ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ ​ប្រជុំ​ពង្រឹង​ផែនការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​ជុំរុញ​សកម្មភាព​តុបតែង​កែ​លម្អ​ ​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំ​ទុក​ នា​ពេល​ឆាប់​ៗ​នេះ

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ នៅ​សល់​រយះ​ពេល​តែ​៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រះរាជ​ពិធីបុណ្យ​អុំ​ទុក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​២០២៤ ​នឹង​ចាប់ផ្តើម​តាម​ប្រពៃណី​ទំនៀមទំលាប់​ជាតិ នៅ​មុខ​ព្រះ​បរមរាជវាំង ​តាម​ដង​ទន្លេសាប…

រាជធានី​ភ្នំពេញ ​៖ នៅ​សល់​រយះ​ពេល​តែ​៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រះរាជ​ពិធីបុណ្យ​អុំ​ទុក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​២០២៤ ​នឹង​ចាប់ផ្តើម​តាម​ប្រពៃណី​ទំនៀមទំលាប់​ជាតិ នៅ​មុខ​ព្រះ​បរមរាជវាំង ​តាម​ដង​ទន្លេសាប ​ចាប់ពី​ថ្ងៃ​ទី​១៤ ​ដល់​១៦ ​វិច្ឆិកា ​ខាង​មុខ​នេះ​ ។

ក្នុង​នាម​ជា​ម្ចាស់ផ្ទះ រដ្ឋបាល​រាជធានី​ភ្នំពេញ ​កំពុង​មមាញឹក​លើ​ការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ របៀប​រយ​សាធារណៈ ក៏​ដូច​កែ​លំអរ​សោភ័ណ​ភាព​ទីក្រុង ពិសេស​នៅ​ជុំវិញ​តំបន់​ប្រារ​ព្វ​ពិធី​ដោយ​ធានា​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក ​ខាង​មុខ​ដ៏​ខ្លី​នេះ​ ដំណើរការ​ទៅ​ដោយ​រលូន ប្រកបដោយ​សន្តិសុខ​ល្អ និង​មាន​ភាព​ស្រស់​ស្អាត ​។

ក្នុង​អង្គប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀមលក្ខណៈ រៀបចំ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០៨ ​ខែវិច្ឆិកា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ត្រូវ​គិតគូ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ទាំង​ការ​គ្រប់គ្រង​កម្លាំង ការងារ​សង្គ្រោះ​បន្ទាន់ បង្កើត​ទីបញ្ជាការ​ស្រាល​ ក្នុង​កិច្ច​ប្រតិបត្តិ​ការណ៍ ការពារ​សន្តិសុខ សុវត្ថិភាព ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អ៊ុ​ទូក ទប់ស្កាត់​ការ​លំហូរ​ចរាចរណ៍ ចំពោះ​រថយន្ត​មួយ​ចំនួន​ចូល​មក​ក្នុង​រាជធានី ទប់ស្កាត់ ជន​អាណា​ថា ចោរ​លូក ហោប៉ៅ​ជាដើម ​និង​ការ​បង្ការ​ទប់ស្កាត់​ហានិភ័យ ​នៃ​គ្រោះ​អគ្គិភ័យ​ និង​ការ​គិតគូ​ពី​អនាម័យ​បរិស្ថាន ​។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ព្រះរាជ​ពិធីបុណ្យ​អ៊ុ​ទូក​ឆ្នាំ​នេះ ទាំង​ខាងក្នុង និង​ក្រៅ​ព្រះរាជ​ពិធី កម្លាំង​ទាំងអស់​ត្រូវ​តែ​ធានា​ឱ្យ​បាន សន្តិសុខ សុវត្ថិភាព​១០០% ជូន​ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ជាតិ​ និង​ប្រជាពលរដ្ឋ ដែល​ចូល​មក​ដើរ​លែង​កម្សាន្ត ខ​ណៈនៅ​ព្រឹក​ថ្ងៃ​ទី​១៤​ខែវិច្ឆិកា លោក​អភិបាល​រាជធានី និង​ចុះ​ទៅ​ពិនិត្យ​ទីតាំងទីបញ្ជាការ​ស្រាល ដើម្បី​ពង្រឹងកម្លាំង​ឱ្យ​បាន​ខ្លាំងក្លា​ ។

លោក ឃួ​ង ស្រេង លើក​ឡើង​ទៀត​ថា ទាំង​កងកម្លាំង​ និង​សម្ភារៈ​ផ្សេង​ៗ បើ​ខ្វះខាត​ត្រូវ​រាយការណ៍​ភ្លាម ដើម្បី​រកបាន​ដោះស្រាយ​ទាន់សភាពការណ៍ ធ្វើ​យ៉ាងណា​ឱ្យ​ព្រះរាជ​ពិធីបុណ្យ​អ៊ុ​ទូក​ឆ្នាំ​នេះ ដំណើរការ​ទៅ​ដោយ​រលូន​ និង​ទទួល​បាន​ជោគជ័យ​ ។

ដើម្បី​ឱ្យ​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​នេះ ​ប្រព្រឹត្ត​ទៅ​បាន​រលូន គ្មាន​ការ​រារាំង​ដល់​ដំណើរការ​អង្គពិធី និង​ធានា បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល រាជធានី​ភ្នំពេញ បាន​បង្កើត​ជា​អនុ​គណៈកម្មការ​ជា​ច្រើន​ផង​ដែរ ដែល​មាន​ដូច​ជា​ ៖ អនុ​គណៈកម្មការ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ សង្គ្រោះ​ទូក​លិច និង​សង្គ្រោះ​បន្ទាន់ អនុ​គណៈកម្មការ​គ្រប់គ្រង​ទូក ទីលាន​ប្រណាំងទូក និង​ទីកន្លែង​ស្នាក់​នៅ​របស់​កីឡាករ​-​កីឡាការិនី អនុ​គណៈកម្មការ​ផ្គត់ផ្គង់​ភស្តុ​ភារ និង​ហិរញ្ញវត្ថុ អនុ​គណៈកម្មការ​រៀបចំ​វេទិកា តុបតែង​លម្អ​សោភណភាព និង​ការងារ​បរិស្ថាន​-​អនាម័យ អនុ​គណៈកម្មការ​រៀបចំ​ប្រទីប ផ្សព្វផ្សាយ​ព័ត៌មាន សិល្បៈ និង​បដិសណ្ឋារកិច្ច​។ ក្នុង​នោះ​រឿង​កំប្លោក​នៅ​ទន្លេសាប ខាង​អាជ្ញាធរ​ខណ្ឌ​ប្ញ​ស្សី​កែវ និង​ខណ្ឌ​ជ្រោយចង្វារ រួម​សហការ​ជាមួយ​សាលា​រាជធានី ទប់ស្កាត់​កុំឱ្យ​អណ្ដែត​មក​ដល់​មុខ​ព្រះ​បរមរាជវាំង​ពេល​អុំទូក ចាំ​ម៉ោង​១១​យប់​ចប់​ពិធី​បណ្ដែតប្រទីប​អស់​សិន​ចាំ​ប្រលែង​ឱ្យមក​។

គួរ​បញ្ជាក់​ថា ​៖ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ នឹង​ប្រព្រឹត្ត​ទៅ​ចំនួន ០៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ មា​នទី​តាំងនៅ​តាម​ដង​ទន្លេសាប ចាប់ពី​ស្ពាន​ជ្រោយចង្វារ ដល់​កោះ​ពេជ្រ ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​ដែរ មាន​ទូក​ចូលរួម​ប្រណាំង ចំនួន​៣៤៦​គ្រឿងក្នុង​នោះ​មាន​ទូក​អុំ ចំនួន ១៧០​គ្រឿង ទូក​ចែវ​ចំនួន ៤៥​គ្រឿង (​ទូក​ចែវ​នារី ០១​គ្រឿង​) ទូក​ខ្នាត​អន្តរជាតិ ចំនួន ១៣១​គ្រឿង (​ទូក​ខ្នាត​អន្តរជាតិ​នារី ០៣​គ្រឿង​)​។​ចំណុះ​ទូក ចំនួន ២១,៩៤៦​នាក់ ចំណុះ​បុរស​ចំនួន ១៧,៤៦៩​នាក់ (​បម្រុង ៤,២៦៩​នាក់​) ចំណុះ​នារី​ចំនួន ១០៦​នាក់ (​បម្រុង ១០២​នាក់​)​។​ចំណែក​ទីតាំង​ស្នាក់​នៅ​របស់​កី​គ​ឡាករ​អុំទូក មាន​០២​ទីតាំង ៖ ទី​១ ទីតាំង​ដី​វាល​ទល់មុខ​រង្វង់​មូល​នាង​មច្ឆា (OCIC ជ្រោយចង្វារ​) និង​ទី​២ ទីតាំង​អតីត​ស្ថានីយប្រេងឥន្ធនៈ​សូ​គី​មិច គីឡូម៉ែត្រ​លេខ​៦ (​ឫស្សី​កែវ​)​។ ចំពោះ​ប្រទីប​ដែល​នឹង​ត្រូវ​បណ្តែត​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ ចំនួន ៣៥​ប្រទីប ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ