ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្មាន​គោលការណ៍​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចូល​កម្ពុជា ឬ​មិន​ផ្តល់​ទិដ្ឋាការ​ស្នាក់​នៅ​បណ្តោះអាសន្ន ចំពោះ​ជនបរទេស​ណាមួយ​ឡើយ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ចេញ​សេចក្តី​បដិសេធន៍​ថា ពុំ​មាន​គោលការណ៍​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចូល​កម្ពុជា ឬ​មិន​ផ្តល់​ទិដ្ឋាការ​ស្នាក់​នៅ​បណ្តោះអាសន្ន ចំពោះ​ជនបរទេស នៃ​ប្រទេស​ណាមួយ​ឡើយ​។ តាម​រយៈ​បំភ្លឺ​របស់ អ្នកនាំពាក្យ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ចេញ​សេចក្តី​បដិសេធន៍​ថា ពុំ​មាន​គោលការណ៍​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចូល​កម្ពុជា ឬ​មិន​ផ្តល់​ទិដ្ឋាការ​ស្នាក់​នៅ​បណ្តោះអាសន្ន ចំពោះ​ជនបរទេស នៃ​ប្រទេស​ណាមួយ​ឡើយ​។

តាម​រយៈ​បំភ្លឺ​របស់ អ្នកនាំពាក្យ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ថ្មី​ៗ​នេះ មាន​សាធារណ​មតិ​មួយ​ចំនួន បាន​លើក​ឡើង​ថា សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍ បាន​ធ្វើការ​បដិសេធ​មិន​ឱ្យ​ចូល​ព្រះរាជាណាចក្រ​កម្ពុជា និង​មិន​ផ្តល់​ទិដ្ឋាការ​បន្ត រយៈពេល​ស្នាក់​នៅ​បណ្តោះអាសន្ន ចំពោះ​ជនបរទេស​សញ្ជាតិ​ឥណ្ឌា ប៉ា​គី​ស្ថាន នេ​ប៉ា​ល់ បង់​ក្លា​ដេ​ស និង​ឥណ្ឌូ​នេ​ស៊ី ។

ពាក់ព័ន្ធ​ករណី​នេះ អ្នកនាំពាក្យ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើការ​បញ្ជាក់​ជូន​ថា «​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ពុំ​មាន​គោលការណ៍​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចូល​ព្រះរាជាណាចក្រ​ក​កម្ពុជា ឬ​មិន​ផ្តល់​ទិដ្ឋាការ​ស្នាក់​នៅ​បណ្តោះអាសន្ន ចំពោះ​ជនបរទេស នៃ​ប្រទេស​ណាមួយ​ឡើយ រួម​ទាំង​ជនបរទេស​សញ្ជាតិ ខាងលើ​ផង​ដែរ​» ។

អ្នកនាំពាក្យ បាន​បន្ដ​ថា ប៉ុន្តែ​ផ្អែក​តាម​ច្បាប់ ស្តី​ពី​អន្តោប្រវេសន៍ និង​អនុក្រឹត្យ ស្តី​ពី​បែបបទ​សម្រាប់​អនុវត្ត​ចំពោះ​ការ​អនុញ្ញាត​ឱ្យ​ជនបរទេស​មិនមែន​អន្តោ​ប្រវេ​សន្ត ចូល ចេញ និង ស្នាក់​អាស្រ័យ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍ អាច​បដិសេធ​ជនបរទេស​ណា​ម្នាក់​ចូល​ព្រះរាជាណាចក្រ​កម្ពុជា ឬ​មិន​ផ្តល់​ទិដ្ឋាការ​ស្នាក់​នៅ​បណ្តោះអាសន្ន ក្នុង​ករណី ដែល​មិន​បាន បំពេញ​ត្រឹមត្រូវ តាម​លក្ខខណ្ឌ​ដែល​បាន​ចែង​ក្នុង​ច្បាប់ និង​អនុក្រឹត្យ​ដូច បាន​បញ្ជាក់​ជូន​ខាងលើ ដូច​ជា ៖ ប្រវត្តិ នៃ​ការ​ធ្វើ​ដំណើរ​មិន​ច្បាស់លាស់ ឬ​គោលបំណង នៃ​ការ​ធ្វើ​ដំណើរ​មិន​ច្បាស់លាស់ ឬ​ខ្វះ​លទ្ធភាព​ចិញ្ចឹម​ខ្លួន ក្នុង​ពេល​ស្នាក់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​គ្មាន​អ្នក​ធានា​ជួយ​ដោះស្រាយ ឬ​អាជ្ញាធរ​សមត្ថកិច្ច​មាន​ហេតុផល​គ្រប់គ្រាន់ ជឿ​ថា នឹង​ប្រព្រឹត្ត ឬ​បាន​ប្រព្រឹត្ត​សកម្មភាព​ធ្វើ​ឱ្យ​ខូច​ផលប្រយោជន៍ សណ្តាប់ធ្នាប់​សាធារណៈ សីលធម៌​សង្គម និង​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ