ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត ​៣៩០​នាក់ ត្រូវ​បាន​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ឱកាស​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ឆ្នាំ​នេះ

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ទណ្ឌិត ៦៧១​នាក់ មាន​ទណ្ឌិត ៣៩០​នាក់ ត្រូវ​បាន​បន្ធូរបន្ថយ និង​លើកលែងទោស នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ទណ្ឌិត ៦៧១​នាក់ មាន​ទណ្ឌិត ៣៩០​នាក់ ត្រូវ​បាន​បន្ធូរបន្ថយ និង​លើកលែងទោស នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ ខាង​មុខ​នេះ ។

ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត ដែល​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ក្នុង​ឱកាស​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ ។

កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ដែល​ជា​អនុប្រធាន និង​សមាជិក នៃ​គណៈកម្មការ​ថ្នាក់​ជាតិ និង​មន្ត្រី​ជំនាញ​មួយ​ចំនួន ។

គណៈកម្មការ​ថ្នាក់​ជាតិ បាន​ពិនិត្យ និង​វាយតម្លៃ លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស សរុប​ចំនួន ៦៧១​នាក់ (​ស្រី ៥៩​នាក់​) ក្នុង​នោះ សម្រាប់​ពិធីបុណ្យ​ឯករាជ្យ​ជាតិ មាន​ទណ្ឌិត​ចំនួន ៣៦៣​នាក់ (​ស្រី ២៨​នាក់​) និង​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មាន​ទណ្ឌិត​ចំនួន ៣០៨​នាក់ (​ស្រី ៣១​នាក់​) ដែល​ទទួល​បាន​ពី​ពន្ធនាគារ​រាជធានី ខេត្ត ចំនួន ២២, មណ្ឌល​អប់រំ​កែប្រែ​ចំនួន ៤ និង​មណ្ឌល​យុវ​នីតិសម្បទា ។

ជា​លទ្ធផល នៃ​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់​ជាតិ បាន​ពិនិត្យ និង​វាយតម្លៃ​ឃើញ​ថា ទណ្ឌិត ដែល​មាន​លក្ខណសម្បត្តិ និង​លក្ខខណ្ឌ​គ្រប់គ្រាន់ ដែល​អាច​ទទួល​បានការ​បន្ធូរ​បន្ថយទោស និង​ការ​លើកលែងទោស​មាន​ចំនួន ៣៩០​នាក់ (​ស្រី ៣៥​នាក់​) ក្នុង​នោះ​រួម​មាន ៖ (១)-​ទណ្ឌិត​ចំនួន ៣០៤ នាក់ (​ស្រី ២៤ នាក់​) អាច​ទទួល​ការ​បន្ថយទោស​រយៈពេល ៣​ខែ​, (២)-​ទណ្ឌិត​ចំនួន ៨១ នាក់ (​ស្រី ១១ នាក់​) អាច​ទទួល​ការ​បន្ថយទោស​រយៈពេល ៦​ខែ​, (៣)-​ទណ្ឌិត​ចំនួន ៤ នាក់ អាច​ទទួល​ការ​បន្ថយទោស​រយៈពេល ៩​ខែ និង (៤)-​ទណ្ឌិត​ចំនួន ១ នាក់ អាច​ទទួល​ការ​លើកលែងទោស ។

ដោយឡែក​ចំពោះ​ទណ្ឌិត​ចំនួន ២៨១ នាក់ (​ស្រី ២៤ នាក់​) ផ្សេង​ទៀត ដែល​គណៈកម្មការ​ថ្នាក់​ជាតិ បាន​ពិនិត្យ និង​វាយតម្លៃ​ឃើញ​ថា ពុំ​អាច​ទទួល​ការ​បន្ធូរ​បន្ថយទោស និង​ការ​លើកលែងទោស​បាន គឺ​សុទ្ធតែ​ជា​ទណ្ឌិត ដែល​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ និង​សាហាវឃោរឃៅ ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​, ករណី​ក្មេង​ទំនើង​, ករណី​ឃា​.​ត​កម្ម​, ករណី​ជួញដូរ​មនុស្ស​, ករណី​រំ​លោ​.​ភ​សេ​.​ពស​.​ន្ថ​វៈ​លើ​អ​.​នី​.​តិ​ជន និង​ករណី​ឪពុក ឬ​ជីតា​រំ​លោ​.​ភ​សេ​.​ពស​.​ន្ថ​វៈ​លើ​កូន ឬ​ចៅ​របស់​ខ្លួន ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ