ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន វាយតម្លៃខ្ពស់ចំពោះ បងប្អូនខ្មែរក្រោមបានបន្តថែរក្សានូវវប្បធម៌ប្រពៃណីខ្មែរតជំនាន់

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន វាយតម្លៃ​ខ្ពស់​ចំពោះ​បងប្អូន​ខ្មែរក្រោម ដែល​បាន​បន្ត​ថែរក្សា​បាន​នូវ​វប្បធម៌​ប្រពៃណី​ខ្មែរ​ត​ជំនាន់​មកនេះ និង​បាន​អញ្ជើញ​មក​ចូលរួម​នៅ​ក្នុង​អង្គ​កឋិនទាន មហា​សាមគ្គី​គ្រួសារ​ខ្មែរ​យ៉ាងច្រើន​កុះករ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន វាយតម្លៃ​ខ្ពស់​ចំពោះ​បងប្អូន​ខ្មែរក្រោម ដែល​បាន​បន្ត​ថែរក្សា​បាន​នូវ​វប្បធម៌​ប្រពៃណី​ខ្មែរ​ត​ជំនាន់​មកនេះ និង​បាន​អញ្ជើញ​មក​ចូលរួម​នៅ​ក្នុង​អង្គ​កឋិនទាន មហា​សាមគ្គី​គ្រួសារ​ខ្មែរ​យ៉ាងច្រើន​កុះករ ។

សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​បងប្អូន​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ក្នុង​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ នៅ​វត្ត​ពោធិ​គិរី​វង្សា​រាម ខេត្ត​ត្រា​វិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​រសៀល​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន បាន​មាន​ប្រសាសន៍​វាយតម្លៃ​ខ្ពស់​ចំពោះ​បងប្អូន​ខ្មែរក្រោម​ដែល​បាន​បន្ត​ថែរក្សា​បាន​នូវ​វប្បធម៌​ប្រពៃណី​ខ្មែរ​ត​ជំនាន់​មកនេះ និង​បាន​អញ្ជើញ​មក​ចូលរួម​នៅ​ក្នុង​អង្គ​កឋិនទាន មហា​សាមគ្គី​គ្រួសារ​ខ្មែរ​យ៉ាងច្រើន​កុះករ និង​ប្រកបដោយ​សេចក្តី​សប្បាយ​រីករាយ​ជ្រះថ្លា​ដោយ​បុណ្យ​កុសល ។ នេះ​បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។

ក្នុង​ព្រះ​បរម​នាម​សម្តេចព្រះ​មហាសង្ឃរាជ​ទាំង​ពីរ​គណៈ​ក្នុង​នាម​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា សម្តេច​ប្រធានរដ្ឋសភា សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី សមាគម​កាកបាទក្រហមកម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ មហា​ពុទ្ធបរិស័ទ​ខ្មែរ ជិត​ឆ្ងាយ​ទាំងអស់​ដែល​ជា​ម្ចាស់​ដើម​ទាន ប្រធាន​ផ្តើមបុណ្យ អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​ពី​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ពិតជា​មាន​សេចក្តី​រំភើប និង​សោមនស្ស​រីករាយ​ក្រែ​លែង ដោយ​បាន​ចូលរួម​ក្នុង​ពិធី​ដង្ហែ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ នេះ ដើម្បី​នាំ​យក​មក​វេរ​ប្រគេន​ព្រះ​ភិក្ខុសង្ឃ​ដែល​បាន​គង់​ចាំ​ព្រះ​វស្សា​អស់​កាល​ត្រីមាស​នៅ​វត្ត​ពោធិ​គិរី​វង្សា​រាម នា​ពេល​នេះ ។

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​បញ្ជាក់​ថា «​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​» មក​កាន់​វត្ត​ខ្មែរក្រោម​នេះ​មិនមែន​ទើបតែ​មាន​ថ្មី​ៗ​នេះ​ទេ សម្តេច​តេ​ជោ និង​សម្ដេច​បាន​គិតគូរ​យូរណាស់​មក​ហើយ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​ផ្អាក​ជា​ច្រើន​ឆ្នាំ​ដោយសារ​តែ​មានធុរៈ​គ្រួសារ​ក្នុង​នោះ លោកឪពុក​ក្មេក​របស់​សម្តេច​បាន​ទទួលមរណភាព នៅ​ឆ្នាំ​២០១៣ និង​អ្នក​ម្តាយបង្កើត​បាន​ទទួលមរណភាព នៅ​ឆ្នាំ​២០២០ ជា​ហេតុ​ធ្វើ​ឱ្យ​គម្រោង​រៀបចំ​អង្គ​កឋិនទាន ដង្ហែ​មក​វត្ត​ខ្មែរក្រោម​នេះ​ត្រូវ​បាន​ពន្យារពេល ។ នៅ​ឆ្នាំ​នេះ ជា​ពេលវេលា​ដ៏​សម​ស្រប​សម្រាប់​ការ​ធ្វើ​អង្គ​កឋិនទាន​ដង្ហែ​មក​កាន់​វត្ត​ខ្មែរក្រោម​នា​ពេល​នេះ ។ អង្គ​កឋិនទាន​នេះ​ទទួល​បានការ​ជួយ​ជ្រោមជ្រែង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រោម​ការ​ដឹកនាំ​រៀបចំ​ដោយ​ផ្ទាល់​របស់​សម្តេច ម៉ែ​ន សំ​អន ព្រមទាំង​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មហា​ពុទ្ធបរិស័ទ​ខ្មែរ​គ្រប់​ទិស​ទី ប្រកបដោយ​មហា​សទ្ធា​ជ្រះថ្លា ។

ដោយសារ​តែ​មានការ​ជួយ​សម្របសម្រួល​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ថ្នាក់ដឹកនាំ​ខេត្ត​ត្រា​វិញ គ្រប់​ជាន់ថ្នាក់​ផង​ដែរ​ទើប​នៅ​ថ្ងៃនេះ​យើង​ទាំងអស់​គ្នា​អាច​ដង្ហែ អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​មក​កាន់​វត្ត​ពោធិ​គិរី​វង្សា​រាម ប្រកប​ទៅ​ដោយ​សេចក្តី​សប្បាយ​រីករាយ និង​អំណរ​សាទរ​យ៉ាង​ក្រៃ​លែង ។

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា រដ្ឋាភិបាល និង​ប្រជាជន​ខ្មែរ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​បងប្អូន​ខ្មែរ​នៅ​គ្រប់​ទិស​ទី តែងតែ​នឹករឭក​គ្នា និង​តែង​ស្កាត់​ជួបជុំ​គ្នា​នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ទាន ជា​ពិសេស​ពិធីបុណ្យ​ធំ​ៗ​ដូច​ជា បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​កឋិនទាន​នេះ ជាដើម ។ នេះ​ជា​អង្គ​កឋិនទាន​ជា​ប្រវត្តិសាស្ត្រ ដែល​ប្រព្រឹត្ត​ទៅ ដើម្បី​ភាតរភាព មិត្តភាព និង​សាមគ្គីភាព ក្នុង​ចំណោម​មហា​ពុទ្ធបរិស័ទ​, និយាយ​ជា​រួម និង​និយាយ​ដោយឡែក​, ក្នុង​ចំណោម​បងប្អូន​ខ្មែរ​យើង ក្រោម​ដំបូល​នៃ​សុខ​សន្តិភាព ។

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​បង្ក​ភាព​ងាយស្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរក្រោម រស់នៅ និង​គោរព​ប្រតិបត្តិ​សាសនា វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្លួន​ជា​រៀង​រហូត​មក និង​បន្ត​ថែរក្សា​ពូន​ជ្រុំ​ឱ្យ​រីក​ចម្រើន រាប់​ជំនាន់​ទៅ​មុខ​ទៀត ដើម្បី​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ថែរក្សា​បេតិកភណ្ឌ​ដែល​មនុស្សជាតិ​មាន ។

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​បន្ថែម​ថា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​ក៏​បាន​ប្រទាន​ព្រះរាជ​ទ្រព្យ ចូលរួម​បុណ្យ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង​២៥១​លាន​ដុ​ង និង​សម្តេចម៉ែ នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​ក៏​បាន​សព្វព្រះរាជហឫទ័យ ប្រទាន​ព្រះរាជ​ទ្រព្យ ចូលរួម​អង្គ​កឋិនទាន​នេះ ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង​២៥១ លាន​ដុ​ង​ផង​ដែរ ។

បច្ច័យ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច ព្រមទាំង​ក្រុម​គ្រួសារ និង​បច្ច័យ​ទទួល​បាន​ពី​សទ្ធា​ជ្រះថ្លា​របស់​មហា​ពុទ្ធបរិស័ទ​ខ្មែរ​ពី​គ្រប់​ទិស​ទី ដែល​នឹង​នាំ​មក​សង្កត់​ត្រៃ នៃ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​របស់​យើង នា​ពេល​នេះ នឹង​ត្រូវ​ប្រគេន​ដល់​ព្រះសង្ឃ និង​វត្ត​នានា ដើម្បី​ព្រះ​ចៅអធិការ និង​គណៈកម្មការ​វត្ត​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​រួម​មាន ៖ ទី​១ ប្រគេន​បច្ច័យ​សង្កត់​ត្រៃ​អង្គ​កឋិនទាន​ដង្ហែ​មក​វត្ត​ពោធិ​គិរី​វង្សា​រាម ២៣ ប៊ី​លាន ៨៤២​លាន​ដុ​ង​(​ម្ភៃ​បី​ប៊ី​លាន ប្រាំបី​រយ​សែសិប​ពីរ​លាន​ដុ​ង​) ។ ទី​២ បច្ច័យ​សង្កត់​ត្រៃ​ធំ​៥០​លាន​ដុ​ង (​ហា​សិន​លាន​ដុ​ង​) ទី​៣ បច្ច័យ​សង្កត់​ត្រៃ​សូត្រ​ស្តាំ​២៥ លាន​ដុ​ង (​ម្ភៃ​ប្រាំ​លាន​ដុ​ង​) ។ ទី​៤ បច្ច័យ​សង្កត់​ត្រៃ​សូត្រ​ឆ្វេង​២៥ លាន​ដុ​ង (​ម្ភៃ​ប្រាំ​លាន​ដុ​ង​) ។ ទី​៥ ប្រគេន​បច្ច័យ​ព្រះសង្ឃ​ចំនួន​៥៧​អង្គ គង់នៅ​វ​ត្តេ​ពោធិ​គិរី​វង្សា​រាម ក្នុង​មួយ​អង្គ​បច្ច័យ​ចំនួន​១២ លាន​៥​សែន​ដុ​ង (​ដប់​ពីរ​លាន​ប្រាំ​សែន​ដុ​ង​)​។ ទី​៦ ជូន​គណៈកម្មការ អាចារ្យ យាយជី​តាជី​ចំនួន​១០៤ នាក់​ក្នុង​ម្នាក់​ៗ ២​លាន​៥ សែន​ដុ​ង (​ពីរ​លាន​ប្រាំ​សែន​ដុ​ង​)​។ ទី​៧ ប្រគេន​បច្ច័យ​ដល់​វត្ត​ចំនួន​១៤២ វត្ត​ក្នុង​ខេត្ត​ត្រា​វិញ ក្នុង​១​វត្ត បច្ច័យ​ចំនួន​២៥១ លាន​ដុ​ង (​ពីរ​រយ​ហាសិប​មួយ​លាន​ដុ​ង​) ។

សរុប ថវិកា​ដែល​ត្រូវ​ចំណាយ​ក្នុង​អង្គ​កឋិន​ទាំងមូល​ចំនួន​៦០​ប៊ី​លាន ៥៥៦​លាន ៥​សែន​ដុ​ង (​ហុកសិប​ប៊ី​លាន ប្រាំ​រយ​ហាសិប​ប្រាំមួយ​លាន ប្រាំ​សែន​ដុ​ង​) ។ ក្នុង​ឱកាស​នោះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏​សូម​ព្រះ​បរម​រាជានុញ្ញាត ថ្លែង​អំណរ​ព្រះរាជ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ថ្វាយ ព្រះមហាក្សត្រ​ខ្មែរ និង​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ជាទី​គោរព​សក្តា​រៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ព្រះ​អង្គ​បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ប្រទាន​ព្រះរាជ​ទ្រព្យ​ចូលរួម​ចាប់មគ្គផល​ក្នុង​អង្គ​កឋិនទាន​ដ៏​ថ្លៃថ្លា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ