ពិតជាសោកស្តាយជាពន់ពេក ក្រោយលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិបានប្រកាសនៅខេត្ត ដោយបេក្ខជន ហែម ស៊ីណាត ដែលមានអ្នកប្រឡងបាក់ឌុបមានវ័យចំណាស់ជាងគេ ទទួលបានលទ្ធផលមិនល្អ ពោល គឺបរាជ័យជាលើកទី៣ ក្នុងសមរភូមិប្រឡង ។
យ៉ាងណាមិញ មហាជនមួយចំនួនក៏បានលើកទឹកចិត្តបេក្ខជនរូបនេះ ដោយពោលថា ដួលប៉ុន្មានដងមិនសំខាន់ សំខាន់កុំបោះបង់ ។ ប្រាកដណាស់ លទ្ធផលប្រឡងចេញមកបេក្ខជន ហែម ស៊ីណាត មិនបានទទួលជោគជ័យនោះទេ ហើយកាន់តែអាណិតនោះ គឺគាត់បានពោលពាក្យថា «ឆ្នាំនេះពិតជាបាក់ទឹកចិត្តខ្លាំង មិនហ៊ានចេញទៅក្រៅ ព្រោះការប្រឡងធ្លាក់ច្រើនដងពេក» ។
ជាការពិត កាលពីកន្លងទៅបេក្ខភាព ហែម ស៊ីណាត ប្រឡងនៅមណ្ឌលអនុវិទ្យាល័យ ទឹកថ្លា នាខេត្តបន្ទាយមានជ័យ មានលេខទី១៩ លេខតុ៤៦៥ ខណៈព្រឹកនេះ តាមការប្រកាសបិតផ្សាយរបស់ក្រសួងអប់រំ បេក្ខភាពស្វៃរិនរូបនេះមិនមានឈ្មោះក្នុងបញ្ជីរាយនាមបក្ខភាពនោះទេ ដូច្នេះសូមចូលរួមសោកស្តាយជាថ្មីម្តងទៀត ។
តាមរយៈបទសម្ភាសជាមួយសារព័ត៌មានកោះសន្តិភាព បេក្ខភាពចំណាស់ជាងគេ ហែម ស៊ីណាត និយាយថា ឆ្នាំនេះអ្នកស្រីពិតជាបាក់ទឹកចិត្តជាខ្លាំង ដោយមូលហេតុថា ប្រឡងធ្លាក់ញយដងពេក ក្នុងសមរភូមិបាក់ឌុបទី១២ ។ ទោះជាធ្លាក់ក៏ពិតមែន តែបេក្ខភាពចំណាស់ជាងគេ ហែម ស៊ីណាតថា នៅតែបន្តការប្រឡង តែអ្វីដែលអ្នកស្រីសោកស្តាយនោះ គឺអ្នកស្រីថា ដូចជាមុខវិជ្ជា ប្រវត្តិវិទ្យា សីលធម៌ និងផែនដី គឺអ្នកស្រីធ្វើបានល្អ តែនៅមានបញ្ហាទៅវិញ្ញាសារគណិតវិទ្យា ដូច្នេះទើបធ្លាក់ មិនទទួលបានជោគជ័យនោះ ។
សូមបញ្ជាក់ បេក្ខភាព ហែម ស៊ីណាត ពោលថា ទោះដួលជាលើកទី៣ តែគាត់នៅតែបន្តក្តីស្រមៃ ចង់បានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចង់ក្លាយជាគ្រូបង្រៀន ដោយបេក្ខភាពវ័យចាស់ជាងគេរូបនេះ ជន្នះពាក្យគេម៉ាក់ងាយថា« ក្រខំរៀនធ្វើអ្វី យកសញ្ញាបត្រមកបានការអី ខ្លួនចាស់ហើយ» ។ ពាក្យមួយឃ្លាខាងលើ កាន់តែធ្វើអោយបេក្ខភាព ហែម ស៊ីណាត រិទ្ធតែចង់បានសញ្ញាបត្រជាខ្លាំង ដោយអ្នកស្រីយល់ថា ការសិក្សាពេញមួយជីវិត ពិតជាមានសារៈចំពោះខ្លួនអ្នកស្រីផ្ទាល់ អ្វីដែលកាន់តែពិសេសទៀតនោះ គឺចង់អោយក្មេងជំនាន់យល់ពីតម្លៃនៃការសិក្សារៀនសូត្រ ។
តើលោកអ្នកយល់យ៉ាងណាដែរ? ការសិក្សា គឺពេញមួយជីវិត គ្មានពាក្យថា ហួសពេលឡើយ ។ អ្នកស្រី ហែម ស៊ីណាត បន្តទៀតថា កាលពីកន្លងទៅធ្លាប់មានគេថា អោយអ្នកស្រីផងដែរ « ក្រខំរៀនធ្វើអ្វី យកសញ្ញាបត្រមកបានការអី ខ្លួនចាស់ហើយនោះ »។ ពាក្យមួយឃ្លាចាំក្នុងចិត្តជានិច្ច អ្នកស្រី ហែម ស៊ីណាតថា នឹងខិតខំប្រឡងអោយជាប់ ដោយបទពិសោធន៍រយៈពេល២ឆ្នាំជាប់ៗគ្នាដែលប្រឡងធ្លាក់ ទៅមុខវិជ្ជា គណិត និងភាសាអង់គ្លេស ។
គួរបញ្ជាក់ដែរថា បេក្ខភាពវ័យ៥៨ឆ្នាំ រូបនេះបន្ថែមថា រយៈពេល១ឆ្នាំបានកន្លងទៅនេះ អ្នកស្រីបានរៀនសូត្របានច្រើន រៀនថ្ងៃមិនគ្រប់ រៀនយប់បន្ថែម ដោយថ្ងៃរៀនធ្វើលំហាត់កិច្ចការផ្ទះ និងពេលយប់រៀនតាមអនឡាយ ដើម្បីពង្រឹងលើមុខវិជ្ជាដែលជួបឧបសគ្គ និងធ្វើទៅមិនបានល្អនោះ ។
គួររម្លឹកដែរថា អ្នកស្រី ហែម ស៊ីណាម ដែលមានទីលំនៅបច្ចុប្បន្ន នៅភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺជាគ្រូអក្ខរកម្ម ដោយជារៀងរាល់ថ្ងៃ អ្នកស្រីត្រូវបង្រៀនសិស្សដែលមានវ័យល្បាក់ៗនឹងអ្នកមីង វ័យ ៥០ឆ្នាំ ៦០ឆ្នាំ ទៅ៧០ឆ្នាំប្លាយ ដោយការរៀនអក្សរនេះ ដើម្បីយកទៅសូត្រធម៌ មើលធម៌ ជាពិសេសកូនសិស្សដែលចាស់ជាងអ្នកមីងផងនោះ ចង់ចេះអាន និងចេះសរសេរ ។ ហើយសម្រាប់ការបង្រៀនេះទៀតសោត អ្នកមីងក៏ទទួលបានកម្រៃខ្លះៗផង ដោយក្នុងមួយខែៗ ទទួលបានប្រាក់៥០ម៉ឺនរៀលក្នុងមួយខែ ៕ ដោយ៖លីហួ គីមឆាយ
ចែករំលែកព័តមាននេះ