រាជធានីភ្នំពេញ ៖ ដើម្បីលើកកម្ពស់សោភ័ណភាព រាជធានីភ្នំពេញឱ្យកាន់តែស្រស់ស្អាតទាក់ទាញទេសចរណ៍ផងនោះ រយៈពេលកន្លងមកនេះ គេសង្កេតឃើញរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងមមាញឹកធ្វើការជួសជុលតុបតែងកែលម្អវិមានឯករាជ្យ សួនច្បារ សួនកម្សាន្តសម្រាប់កុមារជួសជុលកែលម្អ លាបថ្នាំតាមគល់ឈើ តុបតែងភ្លើងពណ៌តាមដើមឈើ ព្រមទាំងជួសជុលកែលម្អ ហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត នៅតាមសួនច្បារសាធារណៈផ្សេងៗក្នុងគោលបំណងត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ ដែលមកដើរលេងកម្សាន្តលំហែកាយសម្រាប់ព្រះរាជពិធីបុណ្យអុំទូកទូកឆាប់ៗនេះ ។
ជាក់ស្ដែងក្រុមការងារជំនាញមួយផ្នែករបស់រដ្ឋបាលរាជនីភ្នំពេញ បាន និងកំពុងមមាញឹកធ្វើការជួសជុលកែលម្អសួនច្បាររង្វង់មូល និងរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលត្រូវកោសឈូសលាងសម្អាត ប៊ៀកបាញ់ថ្នាំសាជាថ្មីឱ្យមានសោភ័ណភាពស្រស់ស្អាតឡើងវិញ ។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារជំនាញ បានធ្វើការជួសជុលកែលម្អសួនច្បាររង្វង់មូល និងរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត ឱ្យមានសោភ័ណភាពឡើងវិញ ។ លោកបន្តថា ការងារជួសជុលកែលម្អនេះបានចាប់អនុវត្តពីថ្ងៃទី២៧ ខែតុលា ដែលនឹងត្រូវបញ្ចប់រួចរាល់ក្នុងមួយសប្តាហ៍ទៀតនេះ គឺរួចរាល់មុនព្រះរាជពិធីបុណ្យអុំទូកឆាប់ៗនេះ ។
មន្ត្រីជំនាញបានបញ្ជាក់ថា សួនច្បាររង្វង់មូល និងរូបសំណាកសម្តេចព្រះសង្ឃរាជ ជូន ណាតនេះ ក្រុមការងារធ្វើការជួសជុលសម្អាតកម្រាលថ្មបាយគ្រៀមបាតក្រោម ឈួសសម្អាតបង្កាន់ដៃ ប៊ៀកលៀបថ្នាំពណ៌ស្ពាន់ និងពណ៌ទឹកមាសដូចដើមវិញ ។ ចំពោះក្បាច់ជើងទម្រ កាំជណ្តើរ សម្អាតបាញ់ថ្នាំ ចំណែកបាលង្គ័ ឆ័ត្ររួត និងរូបសំណាក ក្រុមការងារលៀងសម្អាត ប៊ៀកកាវបិទស្ពាន់បាញ់ថ្នាំទ្រនាប់ និងបាញ់ថ្នាំពណ៌ស្ពាន់ដូចដើមទាំងអស់ឡើងវិញ។
មន្ត្រីជំនាញដដែលបញ្ជាក់ថា ក្រុមការងារជួសជុលកែលម្អ សួនច្បាររង្វង់មូល និងរូបសំណាកសម្តេចព្រះសង្ឃរាជជួន ណាតនេះ គឺក្រុមជាងដែលមានជំនាញ និងបទពិសោធន៍របស់ក្រុមអ្នកបច្ចេកទេសមកពីសាលារចនារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
គួររំលឹកថា សួនច្បាររង្វង់មូល និងរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាតនេះ បានធ្វើឡើង កាលពីអំឡុងឆ្នាំ២០០៧ បន្ទាប់ពីលើករូបសំណាកយក្សកាច់កចេញ ដដែលរហូតមកដល់ពេលនេះរូបសំណាក មានអាយុកាលជិត២០ឆ្នាំហើយ ហើយកន្លងមករដ្ឋបាលរាជធានីភ្នំពេញក៏មានការជួសជុលលាបថ្នាំជាបន្តបន្ទាប់ផងដែរ ៕
ចែករំលែកព័តមាននេះ