ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Hyundai បង្ហាញគំរូរថក្រោះបំបាំងកាយថ្មី ដើរដោយថាមពលអ៊ីដ្រូសែនដំបូងបំផុតលើលោក

6 ថ្ងៃ មុន

ប្រទេសកូរ៉េខាងត្បូង ៖ ក្រុមហ៊ុន Hyundai Rotem បានដាក់បង្ហាញគំរូរថក្រោះប្រយុទ្ធជំនាន់ថ្មីរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានហៅថា K3 ដើរដោយថាមពលអ៊ីដ្រូសែន។ រថក្រោះប្រយុទ្ធជំនាន់ថ្មីនេះ…

ប្រទេសកូរ៉េខាងត្បូង ៖ ក្រុមហ៊ុន Hyundai Rotem បានដាក់បង្ហាញគំរូរថក្រោះប្រយុទ្ធជំនាន់ថ្មីរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានហៅថា K3 ដើរដោយថាមពលអ៊ីដ្រូសែន។ រថក្រោះប្រយុទ្ធជំនាន់ថ្មីនេះ នឹងជំនួសរថក្រោះប្រយុទ្ធដើរដោយម៉ាស៊ីនម៉ាស៊ូត ជាមួយនឹងកោសិកាឥន្ធនៈអ៊ីដ្រូសែន ដែលមានបំណងផលិតនៅឆ្នាំ ២០៤០ ដោយនឹងក្លាយជារថក្រោះប្រយុទ្ធដើរដោយថាមពលអ៊ីដ្រូសែនដំបូងបំផុតរបស់ពិភពលោក។

តាមប្រភពពីគេហទំព័រ Technology Innovation និង Interesting Engineering កាលពីថ្មីៗនេះ បានឱ្យដឹងថា រថក្រោះប្រយុទ្ធជំនាន់ថ្មី K3 រួមបញ្ចូលគ្នាជាមួយនឹងម៉ាស៊ីនកូនកាត់អ៊ីដ្រូសែន-ម៉ាស៊ូតក្នុងគំរូដើមដំបូងរបស់ខ្លួន មុនពេលបន្តធ្វើកំណែទម្រង់សំខាន់ៗបន្ថែមទៀត។

លក្ខណៈពិសេសរបស់ K3 ផ្តោតលើការពង្រឹងការបំបាំងកាយ ឬគេចពីរ៉ាដា ការបើកបរដោយស្វ័យប្រវត្តិ ការរួមបញ្ចូលយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន និងកាំភ្លើងបាញ់ដ៏មានអានុភាព ១៣០មីលីម៉ែត្រប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI សម្រាប់ការវាយប្រហារទុកជាមុន។ ទាហាន៣នាក់រួមមាន អ្នកបើកបរ មេបញ្ជាការ និងអ្នកបញ្ជាកាណុងកាំភ្លើងប្រតិបត្តិការពីផ្នែកខាងមុខ ដែលមានកំពែងដែកថែបដ៏រឹងមាំ។

រថក្រោះប្រយុទ្ធ K3 ក៏បំពាក់ប្រព័ន្ធគ្មានមនុស្សបើកជាមួយការបញ្ជាពីចម្ងាយ៥គីឡូម៉ែត្រ និងគាំទ្រដោយមីស៊ីលប្រឆាំងរថក្រោះគ្រប់ធន់ និងមីស៊ីលផ្លោងពីចម្ងាយសម្រាប់កម្លាំងបាញ់បន្ថែម។ ប្រព័ន្ធការពារដ៏រឹងមាំរបស់ K3 រួមមានការពារប្រឆាំងមីស៊ីលអ៊ីនហ្វ្រារ៉េដ ការការពារសកម្ម ការពារប្រឆាំងនឹងការវាយប្រហារដោយដ្រូន និងប្រសិទ្ធិខ្ពស់លើការគេចចេញពីរ៉ាដានៅសមរភូមិ។

បច្ចេកវិទ្យាកោសិកាឥន្ធនៈអ៊ីដ្រូសែន ក៏នឹងកាត់បន្ថយយ៉ាងខ្លាំងនូវសំលេងរំខាន ដែលរថក្រោះប្រយុទ្ធបង្កើតឡើងនៅពេលកំពុងធ្វើចលនា។ បច្ចេកវិទ្យានេះ ក៏នឹងផ្តល់ឱ្យរថក្រោះប្រយុទ្ធជាមួយការបង្កើនល្បឿន និងការចល័តកាន់តែរហ័សរហួន និងច្រើនជាងមុន ដោយមិនចាំបាច់ឈឺក្បាលពីការសន្សំសំចៃប្រេងឥន្ធនៈនោះទេ។ រថក្រោះប្រយុទ្ធជំនាន់ថ្មី ក៏គួរទទួលបានអត្ថប្រយោជន៍ពីការងាយថែទាំជាងមុន ហើយក៏នឹងអាចឆ្លងកាត់ផ្លូវដីដ៏ចោត និងរដិបរដុបបានល្អជាងមុនផងដែរ។

រថក្រោះប្រយុទ្ធ K3 មានសមត្ថភាពលើសពីរថក្រោះប្រយុទ្ធនាពេលបច្ចុប្បន្ននេះ ដោយផ្តល់នូវការងារបេសកកម្មប្រកបដោយប្រសិទ្ធភាពជាងមុន ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត សម្រាប់សង្គ្រាមទំនើបនាពេលអនាគត។ ក្រុមហ៊ុន Hyundai Rotem បានគូសបញ្ជាក់ថា «នឹងរៀបចំយ៉ាងសកម្មសម្រាប់សមរភូមិនាពេលអនាគត ដោយបង្កើតនូវរថក្រោះប្រយុទ្ធសំខាន់ៗជំនាន់ថ្មី អាចបំពេញបន្ថែមសមត្ថភាពប្រយុទ្ធ និងការជំនួសមុខងារជាច្រើនផ្សេងទៀត។ ស្របពេលដែលការថែរក្សាសន្តិភាព គឺជាគោលដៅអាទិភាពរបស់ក្រុមហ៊ុន Hyundai Rotem»។

ជាមួយនឹងគំរូរថក្រោះប្រយុទ្ធជំនាន់ថ្មី K3 នេះ នឹងបង្កើតប្រ័ពន្ធប្រយុទ្ធ និងការពារទំនើបថ្មីបំផុតដ៏មានសក្តានុពលសម្រាប់ប្រទេសកូរ៉េខាងត្បូង ដ្បិតបច្ចុប្បន្នកម្តៅភាពតានតឹងជាមួយនឹងប្រទេសកូរ៉េខាងជើង កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។

គួរបញ្ជាក់ថា Hyundai Rotem គឺជាក្រុមហ៊ុនកូរ៉េខាងត្បូងផ្តោតសំខាន់លើផលិតផលការពារជាតិ និងគ្រឿងចក្រ ដែលជាផ្នែកមួយនៃក្រុមហ៊ុន Hyundai Motor Group។ ក្រុមហ៊ុននេះត្រូវបានប្តូរឈ្មោះពី Rotem ទៅជា Hyundai Rotem កាលពីខែធ្នូ ឆ្នាំ ២០០៧ ដើម្បីឆ្លុះបញ្ចាំងពីក្រុមហ៊ុនមេ Hyundai។ ក្រុមហ៊ុននេះ ក៏ត្រូវបានគេហៅឈ្មោះមួយទៀតថា Hyundai Railroad Technology Systems ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ