ខេត្តកំពង់ស្ពឺ ៖ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកសំរោងទងសហការជាមួយកម្លាំងប៉ុស្ដិ៍រលាំងចកធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៤នាក់ បក្ខពួកគេម្នាក់ទៀតបានរត់គេច ពាក់ព័ន្ធករណីលួចសម្ភារៈ និងលួចខ្សែភ្លើងក្នុងរោងចក្រ ។
ការឃាត់ខ្លួនក្រុមជនសង្ស័យបានធ្វើឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលពីលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារង និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសំរោងទងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរលាំងចក ។
នគរបាលបានឱ្យដឹងថា កម្លាំងបានឃាត់ខ្លួនមនុស្សចំនួន០៤នាក់ មកសាកសួរពាក់ព័ន្ធករណីលួចសម្ភារៈ និងលួចខ្សែភ្លើងមានឈ្មោះដូចខាងក្រោមទី០១-ឈ្មោះ ឌិន ចន្តា ហៅ វណ្ណដា ភេទប្រុស អាយុ២៩ឆ្នាំ (ម្ចាស់ផ្ទះ) ទី០២-ឈ្មោះ មាស ចិន ភេទប្រុស អាយុ២៩ឆ្នាំទី០៣-ឈ្មោះ ណាវ ម៉េងលី ភេទប្រុស អាយុ២០ឆ្នាំ ទាំង៣នាក់ខាងលើ រស់នៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី០៤-ឈ្មោះ ប៊ុត រដ្ឋា ហៅ ស្កុបពីរ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
នគរបាលបានបន្តទៀតថា ក្រោយឃាត់ដកហូតវត្ថុតាងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀ.នខ្សែភ្លើងមួយចំនួន ម៉ូទ័រកាត់ដែក១គ្រឿង និងម៉ូតូ១គ្រឿងម៉ាកប៊ិត (BEAT) ពណ៌ក្រហមសរ ពាក់ផ្លាកលេខកំពង់ស្ពឺ 1Q-8096 ។ រីឯបក្ខពួកម្នាក់ទៀត ដែលមានឈ្មោះ យឹម ស ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនោះបានគេចខ្លួនបាត់ នគរបាលកំពុងតែតាមចាប់ខ្លួនហើយ ។
ចំពោះខ្សែភ្លើង និងម៉ូទ័រខាងលើក្រុមខាងលើបានលួចនៅចំណុចរោងចក្រផលិតកាបូប ស្ថិតនៅភូមិថ្មី ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយវត្ថុតាងខាងលើ នគរបាលជំនាញបានកសាងសំណុំ រឿងដើម្បីចាត់បន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ