ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាត់ជួប​ទិញ​ម៉ូតូ សុំ​ជិះ​សាក​ចេញ​ទៅ តែ​ត្រូវ​ជន​រង​គ្រោះ​ដេញ​តាម​ទាន់ ឃាត់ខ្លួន​ឲ្យ​នគរបាល​ប៉ុស្តិ៍​បឹង​ទំពន់​ទី​២

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ករណី​ឆបោក​យក​ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា​ឌ្រី​ម​សេ​១២៥ ក្នុង​រូបភាព​ណាត់ជួប​គ្នា​ទិញ​លក់​ម៉ូតូ រួច​ក៏​សុំ​ជិះ​ម៉ូតូ​សាក…

រាជធានី​ភ្នំពេញ ៖ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ករណី​ឆបោក​យក​ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា​ឌ្រី​ម​សេ​១២៥ ក្នុង​រូបភាព​ណាត់ជួប​គ្នា​ទិញ​លក់​ម៉ូតូ រួច​ក៏​សុំ​ជិះ​ម៉ូតូ​សាក ហើយ​ជិះ​គេចខ្លួន​តែ​ម្តង ប៉ុន្តែ​ត្រូវ​ជន​រង​គ្រោះ​ស្រែក​ឆោឡោ និង​សុំ​ម៉ូតូ​អ្នក​ធ្វើ​ដំណើរ ដេញ​តាម​ពីក្រោយ​ទាន់ រួច​ចាប់ខ្លួន ប្រគល់​អោយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹង​ទំពន់​ទី​២ តែ​ម្តង ។

ជន​រង​គ្រោះ​មានឈ្មោះ ឃុន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​៤៩​បេ​តេ ភូមិ​សន្សំ​កុសល​៣ សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ចំណែកឯ​ជនសង្ស័យ​ឈ្មោះ ហេង វិចិត្រ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ ផ្លូវលំ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ត្រី ភិន ផល នាយ​នគរបាល​ប៉ុស្តិ៍​បឹង​ទំពន់​ទី​២ បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៤​និង​០២​នាទី ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤​នេះ មាន​ជនសង្ស័យ​ឈ្មោះ ហេង វិចិត្រ បាន​ទូរ​សព្ទ​ចូល​មក​លេខ​ជន​រង​គ្រោះ​ឈ្មោះ ផ​ន ប៉េង​ឃុន ដើម្បី​ណាត់ជួប​ទិញ ម៉ូតូ​របស់​ជន​រង​គ្រោះ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ នៅ​ចំណុច​ក្បែរ​ហាង​នំ​បុ័ង​ភ្នំពេញ ផ្លូវ​២៧១ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ត្រី ភិន ផល បន្ត​ថា បន្ទាប់​ពី​ជនសង្ស័យ និង​ជន​រង​គ្រោះ​បាន​ជួប​គ្នា​ហើយ ជនសង្ស័យ​សុំ​មើល​ម៉ូតូ និង​សុំ​ជិះ​សាក ភ្លាម​នោះ ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ គេចខ្លួន ចុះ​មក​តាម​ផ្លូវ​៥៣BT ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពន់​២ ឃើញ​ដូច្នោះ ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ឆោឡោ សុំ​ម៉ូតូ​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ ដើម្បី​ជិះ​ដេញ​តាម​ពីក្រោយ​រហូត​ទាន់​ជនសង្ស័យ នៅ​ផ្លូវ​៨៧BT ភូមិ​ត្នោត​ជ្រុំ​១ សង្កាត់​បឹង​ទំពន់​ទី​២ ក៏​បាន​ចាប់​ឃាត់ខ្លួន​តែ​ម្តង ដោយ​ចម្ងាយ​ពី​កន្លែង​កើតហេតុ និង​កន្លែង​ឃាត់ខ្លួន មាន​ចម្ងាយ​ប្រហែល​៨០០​ម៉ែត្រ​ពី​គ្នា ។ បន្ទាប់​មក ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​មក​ប្រគល់​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពន់ ទី​២ តែ​ម្តង ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចាប់​យក​រួម​មាន ៖ ទូរ​សព្ទ​ដៃ​ចាស់​ម៉ាក Oppo ១​គ្រឿង (​ជា​របស់​ជនសង្ស័យ​) និង​ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ សេរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​កំពង់ចាម 1T-5776 (​របស់​ជន​រង​គ្រោះ​) ។

លោក​វរសេនីយ៍ត្រី ភិន ផល បាន​បញ្ជាក់​ថា ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​មាន​បំណង​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សុំ​ណំ​រឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ