ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាតូ​ពិភាក្សា​ជា​មួយ​លោក​ត្រាំ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ប្រឈម​សន្តិ​សុខ​ជាតិ

16 ម៉ោង មុន

ទី​ក្រុង​ប្រ៊ុច​សែល​៖ ថ្មី​ៗ​នេះ​ មាន​កិច្ច​ពិភាក្សា​ពិសេស​រវាងអគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ ​ជា​មួយ​លោក​ត្រាំ​​​ស្ដី​ពី​​​សន្តិ​សុខ​​ពិភព​លោក​​​ដែល​​​​ក្រុម​បស្ចិម​​ប្រទេស​កំពុង​​ជួប​ប្រទះ​​​។ កិច្ច​ជំនួប​នោះធ្វើ​ឡើង​នៅ​រមណីយដ្ឋាន​ផាម​ប៊ីច (Palm Beach) កាល​ពី​ថ្ងៃ​សុក្រ​។ នេះ​បើ​​តាម​​​ការ​បង្ហើប​ឱ្យ​ដឹង​ពី​​លោក​ស្រី​ហ្វារ៉ា ដាក់​ក្លា​ឡា…

ទី​ក្រុង​ប្រ៊ុច​សែល​៖ ថ្មី​ៗ​នេះ​ មាន​កិច្ច​ពិភាក្សា​ពិសេស​រវាងអគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ ​ជា​មួយ​លោក​ត្រាំ​​​ស្ដី​ពី​​​សន្តិ​សុខ​​ពិភព​លោក​​​ដែល​​​​ក្រុម​បស្ចិម​​ប្រទេស​កំពុង​​ជួប​ប្រទះ​​​។ កិច្ច​ជំនួប​នោះធ្វើ​ឡើង​នៅ​រមណីយដ្ឋាន​ផាម​ប៊ីច (Palm Beach) កាល​ពី​ថ្ងៃ​សុក្រ​។ នេះ​បើ​​តាម​​​ការ​បង្ហើប​ឱ្យ​ដឹង​ពី​​លោក​ស្រី​ហ្វារ៉ា ដាក់​ក្លា​ឡា ​(Farah Dakhlallah)​ ដែល​​ជា​​អ្នក​នាំ​ពាក្យ​អង្គ​ការ​ណាតូ​។

​កាល​ពី​អាណត្តិ​មុន,​ លោក​ត្រាំ​ធ្លាប់​​បាន​បង្ខំ​ឱ្យ​​រដ្ឋជា​សមាជិក​អង្គ​ការ​ណាតូ​​​ចូល​រួម​វិភាគ​ទាន​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ទៅ​ក្នុង​ខ្ទង់​ថវិកា​របស់​អង្គ​ការ​ណាតូ​ដើម្បី​អ្វី​ដែល​លោកហៅ​​ថា​ជា​​ការ​បង់​ថ្លៃ​​ការ​ពារ​។ លោក​ធ្លាប់​ព្រលយ​ពាក្យ​នៅ​ចំពោះ​មុខ​ប្រធាន​គណៈ​កម្ម​​ការ​អឺរ៉ុប​ថា​លោក​សុខ​ចិត្ត​ឈរ​ឱប​ដៃ​មើល​ប្រទេស​ដទៃ​វាយ​ប្រហារ​អឺរ៉ុប​បើ​អឺរ៉ុប​មិន​ព្រម​បង់​ថ្លៃ​ការ​ពារ​​។

ម៉្យាង​ទៀត​​លោ​កហាក់​ដូច​ជា​កិច​កុក​ចង់​ដោះ​ដៃ​ចេញ​ពី​ណាតូ​។ លោក​ធ្លាប់​បាន​​លើក​ទឡ្ហីករណ៍​ថា​អង្គ​ការ​ណាតូ​ជា​ស្ថាប័ន​ចាស់​ហួស​សម័យ​។​ ​ដោយ​សារ​ហេតុ​ផល​ទាំង​នេះ ​អឺរ៉ុប​ចង់​ដោះ​ស្រាយ​បញ្ហា​ខ្វែង​គំនិត​គ្នា​​។ អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ ​លោក​ម៉ាក់​រ៉ាត់​​ថ្លែង​ថា​តាម​ពិត លោក​ចង់​ជួប​​​លោក​ត្រាំ​តាំង​ពី​២​ថ្ងៃ​ក្រោយ​ពេល​លោក​ជាប់​ឆ្នោត​នៅ​អាណត្តិ​ថ្មី​ដើម្បី​ពិភាក្សា​អំពី​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​ៗ​ចំពោះ​សន្តិ​សុខ​ពិភព​លោក​នៅ​ពេល​​ពី​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​ខិត​ជិត​គ្នា​កាន់​តែ​ខ្លាំង​។​

ដំណឹង​ស្ដី​ពី​ការ​ឈ្នះ​ឆ្នោត​របស់​លោក​ត្រាំ​នៅ​អាណត្តិ​ថ្មី​នោះ​ជា​សញ្ញា​គួរ​ឱ្យ​ព្រួយ​បារម្ភ​​​សម្រាប់​សហ​ភាព​អឺរ៉ុប​។ ជា​ពិសេស ពួក​គេ​បារម្ភ​ថា​លោ​កត្រាំ​អាច​នឹង​កាត់​បន្ថយ​ជំនួយ​យោធា​សម្រាប់​អ៊ុយក្រែន​។ បើ​ដូច្នេះមែន​​ វា​អាច​​នឹង​​ធ្វើ​ចុះ​ខ្សោយ​ចំពោះ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នៅ​ក្នុង​សង្គ្រាម​។ បើ​សិន​អឺរ៉ុប​ត្រូវ​រ៉ាប់​រង​នៅ​ក្នុង​រឿង​នេះ​តែ​ម្នាក់​ឯង​ពិត​ជា​មិន​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ​។​​

រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​ថ្លែង​ថា​ការ​បន្ត​ឧបត្ថម្ភ​-​គាំទ្រ​ចំពោះ​​អ៊ុយ​ក្រែន​ដើម្បី​ឱ្យ​អ៊ុយ​ក្រែន​មាន​ដង្ហើម​ដក​នៅ​ក្នុង​ការ​ទប់​ទល់​នឹង​រុស្ស៊ី​ជា​ចំណុច​គន្លឹះ​ដ៏​សំខាន់​ណាស់​ទាំង​សម្រាប់ទ្វីប​អឺរ៉ុប និង​អា​មេ​រិក​នៅ​ក្នុង​វិស័យ​សន្តិ​សុខ​ជាតិ និង​ការ​ពា​រ​ជាតិ​។​ នៅ​ឯ​កិច្ច​ប្រជុំ​ជា​មួយ​ថ្នាក់​ដឹក​នាំ​អឺរ៉ុប​នៅ​ទី​ក្រុង​ប៊ុ​យ​ដាប៉ែស (Budapest) ប្រទេស​ហុង​គ្រី លោក​ម៉ាក​រ៉ាត់​ថ្លែង​ថា​អ្វី​ដែលយើង​​សម្លឹង​ឃើញ​កាន់​តែ​ច្បាស់​នោះ​គឺ​ថា​កូរ៉េ​ខាង​ជើង​, អ៊ីរ៉ង់, ចិន​ និង​រុស្ស៊ី​កំពុង​រួប​រួម​កម្លាំង​គ្នា​ដើម្បី​ធ្វើ​អ្វី​ៗ​ប្រឆាំង​នឹង​អ៊ុយ​ក្រែន​។

ទន្ទឹ​ម​នឹង​នោះ រុស្ស៊ី​ត្រូវ​តែ​រ៉ាប់​រង​ថ្លៃ​ចំណាយ​ទៅ​លើ​ប្រទេស​ទាំង​នោះ​ដើម្បី​ឱ្យ​ពួក​គេ​ទទួល​បាន​ផង​ប្រយោជន៍​ (ពី​រុស្ស៊ី)​។ អត្ថ​ប្រយោជន៍​មួយ​ដែល​រុស្ស៊ីអាច​ផ្ដល់​ជូន​គឺ​ការ​ចែក​រំលែក​បច្ចេកវិទ្យា​ (យោធា) ទៅ​ឱ្យ​កូរ៉េ​ខាង​ជើង​។ លោក​ម៉ាក​រ៉ាត់​ចង់​រំលេច​ឱ្យ​ឃើញ​ត្រង់​ចំណុច​នេះ​ថា​​ទង្វើ​របស់​កូរ៉េ​ខាង​ជើង​បង្ក​ការ​​គំរាម​កំហែង​ចំពោះ​សន្តិ​សុខ​ជាតិ​របស់​អាមេរិក​ និង​អឺរ៉ុប​។​ ដូច្នេះ ​លោក​​ចង់​​​​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​ជា​មួយ​​លោក​ត្រាំ​ដើម្បី​ពិនិត្យ​មើល​ថា​តើ​ត្រូវ​រួម​គ្នា​​ដោះ​ស្រាយ​បញ្ហា​គំរាម​កំហែង​នេះ​​ដោយ​វិធី​ណា​​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ