម និងបក្ខពួក គឺឧកញ៉ា អ៊ុត ធី គឺជាម្ចាស់បណ្ដឹងទាមទារយកទៅដោះស្រាយបញ្ហាដីធ្លី ការទិញលក់ដី និងការខ្ចីប្រាក់ មានទំហំទឹកប្រាក់ប្រមាណ៣,៥លានដុល្លារ ។
ពេលនេះសម្រាប់ករណីលោក ដួង តារា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក ដួង តារា ជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃ៦ វិច្ឆិកា ។ ការដកតំណែងនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញ បានចោទប្រកាន់លោក ដួង តារា អំពីបទ«ឆបោក» ពាក់ព័ន្ធនឹងករណីឆបោកលុយពលរដ្ឋជាច្រើនគ្រួសារ ក្នុងគម្រោងវិនិយោគដីធ្លី និងផ្ទះល្វែងរបស់ក្រុមហ៊ុនភូមិខ្មែរគ្រុប (Phum Khmer Group) នៅខេត្តស្វាយរៀង ។
សមត្ថកិច្ចបានបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ ឬហៅកាត់ថា ប៉េហ្ស៊ី(PJ) កាលពីថ្ងៃទី១៤ តុលា ខណៈឧកញ៉ា លី សាម៉េត ដែលជាដៃគូ និងជាមរកើយរបស់លោក ដួង តារា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់អំពីបទឆបោកប្រាក់រាប់លានដុល្លារ និងបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ។
នៅក្នុងបញ្ជីបង្ហាញពីសំណុំរឿង លី សាម៉េត និងបក្ខពួកជាប់ចោទឆបោក គឺមាន៧សំណុំរឿង ដែលមានការទាក់ទិនច្រើនពីឈ្មោះ លី សាម៉េត, ដួង តារា និង ឡាច សំរោង ហើយសំណុំរឿងនីមួយៗ ខ្លះមានទំហំទឹកប្រាក់៣០ម៉ឺនដុល្លារ ខ្លះ២០ម៉ឺនដុល្លារ ខ្លះ៣,៥លានដុល្លារ ខ្លះ១៣៥.០០០ដុល្លារ ខ្លះ១៣ម៉ឺនដុល្លារ និងច្រើនជាងគេ៦,៧លានដុល្លារ និងសំណុំរឿងមួយទៀតនោះ មិនបានបញ្ជាក់ឱ្យដឹងពីទំហំទឹកប្រាក់ឡើយ ។
ទោះបីជាបែបណា ការបែកធ្លាយបញ្ជីសំណុំរឿងខាងលើនេះ មិនមានការអះអាងផ្លូវការនៅឡើយទេ តែអ្វីមានការកត់សម្គាល់នោះ រឿងពុករលួយដ៏ធំនេះ វាប្រាកដណាស់ វានឹងប្រៀបដូចជាសម្លកំពឹស ដែលនឹងមានរឿងរ៉ាវច្រើនទៀតនៅពេលខាងមុខនេះ ៕
ចែករំលែកព័តមាននេះ