រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤បានចាប់បញ្ជូនជនបរទេសភាគច្រើនជាជនជាតិចិនប្រមាណ២៥នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធករណីល្បែងអនឡាញខុសច្បាប់ ក្រោយការបង្ក្រាបនៅទីតាំងមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងរោងចក្រផលិតដំណាប់ស្វាយនៅឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
រថយន្តទូរីសប្រភេទ៣៥កៅអី មួយគ្រឿង បិទកញ្ចក់ខ្មៅ បានអមដំណើរដោយសមត្ថកិច្ច ឯកសណ្ឋានឈុតខ្មៅ ជិះម៉ូតូតាមពីក្រោយបាននាំជនសង្ស័យចូលសាលាដំបូងរាជធានីភ្នំពេញ ដែលសំណុំរឿងនេះបាននិងកំពុងនៅដំណាក់កាលស៊ើបសួរពីតំណាងអយ្យការនៅឡើយទេ ។ សង្ឃឹមថា នៅក្រោយពេលតំណាងអយ្យការបើកការស៊ើបសួរលើជនសង្ស័យចប់សព្វគ្រប់ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិតជាធ្វើសេចក្តីប្រកាសព័ត៌មានជាសាធារណៈចំពោះករណីមួយនេះជាក់ជាមិនខាន សម្រាប់សាធារណជនបានជ្រាបជាផ្លូវការកុំឱ្យមហាជននៅឆ្ងល់ ។
ការចាប់ខ្លួនជនបរទេសដែលភាគច្រើនសង្ស័យជាជនជាតិចិននេះ មិនមានការផ្តល់ព័ត៌មានណាមួយជុំវិញនីតិវិធីថា ក្នុងចំណោមជនដែលចាប់ខ្លួនមុននេះជាង ១០០០នាក់ តើមានការអនុវត្តនីតិវិធីបែបណានៅឡើយទេ ។
មុននេះគ្មាននរណាស្មានដល់នោះទេ ពីកន្លែងល្បែងអនឡាញដ៏ធំមួយដែលគេហៅជាពាក្យសាមញ្ញថា «គីឡូ៣២» ត្រូវបានកម្លាំងនគរបាលជំនាញនៃក្រសួងមហាផ្ទៃបានធ្វើការឡោមព័ទ្ធ និងឆ្មក់ចូលបង្ក្រាបទីតាំងល្បែងដ៏ធំមួយកន្លែងនេះ ដែលតាមសេចក្ដីរាយការណ៍ថា បានធ្វើការឃាត់ខ្លួនជនបរទេសបានប្រមាណជាង១០០០នាក់ ។ ទីតាំងល្បែងអនឡាញដ៏ធំនេះ ស្ថិតក្នុងភូមិដើមអង្គ្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានបង្ក្រាបនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។
បើយោងតាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា ទីតាំងល្បែងដ៏ធំដែលសមត្ថកិច្ចក្រសួងឆ្មក់បង្ក្រាប ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលមានកម្លាំងប្រតិបត្តិការឡោមព័ទ្ធប្រមាណជិត២០០នាក់ ។ ទីតាំងអនឡាញដ៏ធំនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣២-៣៣ ។
សូមបញ្ជាក់ផងដែរថា ទីតាំងអនឡាញដ៏ធំខាងលើ ជ្រកក្នុងរូបភាពជារោងចក្រផលិតដំណាប់ស្វាយ តែបានបើកលេងល្បែងអនឡាញនេះយូរឆ្នាំមកហើយ ក្រោមការយាមកាមយ៉ាងតឹងរឹងពីក្រុមសន្តិសុខ ។ ទីតាំងនេះដែរ គេមិនអនុញ្ញាតឱ្យនរណាម្នាក់ឈប់ ឬចតរថយន្តក្បែរនោះឡើយ ហើយប្រសិនជាមានការឈប់ឬចត គឺមានសន្តិសុខកាចៗមកដេញចេញភ្លាម ។
តាមប្រភពដែលអាចទុកចិត្តខ្លះទៀត ក៏បានបង្ហើបប្រាប់ផងដែរថា កុំថាឡើយប្រជាពលរដ្ឋ សូម្បីសមត្ថកិច្ចមូលដ្ឋានក៏មិនអាចទៅក្បែរនោះបានដែរ គេមិនដឹងថា មានខ្នងធំប៉ុណ្ណានោះទេ ?
តាមសេចក្ដីរាយការណ៍ជំហានដំបូងពីកន្លែងប្រតិបត្តិការបានឲ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលជំនាញ ដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ក៏មានការចូលរួមពីកម្លាំងអាវុធហត្ថ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀតផងដែរ ។
បើតាមសេចក្ដីរាយការណ៍ជំហានដំបូងនៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ ដែលភាគច្រើនជាជនជាតិចិន និងកូរ៉េ សរុបប្រមាណជាង១.០០០នាក់ ។
ព័ត៌មានចេញពីប្រតិបត្តិការនេះ មិនត្រូវបានទម្លាយឱ្យដឹងលម្អិតបែបណាមួយនៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដោយសារតែមន្ត្រីដែលស្និទ្ធនឹងប្រតិបត្តិការនេះ ភាគច្រើនឆ្លើយថារវល់ ។ នេះពុំមែនជាការបង្ក្រាបទ្រង់ទ្រាយធំដំបូងនោះទេ បើគិតក្នុងក្របខណ្ឌទូទាំងប្រទេស តែបើគិតត្រឹមខេត្តកំពង់ស្ពឺ គឺជាប្រតិបត្តិការធំមួយ ។ អ្វីដែលមហាជនដឹងនោះគឺថា ទីតាំនេះគេលេងយូរមកហើយ ខ្លះហៅថាកាស៊ីណូ តែមិនស្គាល់ឈ្មោះ ខ្លះហៅទីតាំងនោះថា គីឡូម៉ែត្រលេខ៣២ គឺហៅតាមបង្គោលគីឡូម៉ែត្រ ៕
ចែករំលែកព័តមាននេះ