ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណាឈ្នះដូចតែគ្នា! ប្រជាជនចិនមិនសង្ឃឹមថាទំនាក់ទំនងចិន-អាមេរិកនឹងល្អប្រសើរ

3 អាទិត្យ មុន

ប្រទេសចិន ៖ អ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ អាចនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើទំនាក់ទំនងដ៏ចម្រូងចម្រាសរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ទាំងវិជ្ជមាន និងអវិជ្ជមាន។ ប៉ុន្តែសម្រាប់ប្រទេសចិន ពិសេសក្រសែភ្នែកសាធារណៈជនចិននៅតែមិនសង្ឃឹមថា…

ប្រទេសចិន ៖ អ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ អាចនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើទំនាក់ទំនងដ៏ចម្រូងចម្រាសរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ទាំងវិជ្ជមាន និងអវិជ្ជមាន។ ប៉ុន្តែសម្រាប់ប្រទេសចិន ពិសេសក្រសែភ្នែកសាធារណៈជនចិននៅតែមិនសង្ឃឹមថា ទំនាក់ទំនងដ៏តានតឹងរវាងចិន-អាមេរិក នឹងល្អប្រសើរនោះទេ ទោះបីជាលទ្ធផលការបោះឆ្នោតអាមេរិកបង្ហាញលទ្ធផលបែបណាក៏ដោយ។

លោក Li Shuo រស់នៅទីក្រុងប៉េកាំងបានប្រាប់ភ្នាក់ងារសាររបស់ព័ត៌មានអាមេរិក CNN ថា «សម្រាប់ពួកយើងជាប្រជាជនចិនធម្មតា អ្នកណាក្លាយជាប្រធានាធិបតីអាមេរិកមិនថា បេក្ខជន A ឬ បេក្ខជន B នោះទេ គឺដូចគ្នាតែទាំងអស់»។

ការយល់ឃើញក្នុងប្រទេសចិន រាប់ចាប់ពីអ្នកបង្កើតគោលនយោបាយរហូតដល់ពលរដ្ឋធម្មតាបានអះអាងថា រដ្ឋបាលសហរដ្ឋអាមេរិកចង់រារាំងការងើបឡើងរបស់ចិនលើឆាកអន្តរជាតិ និងពិភពលោកទាំងមូល ដោយមិនចាំបាច់ខ្វល់ថា តើអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស ឬអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) ជាអ្នកឈ្នះនោះទេ។

អាណត្តិចុងក្រោយរបស់លោក ត្រាំ គ្រប់គ្នាបានឃើញថា គណបក្សសាធារណរដ្ឋបានយកពន្ធលើទំនិញចិនមានតម្លៃរាប់រយពាន់លានដុល្លារ និងចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ចិន Huawei រួមនឹងកើតចេញពីបញ្ហាភាសារើសអើងជាតិសាសន៍លើចិន ដើម្បីពណ៌នាអំពីប្រភពនៃជំងឺកូវីដ-១៩ ថែមទៀតផង។

នៅក្នុងរយៈពេល៤ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) គ្រប់គ្នាបានឃើញការបន្ថយសរសៃកខ្លះ ជាមួយកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនាក់ទំនងឱ្យមានស្ថេរភាព។ ប៉ុន្តែក្តីបារម្ភរបស់អាមេរិកអំពីការគំរាមកំហែងរបស់ចិន ចំពោះសន្តិសុខជាតិរបស់ខ្លួនកាន់តែស៊ីជម្រៅ ដោយលោក បៃដិន បានកំណត់គោលដៅលើឧស្សាហកម្មបច្ចេកវិទ្យាចិន ជាមួយការគ្រប់គ្រងលើការវិនិយោគ និងការនាំចេញ ជាពិសេសការដំឡើងពន្ធសម្រាប់ទំនិញចិន បូករួមទាំងភាពតានតឹងកាន់តែខ្លាំងឡើងពាក់ព័ន្ធភូមិសាស្ត្រនយោបាយអំពីបញ្ហាកោះតៃវ៉ាន់ផងដែរ។

ទន្ទឹមនឹងនេះដែរ ប្រជាជនចិនបានឃើញថា ទស្សនវិស័យសេដ្ឋកិច្ចប្រទេសចិនមានភាពស្រពិចស្រពិល ខណៈដែលប្រទេសមហាសេដ្ឋកិច្ចធំទី២របស់ពិភពលោកមួយនេះ បានតស៊ូក្នុងការងើបឡើងវិញពេញលេញ ក្រោយការគ្រប់គ្រងដ៏តឹងរឹងបង្ការជំងឺកូវីដ-១៩ ចំពេលសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង និងវិបត្តិទីផ្សារអចលនទ្រព្យក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត។ ដូច្នេះព័ត៌មានដ៏ច្រើនពីការបោះឆ្នោតអាមេរិក ដែលវាយឡុកខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមចិនអំពីបេក្ខជន និងគោលនយោបាយអាមេរិក លែងជាទីចាប់អារម្មណ៍ខ្លាំង បើធៀបនឹងការបោះឆ្នោតអាមេរិកកន្លងមក។

អ្នកនិយមលេងបណ្តាញសង្គមចិនម្នាក់ បានសរសេរក្នុងការអត្ថាធិប្បាយដ៏ពេញនិយមមួយលើបណ្តាញសង្គមចិន Weibo ថា «សម្រាប់ខ្ញុំវាមិនសំខាន់ថា នរណាជាអ្នកឈ្នះនោះទេ។ ការទប់ស្កាត់ឥទ្ធិពលរបស់ចិននឹងមិនធូរស្រាលឡើយ»។

បណ្តាជនជាតិអាមេរិកដែលរស់នៅចិនដីគោក ក៏បាននិយាយថា ពួកគេតាមដានខ្លាំងបំផុតអំពីការបោះឆ្នោតនៅអាមេរិក ហើយពួកគេភាគច្រើនបានសម្តែងការភ័យខ្លាចថា លោក ត្រាំ នឹងត្រឡប់មកកាន់តំណែងវិញ។ លោក Sian Li ដែលជាគ្រូបង្រៀននៅសាលាអន្តរជាតិមួយក្នុងទីក្រុងប៉េកាំង ដែលបាននិយាយថា លោក និងអ្នកផ្សេងទៀតក៏ សម្តែងការបារម្ភអំពីផលប៉ះពាល់នៃជ័យជម្នះរបស់លោក ត្រាំ ដែលនឹងមានឥទ្ធិពលលើទំនាក់ទំនងរវាងចិន-អាមេរិក ជាពិសេសពាក់ព័ន្ធនឹងការសន្យាថា ប្រកាន់ជំហរតឹងរ៉ឹងជាងមុន តាមរយៈការដំឡើងពន្ធខ្ពស់លើទំនិញចិន។

តាមវិធីជាច្រើន អាមេរិក និងចិនពិតជាមានទំនាក់ទំនងតានតឹងនៅពេលនេះ ហើយលោក Sian Li មិនគិតទេថា ភាពតានតឹងនេះ នឹងធូរស្បើយនាពេលខាងមុខនោះទេ៕ ប្រភព ៖ CNN និង South China Morning Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ