ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ គឺជាផ្កាយសំណាងរបស់លោក អេឡុន ម៉ាសក៍ ?

4 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ (Donald Trump) ក្លាយជាម្ចាស់សេតវិមានសាជាថ្មី ក៏អាចបង្ហាញថាគឺជាការឈ្នះសម្រាប់អ្នកគាំទ្រស្មោះស័្មគ្ររបស់លោក ហើយគ្រប់គ្នាអាចមើលឃើញពិសេសបំផុតគឺមហាសេដ្ឋីអាមេរិក…

សហរដ្ឋអាមេរិក ៖ ការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ (Donald Trump) ក្លាយជាម្ចាស់សេតវិមានសាជាថ្មី ក៏អាចបង្ហាញថាគឺជាការឈ្នះសម្រាប់អ្នកគាំទ្រស្មោះស័្មគ្ររបស់លោក ហើយគ្រប់គ្នាអាចមើលឃើញពិសេសបំផុតគឺមហាសេដ្ឋីអាមេរិក លោក អេឡុន ម៉ាសក៍ (Elon Musk) ដែលចាយប្រាក់រាប់រយលានដុល្លារលើការឃោសនាកន្លងមក។

អេឡុន ម៉ាសក៍ បុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក បានចំណាយពេលពេលពេញមួយយប់នៃថ្ងៃបោះឆ្នោត នៅរដ្ឋផ្លរីដាជាមួយនឹងលោក ត្រាំ នៅឯទីតាំងប្រវត្តិសាស្ត្រ Mar-a-Lago ក្រោយការឈ្នះលោកស្រី កាម៉ាឡា ហារីស (Kamala Harris)។ លោក អេឡុន ម៉ាសក៍ បានសរសេរលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «ប្រជាជនអាមេរិកបានផ្តល់ឱ្យលោក ដូណាល់ ត្រាំ នូវអាណត្តិដ៏ច្បាស់លាស់មួយសម្រាប់ការផ្លាស់ប្តូរនៅយប់នេះ។

ជាមួយគ្នានោះផងដែរ នៅក្នុងសុន្ទរកថាជ័យជំនះរបស់លោក ត្រាំនៅមជ្ឈមណ្ឌលសន្និបាត Palm Beach ប្រធានាធិបតីអាមេរិកទី៤៧រូបនេះ បានចំណាយពេលជាច្រើននាទីសរសើរលោក អេឡុន ម៉ាសក៍ និងរំលឹកឡើងវិញពីការចុះចតដោយជោគជ័យនៃទម្រគ្រាប់រ៉ុក្កែតផលិតដោយក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ។

អេឡុន ម៉ាសក៍ បានបង្ហាញការគាំទ្រដ៏ខ្លាំងក្លារបស់ខ្លួន ចំពោះគណបក្សសាធារណរដ្ឋភ្លាមៗបន្ទាប់ពីការប៉ុនប៉ងធ្វើឃាតលើលោក Trump កាលពីខែកក្កដា។ ក្នុងនាមជាអ្នកគាំទ្រដ៏សំខាន់បំផុតរបស់ប្រធានាធិបតីជាប់ឆ្នោត មហាសេដ្ឋីបច្ចេកវិទ្យាវ័យ៥៣ឆ្នាំរូបនេះបានបរិច្ចាគប្រាក់ច្រើនជាង១១៩លានដុល្លារដល់មូលនិធិ Super PAC ជួយជម្រុញសកម្មភាពប្រកួតប្រជែងការបោះឆ្នោតលោក ត្រាំ។ ហើយថែមទាំងបានចំណាយពេលប៉ុន្មានសប្តាហ៍ចុងក្រោយមុនថ្ងៃបោះឆ្នោត ដើម្បីចូលរួមឃោសនានៅរដ្ឋគន្លឹះ ដែលរួមមានការផ្តល់ជូនប្រចាំថ្ងៃចំនួន ១លានដុល្លារដល់អ្នកបោះឆ្នោតក្នុងរដ្ឋទាំងនោះ ខណៈការលះបង់ដ៏ធំធេងពិតជាទទួលបានផ្លែផ្កាប្រាកដមែន។

លោក ត្រាំ ប្រធានាធិបតីជាប់ឆ្នោតបានថ្លែងថា នៅអាណត្តិទី២នេះ លោកនឹងអញ្ជើញលោក អេឡុន ម៉ាសក៍ ចូលរួមក្នុងរដ្ឋបាលគ្រប់គ្រងរបស់លោក។ មហាសេដ្ឋីរូបនេះក៏អាចទទួលបានអត្ថប្រយោជន៍ពីតំណែងជាប្រធានាធិបតីរបស់លោក ត្រាំ ជាពិសេសក្រុមហ៊ុន SpaceX ដែលគ្រប់គ្រងអាជីវកម្មនៃការបញ្ជូនផ្កាយរណបរដ្ឋាភិបាលទៅកាន់ទីអវកាស។ ហើយជាមួយសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធក្នុងសេតវិមាន អេឡុន ម៉ាសក៍ អាចស្វែងរកទុនបន្ថែមលើទំនាក់ទំនងជាមួយរដ្ឋាភិបាលទាំងនោះ។

លើសពីនេះទៀត ក្រុមហ៊ុន SpaceX ក៏បានផ្លាស់ប្តូរទៅក្នុងការសាងសង់ផ្កាយរណបចារកម្ម ដូចដែលមន្ទីរបញ្ចកោណ និងភ្នាក់ងារចារកម្មអាមេរិកបានត្រៀមខ្លួនវិនិយោគលើទឹកប្រាក់រាប់ពាន់លានដុល្លារទៅក្នុងគម្រោងនេះ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់លោក អេឡុន ម៉ាសក៍ អាចទទួលបានផលពីរដ្ឋបាលលោក ត្រាំ ដែលធ្លាប់បានអះអាងថានឹងត្រូវបានកំណត់ដោយបន្ទុកនៃបទប្បញ្ញត្តិតិចតួចបំផុត។

ពិសេសជាងនេះទៅទៀត លោក ត្រាំ ក៏បានសន្យាកាត់បន្ថយពន្ធលើសាជីវកម្មក្នុងស្រុក និងបុគ្គលមានទ្រព្យសម្បត្តិច្រើនផងដែរ។ នោះគឺជាការសន្យាដ៏សំខាន់មួយទៀត ដែលលោក អេឡុន ម៉ាសក៍ ទំនងជាសង្ឃឹមថា បង្កើនចំនួនទ្រព្យសម្បត្តិ និងរក្សាតំណែងជាបុគ្គលមានបំផុតនៅលើពិភព លោករបស់ខ្លួន។ ដ្បិតបច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកកើនដល់ ២៨៥.៦ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ