ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​កម្ពុជា និង​វៀតណាម សហការ​តាម​ចាប់​ជនជាតិ​វៀតណាម​២​នាក់ ម្នាក់​ជា​អ្នកទោស ម្នាក់​ទៀត​អ្នក​មក​រំដោះ​ចេញពី​ពន្ធនាគារខេត្តស្វាយរៀង

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បានអោយ​ដឹង​ថា ករណី​រំដោះ​អ្នកទោស​ចេញពី​ពន្ធនាគារ​ខេត្តស្វាយរៀង កាលពី​វេលា​ម៉ោង​១៦​និង​៤០​នាទី​ថ្ងៃ​ទី​២៨ ខែតុលា…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បានអោយ​ដឹង​ថា ករណី​រំដោះ​អ្នកទោស​ចេញពី​ពន្ធនាគារ​ខេត្តស្វាយរៀង កាលពី​វេលា​ម៉ោង​១៦​និង​៤០​នាទី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤ ដោយ​ឈ្មោះ ហ្វៀ​ង ឌី​ង​ទន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​វៀតណាម បាន​មក​សួរ​សុខ​ទុក​ឈ្មោះ ង្វៀ​ង តុង​ហ្វឹ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​។ បន្ទាប់​ពី​សួរសុខទុក្ខ បាន​ប្រហែល​៥​នាទី ឈ្មោះ ហ្វៀ​ង ឌី​ង​ទន់ បាន​ដើរ​ចេញ​មក​ខាងក្រៅ រួច​ឈ្មោះ ង្វៀ​ង តុង​ហ្វឹ​ង រត់​មក​តាម​ក្រោយ​ដោយ​បាន​យក​កាំភ្លើង ១​ដើម (​មិន​ចាំ​ម៉ាក​) ពី​ឈ្មោះ ហ្វៀ​ង ឌី​ង​ទន់ ធ្វើការ​ភ្ជុង​ទៅ​លើ​មន្ត្រី​ការពារ រួច​បាន​ឡើង​ម៉ូតូ ធ្វើការ​រត់គេច​ខ្លួន ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ និង​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ អគ្គស្នងការ​រង​ទទួល​ផែន និង​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន លោក​វរសេនីយ៍ឯក ហែម បូ​ណា លោក​វរសេនីយ៍ឯក ឆាន់ គិត​លី អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ទណ្ឌិត និង​បក្ខពួក នាំ​មក​ផ្តន្ទាទោស ។

ផ្អែក​តាម​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ជាមួយ​បណ្ដា​អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ និង​ផ្ដល់​ព័ត៌មាន ជូន​សមត្ថកិច្ច​វៀតណាម ហើយ​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ ទាំង​២​នាក់ ម្នាក់​ជា​ទណ្ឌិត ដែល​ត្រូវ​រំដោះ និង​ម្នាក់ ដែល​ជា​អ្នក​មក​រំដោះ ។

បច្ចុប្បន្ន កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កំពុង​សហការ​ជាមួយ​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ។

សូម​ជម្រាប​ដែរ​ថា «​អគ្គនាយកដ្ឋាន​ពន្ធនាគារ ៖ ករណី​អ្នកទោស​ជនជាតិ​វៀតណាម​រត់​ចេញពី​ពន្ធនាគារ​មក​ពី​មន្ត្រី​យាមកាម​មិន​ចាក់សោ​សុវត្ថិភាព​» អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​គូសបញ្ជាក់​ថា ករណី​អ្នកទោស​ជនជាតិ​វៀតណាម រត់​ចេញពី​ពន្ធនាគារ​នៅ​ខេត្តស្វាយរៀង មក​ពី​មន្ត្រី​យាមកាម​មានការ​ធ្វេសប្រហែស មិន​បាន​ចាក់សោរ​សុវត្ថិភាព នៅ​ពេល​អ្នកទោស​នោះ ជួប​ជាមួយ​គ្រួសារ ។

យោង​តាម​លិខិត​បំភ្លឺ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ផ្អែក​លើ​ការ​ផ្សាយ​របស់​សារព័ត៌មាន ពាក់ព័ន្ធ​ករណី​អ្នកទោស​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង បាន​រត់គេច​ចេញពី​ពន្ធនាគារ កាលពី​វេលា​ម៉ោង​១៦​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤ អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ចាត់តាំង​ក្រុមការងារ​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់​បន្ទាប់​ពី​ហេតុការណ៍​នេះ​បាន​កើតឡើង ។ អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ពិនិត្យ​ឃើញ​ថា ខ្លឹមសារ​មួយ​ចំនួន​ដែល​បាន​ចុះ​ផ្សាយ​លើ​បណ្តាញសារព័ត៌មាន មិន​បាន​ឆ្លុះ​បញ្ចាំង នូវ​ការ​ពិត​ទាំងស្រុង​អំពី​ហេតុការណ៍​ជាក់ស្តែង ក្នុងអំឡុងពេល​កើតហេតុ​នោះ​ឡើយ ។

ប្រភព​បាន​លើក​ឡើង​ថា ដើម្បី​ចៀសវាង​ការ​ភ័ន្ត​ច្រឡំ​ពី​សំណាក់​សាធារណៈជន និង​មជ្ឈដ្ឋាន​ទូទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួងមហាផ្ទៃ សូម​ធ្វើការ​បំភ្លឺ​ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ ទទួលស្គាល់​ថា ពិតជា​មាន​ហេតុការណ៍​ជន​ជាប់​ឃុំ​ជនជាតិ​វៀតណាម​ម្នាក់ ឈ្មោះ ង្វៀ​ង តុង​ហ្វឹ​ង (NGUYEN TRONG NGUYEN) ភេទ​ប្រុស បាន​រត់គេច​ចេញពី​ពន្ធនាគារ​ខេត្តស្វាយរៀង កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤ ពិតប្រាកដ​មែន ។

អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​អះអាង​ថា ការ​រត់គេច​ខ្លួន​របស់​ជន​ជាប់​ឃុំ​ជនជាតិ​វៀតណាម​ខាងលើ មិនមែន​ជា​សកម្មភាព​ចូល​រំដោះ អ្នកទោស ចេញពី​ក្នុង​ពន្ធនាគារ ឬ​សកម្មភាព​ប្រដាប់​អាវុធ​រំដោះ​អ្នកទោស នោះ​ទេ ។

ជន​ជាប់​ឃុំ​ជនជាតិ​វៀតណាម ឈ្មោះ ង្វៀ​ង តុង​ហ្វឹ​ង (NGUYEN TRONG NGUYEN) បាន​ធ្វើ​សកម្មភាព​រត់គេច​ខ្លួន​ក្នុងអំឡុងពេល​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ជួប​គ្រួសារ​មក​សួរសុខទុក្ខ ហើយ​ឆ្លៀតពេល​ដែល​មន្ត្រី​យាមកាម​មានការ​ធ្វេសប្រហែស មិន​បាន​ចាក់សោ​សុវត្ថិភាព ជន​ជាប់​ឃុំ​រូប​នេះ​ក៏​រត់​ចេញពី​បន្ទប់​សំដៅ​ទៅ​គូកន ដែល​បាន​រង់ចាំ​ជា​ស្រេច និង​បាន​យក​អា​វុ​.​ធ​ខ្លី ពី​គូកន​តម្រង់​គំ​រា​.​ម​ទៅ​មន្ត្រី ដែល​ដេញ​តាម​ពីក្រោយ រួច​ហើយ​ឡើង​ជិះ​ម៉ូតូ ដែល​ត្រៀម​រង់ចាំ​នៅ​របង​កំផែង​ខាងក្រៅ ជិះ​គេចខ្លួន​បាត់​ទៅ ។

អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​និង​កំពុង​តាម​ស្វែងរក​ចាប់​ជន​ជាប់​ឃុំ ឈ្មោះ ង្វៀ​ង តុង​ហ្វឹ​ង (NGUYEN TRONG NGUYEN) មក​វិញ រួម​ទាំង​គូកន ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ