ក្រោយពេលដែលអ្នកនយោបាយ និងអ្នកជាតិនិយមថៃកញ្ជ្រោកបញ្ហានៅតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រជាបន្តបន្ទាប់ ចាប់តាំងពីថៃបង្កើតរដ្ឋាភិបាលថ្មីមក បញ្ហានេះអាចនឹងត្រូវពិភាក្សាគ្នាជាថ្មីដោយអ្នកជំនាញ កម្ពុជានិងថៃនៅក្នុងពេលឆាប់ៗនេះ ។ រឿងដែនអធិបតេយ្យនៅឈូងសមុទ្រ ជាពិសេសគឺតំបន់ត្រួតស៊ីគ្នាដែលមានទំហំប្រមាណជា ២៦.០០០គីឡូម៉ែត្រក្រឡា គឺជាបញ្ហាដ៏រសើបបំផុតនៅថៃពេលនេះ…
ក្រោយពេលដែលអ្នកនយោបាយ និងអ្នកជាតិនិយមថៃកញ្ជ្រោកបញ្ហានៅតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រជាបន្តបន្ទាប់ ចាប់តាំងពីថៃបង្កើតរដ្ឋាភិបាលថ្មីមក បញ្ហានេះអាចនឹងត្រូវពិភាក្សាគ្នាជាថ្មីដោយអ្នកជំនាញ កម្ពុជានិងថៃនៅក្នុងពេលឆាប់ៗនេះ ។
រឿងដែនអធិបតេយ្យនៅឈូងសមុទ្រ ជាពិសេសគឺតំបន់ត្រួតស៊ីគ្នាដែលមានទំហំប្រមាណជា ២៦.០០០គីឡូម៉ែត្រក្រឡា គឺជាបញ្ហាដ៏រសើបបំផុតនៅថៃពេលនេះ ។ នៅថៃ មានអ្នកភ្ជាប់តំបន់ត្រួតស៊ីគ្នាទៅនឹងបញ្ហាដែនអធិបតេយ្យនៃកោះគុត ដែលខ្លួនកំពុងតែកាន់កាប់ស្រាប់ ។
កោះគុត គឺជាកោះមួយដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តត្រាត ហើយនៅទីនោះគឺកំពុងតែគ្រប់គ្រងដោយថៃ ដែលមានទាហានជើងទឹកកំពុងឈរជើង ។ តែអ្នកនយោបាយថៃ តែងតែបារម្ភថា នៅពេលដែលចរចាអំពីគម្រោងនៅឈូងសមុទ្រកោះ នេះអាចនឹងត្រូវធ្លាក់មកនៅក្នុងប្រទេសកម្ពុជា។
មកដល់ពេលនេះ រដ្ឋាភិបាលនិងអ្នកជំនាញការថៃបានចេញមុខពន្យល់ម្តងហើយម្តងទៀត ប៉ុន្តែសាធារណៈមតិនៅតែព្រួយបារម្ភ ។ បញ្ហាព្រំដែនមិនថា នៅកម្ពុជា និងថៃ ឬកម្ពុជានិងវៀតណាម ឬកម្ពុជា និងឡាវទេ គឺសុទ្ធសឹងតែជាបញ្ហាដ៏រសើប ដូច្នេះ សង្ឃឹមថា ភាគីពាក់ព័ន្ធនឹងលើកកំពស់ការប្រុងប្រយ័ត្ននៅពេលដែល មានការពិភាក្សា និងការចរចាជាមួយនឹងភាគីពាក់ព័ន្ធនានា។
ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃបញ្ហានៅដែនសមុទ្រ ថ្មីៗនេះ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ការចរចារអំពីតំបន់ត្រួតស៊ីគ្នារវាងកម្ពុជានិងថៃអាចនឹងចាប់ផ្តើមឆាប់ៗខាងមុខនេះ។ បន្ទាប់ពីការមានការអំពាវនាវឲ្យរដ្ឋាភិបាលប្រុងប្រយ័ត្ន ខ្លះស្នើឲ្យលុបចោលអនុស្សារណៈដែល កម្ពុជានិង
ថៃបានចុះកាលពីឆ្នាំ២០០១ ក៏ដូចជាការពន្យល់ដោយមន្ត្រីរដ្ឋាភិបាលថៃជាបន្តបន្ទាប់មកនោះ នាយករដ្ឋមន្ត្រីថៃ គឺលោកស្រី ផៃ ថងថាន ស៊ីណាវ៉ាត្រា ថា ការចរចាលើតំបន់ដែនសមុទ្រមានជម្លោះនេះអាចនឹងចាប់ផ្តើមឡើងវិញ បន្ទាប់ពីគណៈកម្មាធិការបច្ចេកទេសរួម ត្រូវបានបង្កើតឡើងនៅពាក់កណ្តាលខែនេះ ។
ប្រភពដដែលបានសង្កត់ធ្ងន់ថា លោកស្រី ផៃថងថាន បាននិយាយកាលពីថ្ងៃសុក្រថា លោកស្រីបានបញ្ជូនសារទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងអំឡុងកិច្ចប្រជុំកំពូលកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គលើកទី៨ នៅទីក្រុងគុនមីង ប្រទេសចិនរួចហើយដែរ ។
លោកស្រីបាននិយាយថា លោកស្រីបានប្រាប់សម្តេចធិបតីថា ការបង្កើតគណៈកម្មាធិការបច្ចេកទេសរួមត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅពេលដែលលោកស្រីត្រឡប់ទៅប្រទេសថៃវិញ នៅថ្ងៃទី ១៨ ខែវិច្ឆិកា បន្ទាបពីកិច្ចប្រជុំកំពូលអេប៉ិច ( APEC) នៅប្រទេសប៉េរូដែលគ្រោងធ្វើនៅថ្ងៃទី ១០ ដល់ ថ្ងៃទី ១៦ ខែវិច្ឆិកាខាងមុខនេះ ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃមួយនេះ រដ្ឋាភិបាលថៃក្រោមការដឹកនាំដោយគណបក្សភឿថៃ ដែលស្ថាបនិកបក្សនេះ គឺជាអ្នកផ្តួចផ្តើមលើអនុស្សារណៈយោគយល់អំពីបញ្ហានៅដែនសមុទ្ររវាងកម្ពុជានិងថៃកាលពីឆ្នាំ២០០១ ទំនងជាមិនបានយកសំណើលុបចោល អនុស្សារណៈពាក់ព័ន្ធនឹងបញ្ហានេះជាមួយនឹងកម្ពុជានោះទេ ។
លោកស្រីនាយករដ្ឋមន្ត្រីថៃបាននិយាយថា នៅពេលនោះ គណៈកម្មាធិការបច្ចេកទេសរួម នឹងបន្តការពិភាក្សាក្រោម អនុស្សារណៈនេះដដែល ។ លោកស្រីបាននិយាយថា ការសម្រេចចិត្តឯកតោភាគីរបស់ប្រទេសទាំងពីរក្នុងការលុបចោលអនុស្សារណៈនៃការយោគយល់នេះអាចនាំឲ្យមានលទ្ធផលអវិជ្ជមាន។
លោកស្រីបានបន្តថា ការលុបចោល អនុស្សារណៈនៃការយោគយល់នេះ ជាឯកតោភាគី អាចធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹង។ ប្រទេសទាំងពីរគួរតែពិភាក្សា និងដោះស្រាយការខ្វែងគំនិតគ្នា ។ លោកស្រីបានបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាជនថៃថា ថៃនឹងមិនមានការលំបាកក្នុងការចរចាក្រោម អនុស្សារណៈនៃការយោគយល់នេះ នោះទេ។ ប្រទេសទាំងពីរកំណត់ តំបន់ត្រួតស៊ីគ្នាខុសគ្នា។ នោះហើយជាមូលហេតុដែល អនុស្សារណៈនៃការយោគយល់ ចាំបាច់ដើម្បីដោះស្រាយភាពខុសគ្នា។
ផ្អែកលើព័ត៌មាននេះសង្ឃឹមថា អ្នកពាក់ព័ន្ធនៅក្នុងស្រុកនឹងបន្តតាមដានព័ត៌មានពាក់ព័ន្ធការការវិវត្តន៍នៃបញ្ហានៅតំបន់ដែនសមុទ្រដែលត្រួតស៊ីគ្នា នៅក្នុងគោលបំណងទាញផលប្រយោជន៍ដោយស្មើភាព ស្របច្បាប់និងតម្លាភាព។ តាមគម្រោងសក្តានុពលនៃវិស័យថាមពលដែលមានឧស្ម័ន និងធនធានប្រេងដែលមាននៅក្នុងតំបន់នោះគឺអាចមានធំមហាសាលដែលជាផលប្រយោជន៍របស់ពលរដ្ឋទាំងសងខាង ។
ចែករំលែកព័តមាននេះ