ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​«​ចលនា​ជាតិ​តស៊ូ​»​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ធ្វើ​ដើម្បី​ចាប់អារម្មណ៍​ប៉ុណ្ណោះ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចំ​ៗ​ទៅ​កាន់​ក្រុមប្រឆាំង សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា បាន​ចាត់​ទុក​ការ​បង្កើត «​ចលនា​ជាតិ​តស៊ូ​»…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចំ​ៗ​ទៅ​កាន់​ក្រុមប្រឆាំង សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា បាន​ចាត់​ទុក​ការ​បង្កើត «​ចលនា​ជាតិ​តស៊ូ​» របស់​ក្រុមប្រឆាំង​ជ្រុលនិយម ដែល​កំពុង​រស់នៅ​ក្រៅប្រទេស គ្រាន់តែ​ជា​ការ​បង្កើត​ព្រឹត្តិការណ៍ ទាក់ទាញ​ចំណាប់អារម្មណ៍​ប៉ុណ្ណោះ ទោះបីជា​មនុស្ស​ធ្លាប់​គាំទ្រ​ស្ម័គ្រស្មោះ កាន់តែ​ច្រើន​អស់ជំនឿ ហើយ​ដើរ​ចេញ​ជា​បន្ដបន្ទាប់​ក្តី ។

សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ «​វិ​ថី​តេ​ជោ សន្តិភាព​ឆ្នេរ​អង្កោល​» តម្លៃ​ជាង​១០​លាន​ដុល្លារ នៅ​ទឹកដី​ខេត្ត​កែប នា​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​អះអាង​ថា សមាជិក​ស្មោះស្ម័គ្រ និង​មន្ដ្រីជាន់ខ្ពស់​របស់​ក្រុមប្រឆាំង​ទាំងអស់ បាន​ដើរ​ចេញពី​បក្ខពួក​ខ្លួន ហើយ​ងាក​មក​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ។

សម្ដេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ប៉ុន្មាន​ខែ​នេះ មានការ​បង្កើត​ចលនា​មិន​ចេះ​ចប់ ចលនា​ក្រៅប្រទេស មាន​ទាំង​រដ្ឋាភិបាល​ស្រមោល​នៅ ក្រៅប្រទេស​ទៀត​«…» ខ្ញុំ​មិនដឹង​ថា បង្កើត​ធ្វើ​អ្វី គោលដៅ​អ្វី តែបើ​តាម​ការ​វិភាគ​គោលដៅ​នៅ​ដដែល​បង្កើត​អ្វី​ប្លែក​។ ចុង​ក្រោយ​នេះ មាន​ចលនា​ដែល​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ធ្លាប់​ជា​សមាជិក​បក្ស​របស់​គាត់ គាំទ្រ​គាត់ បាន​ចេញ​មក​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​មន្ដ្រីជាន់ខ្ពស់​របស់​គាត់​ទាំង​ក្នុង​ប្រទេស ក្រៅប្រទេស អ្នកគាំទ្រ​សំខាន់​របស់​គាត់​ជា​ច្រើន​» ។

ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ដ្រី ក៏​បាន​ចំអក​ទៅ​លោកស្រី មួរ សុខ​ហួរ ដែល​ទើបតែ​បង្កើត​ចលនា​ប្រជាធិបតេយ្យ​មួយ​នៅ​ក្រៅប្រទេស ហើយ​តាំងខ្លួន​ជា​ប្រ ធាន ប៉ុន្ដែ​ក្រោយមក​ក៏​ធ្លាក់​មក​ជា​អនុប្រធាន​វិញ ដែល​ទំនង​ជាន់​គ្នា​ជាមួយ​ទណ្ឌិត សម រ​ង្ស៊ី ដែល​បង្កើត​ចលនា​ថ្មី​មួយ​ដែរ​។ សម្ដេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី ហួសចិត្ត​ចំពោះ​ការ​បង្កើត​ចលនា​មិន​ចេះ​ចប់ មិន​ចេះ​ហើយ ទាំង​ដែល​អ្នកគាំទ្រ កាន់តែ​ដើរ​ចេញ ។

យ៉ាងណា​ក្តី សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ទៀត​ថា មនុស្ស​មួយ​ចំនួន នៅ​តែ​បន្ដ​ចិញ្ចឹមចិត្ត​ញុះញង់ អុជអាល និង​បបួល​មនុស្ស​ឲ្យ​បែងចែក​បក្ខពួក បែកបាក់​គ្នា ក្នុង​នោះ​មាន​ទាំង​ការ​បង្កើត​រដ្ឋាភិបាល​ស្រមោល​ក្រៅប្រទេស ហើយ​ធ្វើ​សកម្មភាព​នៅ​តាម​បណ្ដាញ​សង្គម​តាំងខ្លួន​ជា​នាយក​រដ្ឋមន្ដ្រី​។ មិនតែប៉ុណ្ណោះ បែរជា​ឆ្លៀត​ចោទប្រកាន់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ថា​ជា​រាជរដ្ឋាភិបាល​មិន​ស្របច្បាប់ ទាំង​ដែល​កាលពី​ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ មាន​ប្រជាពលរដ្ឋ​រហូត​ដល់​ជាង​៨​លាន​នាក់ ទៅ​បោះ​ឆ្នោត តាម​រដ្ឋធម្មនុញ្ញ ។

សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​គូសបញ្ជាក់​បន្ថែម​ថា ការ​អស់ជំនឿ​របស់​មន្ដ្រីជាន់ខ្ពស់​នៅ​ក្រុមប្រឆាំង និង​សកម្មជន​ស្មោះស្ម័គ្រ​ដោយ​ការ​ភូតភរ​កុហក​បោកប្រាស់ ចោទប្រកាន់​ខុស​ពី​ការ​ពិត​មក​លើ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា ក្រោយ​មានការ​ពន្យល់​ជា​បន្ដបន្ទាប់​ទើប​អ្នក​ដែល​ធ្លាប់​ស្មោះស្ម័គ្រ​បាន​ងាក​មក​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ។

ទោះជា​ណា​ក្តី សម្ដេច​មហា​បវរ​ធិ​បតី​ប្រមុខ នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​ទុក​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​អាច​អន់ឱន​ឲ្យ​បាន​ឡើយ ចំពោះ​ការ​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា ដែល​ហួស​ព្រំដែន​ច្បាប់ ក្នុង​ចេតនា​បង្កចលាចល​សង្គម បង្កើត​អ​ស្ថិរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ