ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ីលីពីន​ត្រៀម​ចាប់​ខ្លួន​លោក​ឌូតឺតេ​ប្រគល់​ឱ្យ​ ICC បើ​មាន​សំណូម​ពរ

1 អាទិត្យ មុន

ទី​ក្រុង​ម៉ានីឡា៖ រដ្ឋាភិបាល​ហ្វ៊ីលីពីន​ថ្លែង​ថា​ខ្លួន​នឹង​អនុវត្ត​ទៅ​តាម​នីតិ​វិធី​របស់​សមត្ថ​កិច្ច​អន្តរ​ជាតិដើម្បី​ប្រគល់​ខ្លួន​លោក​ឌូតឺតេ​ អតីត​ប្រធានា​ធិបតី​ហ្វ៊ីលីពីន​ យក​ទៅ​កាត់​ទោស​នៅ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​បើ​សិន​មាន​សំណូម​ពរ​ និង​បើ​សិន​លោក​ឌូតឺតេ​​​សុខ​ចិត្ត​ប្រគល់​ខ្លួន​ឱ្យ​ចាប់​តាម​សម្រួល​។ សំណុំ​រឿង​នេះ​ពាក់​ព័ន្ធ​នឹង​យុទ្ធ​នា​ការ​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ​ទូទាំង​ប្រទេស​ដែល​ដឹក​នាំ​-​បញ្ជា​ផ្ទាល់​​ដោយ​​លោក​ឌូតឺតេ និង​នាំ​ទៅ​ដល់​ការ​ស្លាប់​មនុស្ស​យ៉ាង​រង្គាល​។ នៅ​​ក្នុង​​សភា​ខង់​ហ្ក្រែស​​ហ្វ៊ីលីពីន​នៅ​ថ្ងៃ​ពុធ​នេះ លោក​ឌូតឺតេ​បាន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​​អំពី​ដំណើរ​ហេតុ​​ដែល​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​នៃ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​។ លោក​ថ្លែង​ថា​លោ​ក​មិន​​ខ្លាច​ញញើត​នឹង​ឡើង​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​​ទេ​។…

ទី​ក្រុង​ម៉ានីឡា៖ រដ្ឋាភិបាល​ហ្វ៊ីលីពីន​ថ្លែង​ថា​ខ្លួន​នឹង​អនុវត្ត​ទៅ​តាម​នីតិ​វិធី​របស់​សមត្ថ​កិច្ច​អន្តរ​ជាតិដើម្បី​ប្រគល់​ខ្លួន​លោក​ឌូតឺតេ​ អតីត​ប្រធានា​ធិបតី​ហ្វ៊ីលីពីន​ យក​ទៅ​កាត់​ទោស​នៅ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​បើ​សិន​មាន​សំណូម​ពរ​ និង​បើ​សិន​លោក​ឌូតឺតេ​​​សុខ​ចិត្ត​ប្រគល់​ខ្លួន​ឱ្យ​ចាប់​តាម​សម្រួល​។ សំណុំ​រឿង​នេះ​ពាក់​ព័ន្ធ​នឹង​យុទ្ធ​នា​ការ​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ​ទូទាំង​ប្រទេស​ដែល​ដឹក​នាំ​-​បញ្ជា​ផ្ទាល់​​ដោយ​​លោក​ឌូតឺតេ និង​នាំ​ទៅ​ដល់​ការ​ស្លាប់​មនុស្ស​យ៉ាង​រង្គាល​។

នៅ​​ក្នុង​​សភា​ខង់​ហ្ក្រែស​​ហ្វ៊ីលីពីន​នៅ​ថ្ងៃ​ពុធ​នេះ លោក​ឌូតឺតេ​បាន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​​អំពី​ដំណើរ​ហេតុ​​ដែល​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​នៃ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​។ លោក​ថ្លែង​ថា​លោ​ក​មិន​​ខ្លាច​ញញើត​នឹង​ឡើង​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​​ទេ​។ លោក​ថែម​ទាំង​ជំរុញ​ឱ្យ​តុលាការ​នេះ​ពន្លឿន​នីតិ​វិធី​ស៊ើប​អង្កេត​ឱ្យ​បាន​ឆាប់​ដើម្បី​ចង់​ដឹង​ថា​តើ​លោក​មាន​ទោស​កំហុស​អ្វី​។

លោក​ឌូតឺតេ​ថ្លែង​បែប​នេះ​តែ​ប៉ុន្មាន​ម៉ោង​​​ប៉ុណ្ណោះ ខុទ្ទ​កាល័យ​ប្រធានា​ធិបតី​ហ្វ៊ីលីពីន​ក៏​ចេញ​សេចក្ដី​ប្រកាស​​មួយ​ដើម្បី​​បញ្ជាក់​ថា​ខ្លួន​នឹង​ពិចារណា​ប្រគល់​លោ​កឌូតឺតេ​ទៅ​ឱ្យ​នគរ​បាល​អន្តរ​ជាតិ ​អាំង​ទែ​ប៉ូល (interpol) បើ​សិន​មាន​សំណូម​ពរ​។ រដ្ឋាភិបាល​នឹង​គោរព​ទៅ​តាម​ការ​ចេញ​និវេទន៍​​ក្រហម​ដើម្បី​ចាប់​ខ្លួន​លោក​ឌូតឺតេ​។ សមត្ថ​កិច្ច​ហ្វ៊ីលីពីន​រង់​ចាំ​សហ​ការ​យ៉ាង​ពេញ​ទំហឹង​នៅ​ក្នុង​រឿង​នេះ​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​នាយក​ខុទ្ទ​កាល័យ​របស់​លោ​កម៉ាកូស​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។​

សេចក្ដី​ប្រកាស​នេះ​ជា​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​មែន​ទែន​ព្រោះ​ជា​លើក​ដំបូង​ដែល​រដ្ឋា​ភិបាល​បង្ហាញ​ជំហរ​ជា​ផ្លូវ​ការ​ថា​​នឹង​សហ​ការ​ជា​មួយ​តុលាការ​ព្រហ្ម​ទណ្ឌ​​អន្តរ​ជាតិ​។ ​លោក​ឌូតឺតេសម្រេច​ចិត្ត​ដក​ខ្លួន​ថយ​ពី​ ICC ​កាល​ពី​ឆ្នាំ​២០១៩​​នៅ​ពេល​តុ​លាការ​នេះ​ចាប់​ផ្ដើម​​​ស៊ើប​អង្កេតករណី​បាញ់​ស្លាប់​ជន​សង្ស័យ​ដែល​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​។ តុលាការ​សង្ស័យ​ថា​អាច​មា​ន​ការ​​បាញ់​សម្លាប់​​ខុស​ច្បាប់​ក្រោម​ហេតុ​ផល​បង្ក្រាប​គ្រឿង​ញៀន​។​ ​​ដូច្នេះ​​អាច​ចាត់​ចូល​ជា​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​​មនុស្ស​ជាតិ​។​​

នៅ​ក្នុង​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​នេះ ខុទ្ទកាល័យ​ប្រធានា​ធិបតី​ហ្វ៊ីលីពីន​ថ្លែង​ថា​ខ្លួន​​មិន​រា​រាំង​ការ​ចាប់​ខ្លួន​លោក​ឌូតឺតេ​ដើម្បី​យក​ទៅ​កាត់​ទោស​នៅ​ទី​ក្រុង​ឡាអេទេ​​។ សំខាន់​​ឱ្យ​តែ​លោក​ឌូតឺតេ​​យល់​ព្រម​ប្រគល់​ខ្លួន​តាម​សម្រួល​។ តាម​ពិត​ ការ​ប្រកាស​របស់​រដ្ឋាភិបាល​លោក​ម៉ាកូស​​​មាន​រឿង​នយោបាយ​ឡូក​ឡំនៅ​ក្នុង​នោះ​។ ពោល​គឺ​​ជា​សញ្ញា​បែក​បាក់​កាន់​តែ​ខ្លាំង​រវាង​លោក​ម៉ាកូ​ស និង​​លោក​ឌូតឺតេ​ដែល​មាន​កូន​ស្រី​របស់​គាត់​ធ្លាប់​​កាន់​តំណែង​ជា​អនុ​ប្រធានា​ធិបតី​ ហើយ​បាន​លាឈប់​កាល​ពី​ខែ​មិថុនា​​។

លោក​ឌូតឺតេ​មាន​គោល​នយោបាយ​​ងាក​ទៅ​ខាង​ប្រទេស​ចិន​ ខណៈ​ដែល​​លោ​កម៉ាកូស​​មាន​​​នយោ​បាយ​ក្ដៅ​ចំពោះ​​​ចិន និង​​​ចង់​ងាក​ទៅ​ខាង​អាមេរិក​។ មែន​ទែន​ទៅ​ ​លោក​ម៉ាកូស​អាច​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច​ក៏​​​​ដោយ​សារ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​លោក​ឌូតឺតេ​មួយ​ផ្នែក​ដែរ​​។ មុន​ការ​បោះ​ឆ្នោត​ គណ​បក្ស​របស់​លោក​ឌូតឺតេ​បែក​បាក់​គ្នា​ជា​២​។ ម្ខាង​​ទៀត​ចេញ​ទៅ​បង្កើត​បក្ស​​ថ្មី​។ ​លោក​ឌូតឺតេយល់​​ថា​មិន​ចាំ​បាច់​ឱ្យ​កូន​ស្រី​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិប​តី​ទេ​នាំ​ឱ្យ​បែក​សន្លឹក​ឆ្នោត​។

លោក​​​ឱ្យ​កូន​ស្រី​ឈរ​ជា​បេក្ខជន​អនុ​ប្រធានា​ធិបតី និង​អំពាវ​នាវ​ឱ្យ​អ្នក​គាំទ្រ​គាត់​បោះ​ឆ្នោត​ឱ្យ​លោក​ម៉ាកូស​។ នៅ​ពេល​ចាប់​ដៃ​គ្នា​​​ដំបូង​ៗ​មិន​មាន​បញ្ហា​អ្វី​ទេ​។ រដ្ឋាភិបាល​របស់​លោក​ម៉ាកូស​ក៏​​ជួយ​ការ​ពារ​លោក​ឌូតឺតេ​នៅ​ក្នុង​សំណុំ​រឿង​បង្ក្រាប​គ្រឿង​ញៀន​នោះ​ផង​ដែរ​។​ ប៉ុន្តែ​នៅ​ពេល​បែក​បក្ស​សម្ព័ន្ធ​ភាព​នយបាយ​គ្នា​កាន់​តែ​ខ្លាំង​ លោក​ម៉ាកូស​ក៏​ចាប់​ផ្ដើម​ដក​ខ្លួន​ចេញ​ពី​លោក​ឌូតឺតេ​កាន់​តែឆ្ងាយ​​​រហូត​ដល់​ថ្នាក់​ចេញ​សេចក្ដី​ប្រកាស​បើក​ដៃ​​ឱ្យ​អាំង​ទែ​ប៉ូល​ចាប់​ខ្លួន​លោ​កឌូតឺតេ​ថែម​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ