ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចចម្រុះ​ នឹង​ចុះបង្ក្រាប​​សកម្មភាព​ជីក​រ៉ែ​មាស​អាណា​ធិ​ប​តេ​យ្យ ក្នុង​ស្រុក​កែវ​សីមា

20 ម៉ោង មុន

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​នា​រសៀល​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា កម្លាំងសមត្ថកិច្ចចម្រុះ ​រួម​មាន​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត នឹង​ចុះ​ប្រតិបត្តិការ​បោសសម្អាត​សកម្មភាព​ជីក​រ៉ែ​មាស​អាណា​ធិ​ប​តេ​យ្យ…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​នា​រសៀល​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា កម្លាំងសមត្ថកិច្ចចម្រុះ ​រួម​មាន​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត នឹង​ចុះ​ប្រតិបត្តិការ​បោសសម្អាត​សកម្មភាព​ជីក​រ៉ែ​មាស​អាណា​ធិ​ប​តេ​យ្យ នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ក្រោយ​តំបន់​នេះ​ធ្លាប់​ត្រូវ​បាន​ក្រសួង​រ៉ែ និង​ថាមពល បង្ក្រាប​ទ្រង់ទ្រាយ​ធំ កាលពី​អំឡុង ឆ្នាំ​២០១៦-២០១៧ កន្លង​មក ។

យោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី ចុះ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា យោង​តាម​អង្គប្រជុំ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​មេ​សំ ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា មេត្តា​ជ្រាប​ថា ដោយ​រដ្ឋបាល​ខេត្តមណ្ឌលគិរី មានការ​សហការ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្រុមការងារ​ចម្រុះ ចុះ​អនុវត្ត វិធានការ​ច្បាប់​ជា​ធរមាន ដោយ​គ្មាន​ការ​លើកលែង ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​និង​កំពុង​ពាក់ព័ន្ធ​នឹង​ការ​ប្រកប​របរ​ធ្វើ​រ៉ែ​មាស តាម​រូបភាព​ផ្សេង​ៗ​ដូច​ជា ៖ កកាយ ចោះ កាត់​បំផ្លាញ​បេតុង​គំរបរ​ណ្តៅ​រ៉ែ ជីក កិន រ៉ែ​ង ប្រមូល​កាក​សំណល់ និង​រ៉ែ គ្រប់​ប្រភេទ គ្រប់​រូបភាព ។

ដូច្នេះ​សូម​បងប្អូន​បញ្ឈប់​គ្រប់​សកម្មភាព​ជា​ស្ថាពរ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ និង​សូម​បងប្អូន ដែល​មាន​ទីតាំង​ពាក់ព័ន្ធ​ជាមួយ​ករណី​ខាងលើ​នេះ មេត្តា​រុះរើ​ប្រមូល​សម្ភារៈ​ទាំងឡាយ​ណា ដែល​មិន​បម្រើ​ឱ្យ​បទ​ល្មើ​រ៉ែ​មាស ដោយ​ខ្លួនឯង​ផ្ទាល់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ក្នុង​ករណី​មិន​ព្រម​អនុវត្ត ក្រុមការងារ នឹង​យក​ឧបករណ៍ កម្លាំង​ចុះ​រុះរើ សម្អាត ដើម្បី​លុប​បំបាត់​សកម្មភាព​អនាធិបតេយ្យ​រ៉ែ​មាស ដែល​បាន​ប្រើប្រាស់​សារធាតុ​គីមី គ្រឿង​សារធាតុ​ផ្ទុះ បង្ក​គ្រោះថ្នាក់​ដល់​សុខភាព មនុស្ស សត្វ និង​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ នៅ​ក្នុង​ទីតាំង​ទាំងនេះ ។

ក្នុង​លិខិត​ដដែល ក៏​បាន​បញ្ជាក់​ថា ក្រុមការងារ​មិន​អនុគ្រោះ មិន​លើកលែង ចំពោះ​បុគ្គល​បាន​ប្រព្រឹត្ត​ប៉ះពាល់​លើ​ទីតាំង​រណ្តៅ ដែល​បាន​ចាក់​បេតុង​បិទ​គម្រប និង​ទីតាំង​ហាមឃាត់​ផ្សេង​ៗ​ទៀត ព្រោះ​វា​បាន​រំលោភ​បំពាន​គោលការណ៍ វិធាន និង​ច្បាប់ ក៏​ដូច​ជា​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​កន្លង​មក ដើម្បី​កែប្រែ​តំបន់​នេះ​ឱ្យ​មាន​បរិស្ថាន​ប្រសើរ​ឡើង​វិញ ។

រដ្ឋបាល​ខេត្តមណ្ឌលគិរី មាន​ជំនឿ​ប្រកបដោយ​សុទិដ្ឋិនិយម ចំពោះ​ការ​ចូលរួម​របស់​បងប្អូន​ប្រជាពលរដ្ឋ​បន្ទាប់​ពី​ទទួល​បាន​សេចក្តីជូនដំណឹង​នេះ​តទៅ ។

សេចក្តី​រាយ​ការ​ណ៏ ដែល​កោះសន្តិភាព​ទទួល​បាន​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ឃុំ​ចុង​ផ្លាស់ បាន​និយាយ​ថា ជិត​១០​ឆ្នាំ​មក​ហើយ នៅ​ទី​នេះ​(​ចុង​ផ្លាស់​) បាន​ស្ងប់ស្ងាត់ គ្មាន​សកម្មភាព​ជីក​កកាយ​រក​មាស​ទេ តែ​មាន​អ្នក​ភូមិ​ខ្លះ បាន​យក​ថ្ម​សំណល់​ចាស់​ៗ (​ទម្លាប់​អ្នកស្រុក​ហៅ​ថា ថ្ម​អេ​ត​ចាយ​) ទៅ​កិន​គ្រាន់​បាន​កម្ទេចមាស​លក់​ចិញ្ចឹមជីវិត ។ តែ​ទោះជា​យ៉ាងណា កន្លង​មក ក៏​មាន​ព័ត៌មាន​ទាក់ទិន​អ្នក​ភូមិ​ខ្លះ បាន​លួច​គាល់​គម្រប​បេតុង ដែល​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ បាន​ឃ្លុំបេ​លើ​មាត់​អណ្តូងរ៉ែ ដើម្បី​ជីក​គាល់​រក​មាស ហើយ​ករណី​ខ្លះ ក៏​មាន​បណ្តាល​ឲ្យ​អ្នក​ទាំងនោះ​ជួប​គ្រោះថ្នាក់​ក្នុង​រណ្តៅ​រ៉ែ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ