ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចុប្បន្ន​នេះ ថៃ​ដែល​ជា​ប្រទេស​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​បាន​ប្រហែលជា​ជិត​២៧​លាន​នាក់ គឺ​បាន​បើកទ្វារ​ចំហ​ប្រទេស​ទទួលភ្ញៀវ​ទេសចរ ដោយ​លើកលែង​ទិដ្ឋាការ​ជិត​១០០​ប្រទេស ខណៈ​ដែល​វៀតណាម​ទទួលភ្ញៀវ​ទេសចរ​បរទេស​ជិត​១៣​លាន​នាក់​លើកលែង​ទិដ្ឋាការ​២៦​សញ្ជាតិ ។ ចំណែក​កម្ពុជា​លើក​ទិដ្ឋាការ​ជិត​១០​ប្រទេស គឺ​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ត្រឹមតែ​ជិត​៥​លាន​នាក់ ។ មក​ដល់​ពេល​នេះ…

បច្ចុប្បន្ន​នេះ ថៃ​ដែល​ជា​ប្រទេស​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​បាន​ប្រហែលជា​ជិត​២៧​លាន​នាក់ គឺ​បាន​បើកទ្វារ​ចំហ​ប្រទេស​ទទួលភ្ញៀវ​ទេសចរ ដោយ​លើកលែង​ទិដ្ឋាការ​ជិត​១០០​ប្រទេស ខណៈ​ដែល​វៀតណាម​ទទួលភ្ញៀវ​ទេសចរ​បរទេស​ជិត​១៣​លាន​នាក់​លើកលែង​ទិដ្ឋាការ​២៦​សញ្ជាតិ ។ ចំណែក​កម្ពុជា​លើក​ទិដ្ឋាការ​ជិត​១០​ប្រទេស គឺ​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ត្រឹមតែ​ជិត​៥​លាន​នាក់ ។

មក​ដល់​ពេល​នេះ ប្រទេស​ដែល​កម្ពុជា​លើកលែង​ទិដ្ឋាការ គឺជា​ប្រជាជាតិ​អាស៊ាន ដូច្នេះ​ហើយ​នៅ​ក្នុង​ចំណោម​ទីផ្សារ​ទេសចរណ៍​បរទេស​ធំ​ៗ​ដែល​មក​កម្ពុជា​ទាំង​១០​ទីផ្សារ​លំដាប់​កំពូល គឺ​មាន​សុទ្ធតែ​មក​ពី​ប្រទេស​ដែល​លើកលែង​ទិដ្ឋាការ ។

នៅ​ក្នុង​រយៈពេល ៩​ខែ​នៃ​ឆ្នាំ​២០២៤ កម្ពុជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស សរុប​៤,៨ លាន​នាក់​កើនឡើង​២២​ភាគរយ​នៅ​ក្នុង​នោះ​គ្រាន់តែ​ភ្ញៀវ​ទេសចរ​មក​ពី​ថៃ វៀតណាម ឡាវ ឥណ្ឌូ​នេ​ស៊ី ដែល​ជាទី​ផ្សារ​ធំ​ៗ​បូក​ផ្សំ និង​ប្រជាជន​ផ្សេង​ៗ​ទៀត នៅ​ក្នុង​តំបន់​មាន​ចំនួន​ជាង​ពាក់កណ្តាល​ទៅ​ហើយ ។

សម្រាប់​វៀតណាម ដែល​បាន​កំពុង​តែ​អនុវត្ត​ការ​លើកលែង​ទិដ្ឋាការ​២៦​សញ្ជាតិ គឺ​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២៤ គឺ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​សរុប​១២,៧ លាន​នាក់ ជាមួយនឹង​កំណើន​កើនឡើង​ប្រមាណ​ជា​៤៣​ភាគរយ ។ ដោយឡែក​ថៃ​វិញ​ពី​ខែមករា មក​ដល់​ដើមខែ​តុលា ឆ្នាំ​២០២៤ គឺ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​សរុប​២៦,៦ លាន​នាក់ កើនឡើង​ប្រមាណ​ជា​៣០ ភាគរយ ។

ផ្អែក​តាម​កំណើន​នេះ រដ្ឋាភិបាល​ថៃ​នៅ​បន្ត​ការ​ជំរុញ​ការ​បើក​ទីផ្សារ​បន្ថែម​ទៀត​ដោយ​បបួល​ប្រទេស​នៅ​ក្នុង​តំបន់​ដែល​រួម​មាន វៀតណាម កម្ពុជា ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​ឡាវ អនុវត្ត​យក​តាម​គំរូ​ទិដ្ឋាការ Schengen របស់​អឺរ៉ុប ។ ថៃ​បាន​លើក​ឡើង​គំនិត​ផ្តួចផ្តើម «​ប្រទេស​ទាំង​ប្រាំមួយ ទិស​ដៅ​តែ​មួយ​» នេះ​ដើម្បី​ផ្លាស់​ប្តូរ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​តំបន់ ហើយ​នៅ​ពេល​នេះ​វៀតណាម​ក៏​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ផង​ដែរ ។

តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Vietnam News បាន​ឲ្យ​ដឹង​ថា តំបន់​ទិដ្ឋាការ​រួម​គ្នា​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​ប្រាំមួយ​មាន​ភាព​សាមញ្ញ បង្កើន​ភាព​ងាយស្រួល និង​ជំរុញ​ទេសចរណ៍​ក្នុង​តំបន់ ។

លោក ឃ្វៀន កុក គី ( Nguyen Quoc Ky) ប្រធាន​សាជីវកម្ម Vietravel បាន​លើក​ឡើង​ថា ដំបូង​គោល​គំនិត​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស​ក្នុង​ទិដ្ឋភាព​ទេសចរណ៍​បច្ចុប្បន្ន ។ បន្ទាប់​ពី​ជំងឺ​រាតត្បាត​ទីផ្សារ​ទេសចរណ៍​បាន​បើក ហើយ​ប្រទេស​ដែល​ធ្វើ​សកម្មភាព​លឿន​អាច​ចាប់​យក​តម្រូវការ​ដែល​កំពុង​កើនឡើង ។ លោក​បាន​ចង្អុលបង្ហាញ​ថា ប្រទេស​ដូច​ជា ប្រទេស​ថៃ ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី បាន​អនុវត្ត​គោលនយោបាយ​បើកចំហ​យ៉ាង​រហ័ស ។ ខណៈ​ពេល​ដែល​ប្រទេស​វៀតណាម​បាន​បើក​ដំណើរការ​ឡើង​វិញ នៅ​ដើមដំបូង​បន្ទាប់​ពី​ជំងឺ​រាតត្បាត​រាតត្បាត គោលនយោបាយ​ទេសចរណ៍​របស់​ខ្លួន​បាន​វិវត្តន៍​បន្តិច​ម្តង​ៗ ។

លោក​បាន​និយាយ​ថា ប្រសិនបើ​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​ទាំង​ប្រាំមួយ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ឆាប់រហ័ស​នោះ វៀតណាម​អាច​ប្រើប្រាស់​គោលនយោបាយ​បើកចំហ​របស់​ប្រទេស​ជិតខាង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​យ៉ាងច្រើន ។ សម្រាប់​កម្ពុជា​នៅ​មិន​ទាន់​មានការ​ព្រមព្រៀង​គ្នា​ណាមួយ​នៅឡើយ​ទេ ដោយ​រង់ចាំ​ឱ្យ​ភាគី​ថៃ​ផ្តល់​ឯកសារ​ទស្សនទាន និង​ឯកសារ​ពាក់ព័ន្ធ​តាម​ផ្លូវ​ការទូត​សិន ។

តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ន៍​ទេសចរណ៍​កម្ពុជា បាន​លើក​ឡើង​ថា ការ​ផ្សព្វផ្សាយ​យន្តការ​នេះ​មិនមែន​ទើបតែ​និយាយ​គ្នា​ក្នុង​ឆ្នាំ​២០២៤​នេះ​ទេ យន្តការ​នេះ​បាន​ពិភាក្សា​គ្នា​ជាង​១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្រាន់តែ​ជា​ការ​ជំរុញ​បន្ថែម​លើ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ទាំង​៦​ក្នុង​តំបន់​អាស៊ាន ។

លោក ហូ វ​ណ្ឌី បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ វា​មាន​កត្តា​ជា​ច្រើន​ដែល​កម្ពុជា​ត្រូវ​ចូលរួម ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ ទន្ទឹម​និង​នេះ​កិច្ចការ​ផ្ទៃក្នុង​មួយ​ចំនួន​ក៏​ត្រូវ​គិតគូរ​ផង​ដែរ ។ យើង​ឃើញ​មាន​ប្រតិបត្តិការ​ហោះហើរ​ពី​ប្រទេស​ឆ្ងាយ​ៗ​ចូល​មក​ក្នុង​ប្រទេស​ថៃ ហើយ​បន្ត​បែងចែក​ទៅ​កាន់​ភូមា និង​ប្រទេស​ម៉ា​ឡេ​ស៊ី ។ លោក ហូ វ​ណ្ឌី បន្ថែម​ថា កម្ពុជា​ត្រូវ​តែ​បើកចំហ​ដូច​បណ្តា​ប្រទេស​ផ្សេង​ៗ​ដែរ គឺ​ការ​បើកទ្វារ​ទទួល​ទេសចរណ៍​ទាំងនោះ ព្រោះ​ការ​បើកទ្វារ​ទទួលភ្ញៀវ​ទេសចរ​ទាំងនោះ​មាន​ន័យ​ថា​បើក​ផ្តល់​ទិដ្ឋាការ​ចូល​មក​កាន់​ក្នុង​ប្រទេស​ដោយ​មិន​មាន​របាំង ។

លោក ហូ វ​ណ្ឌី បន្ត​ថា ភ្ញៀវ​ទេសចរ​ទាល់តែ​មាន​ភាព​ទាក់ទាញ​ទើប​គាត់​មក​លេង យើង​ត្រូវ​ប្រៀបធៀប​ថា យើង​មាន​អ្វីខ្លះ0x017d7 គេ​មាន​អ្វីខ្លះ? ទាល់តែ​យើង​ចេះ​ប្រៀបធៀប​អោយ​ច្បាស់ ទើប​យើង​អាច​ទាក់ទាញ​ទីផ្សារ​បាន ជា​ពិសេស​គោលដៅ​ដែល​យើង​ហៅ​ថា​ទីផ្សារ​ស្រុក​ចិន​នោះ ។

ដោយឡែក អ្នក​ធ្វើ​ប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​មួយ​រូប​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លើក​ឡើង​ថា ប្រទេស​ជា​សមាជិក​គួរតែ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់​លើ​គោលនយោបាយ​របស់​ថៃ​អំពី​តម្លាភាព​នៃ​ការ​ទទួល​បាន​ផលប្រយោជន៍​ផង​ដែរ ។

ទោះ​យ៉ាងណា សម្រាប់​អ្នកជំនាញ​រូប​នេះ ការ​ផ្តល់​ទិដ្ឋាការ​រួម​គ្នា​រវាង​ប្រទេស​ទាំង​៦ ក្នុង​គោលដៅ​ទេសចរណ៍​តែ​មួយ​នេះ​ហាក់​មិន​មាន​ហានិភ័យ​គួរ​ឱ្យ​ព្រួយបារម្ភ​ឡើយ ដោយសារ​តែ​កម្ពុជា​មានច្បាប់​អន្តោប្រវេសន៍ និង​ប្រព័ន្ធ​ដឹកនាំ​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ