នៅសាលាចំណេះទូទៅនៅកម្ពុជា ភាសាបរទេសដែលបានអនុញ្ញាត និងបើកចំហរឲ្យសិស្សានុសិស្សខ្មែរអាចសិក្សាបាន គឺមានតែភាសាបារាំង និងអង់គ្លេស ហើយអនាគតដ៏ខ្លីនេះសាលាមួយចំនួនតូចអាចនឹងមានភាសាកូរ៉េមួយបន្ថែមទៀត ។ ការបន្ថែមភាសាបរទេសដូចជា ភាសាកូរ៉េនៅក្នុងពេលដ៏ខ្លីនេះ អាចជាជំរើសមួយបន្ថែមទៀត…
នៅសាលាចំណេះទូទៅនៅកម្ពុជា ភាសាបរទេសដែលបានអនុញ្ញាត និងបើកចំហរឲ្យសិស្សានុសិស្សខ្មែរអាចសិក្សាបាន គឺមានតែភាសាបារាំង និងអង់គ្លេស ហើយអនាគតដ៏ខ្លីនេះសាលាមួយចំនួនតូចអាចនឹងមានភាសាកូរ៉េមួយបន្ថែមទៀត ។
ការបន្ថែមភាសាបរទេសដូចជា ភាសាកូរ៉េនៅក្នុងពេលដ៏ខ្លីនេះ អាចជាជំរើសមួយបន្ថែមទៀត ប៉ុន្តែទោះបីជាយ៉ាណាក៏ដោយកម្ពុជាគួរតែបើកចំហរការសិក្សាភាសាបរទេសផ្សេងៗបន្ថែមទៀត ខណៈដែលនៅប្រទេសជិតខាងការបណ្តុះបណ្តាលកម្រិតភាសាបរទេសនៅក្នុងតំបន់ ជាពិសេសនៅក្នុងប្រទេសវៀតណាម និងថៃជាដើម គឺហាក់បើកចំហរជាងកម្ពុជាជាពិសេសជាមួយនឹងបណ្តាខេត្តដែលមានព្រំដែនជាប់កម្ពុជា ។
តាមសេចក្តីរាយការណ៍មួយរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយលោក ផាក ជុង វូក (Park Jung-wook ) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ។
ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីអំពីការពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការរវាងគ្នាលើវិស័យអប់រំ ក្នុងគោលបំណង ៖ ផ្តល់ថ្នាក់ភាសាកូរ៉េជាមុខវិជ្ជាផ្លូវការនៅវិទ្យាល័យគោលដៅចំនួន១៥ នៅកម្ពុជា, បង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោងតាមរយៈការជំរុញកិច្ចសហការរវាងស្ថាប័នអនុវត្តផ្ទាល់ និងភាគីពាក់ព័ន្ធ និងចុងក្រោយ គឺ កំណត់លក្ខខណ្ឌ និងការប្តេជ្ញាចិត្តរបស់ភាគីនីមួយៗក្នុងការសម្របសម្រួលដល់ប្រតិបត្តិការថ្នាក់ភាសាកូរ៉េ ជាមុខវិជ្ជាផ្លូវការនៅវិទ្យាល័យគោលដៅក្នុងប្រទេសកម្ពុជា ។
នេះ គឺជាឱកាសមួយថ្មីបន្ថែមទៀត សម្រាប់ពលរដ្ឋកម្ពុជាដែលមកដល់ពេលនេះ ពលរដ្ឋវ័យក្មេងនៃយើងគួរតែមានឱកាសសិក្សា និងរៀនសូត្រភាសាមួយផ្សេងក្រៅពីភាសាជាតិរបស់យើងបន្ថែម ដើម្បីជាបំណិននៃជីវិត និងដើម្បីបង្ហាញពីការត្រៀមខ្លួនសម្រាប់ការតភ្ជាប់ និងលោកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៅលើពិភពលោក ។
សព្វថ្ងៃនេះយើងមានអ្នកចេះភាសាអង់គ្លេសច្រើនបន្ទាប់មកអាចចិន ហើយនិងបារាំងជាដើម រីឯភាសាប្រទេសជិតខាង គឺមានខ្លះតែមិនទូលំទូលាយឡើយ ។ រឿងភាសាបរទេសមួយការដែលមានពលរដ្ឋអានអាចអាន អាចចេះនិយាយ អាចយល់ និងស្តាប់បានពីភាសាបរទេសវា គឺជាឱកាសមួយ ។ រាល់គំនិតអភិរក្ស និងលើកកម្ពស់ចលនាជាតិនិយមពាក់ព័ន្ធនឹងភាសា គួរតែកុំរើសអើងពីព្រោះការដែលយើងចេញយើងយល់បានពីភាសារបស់គេ គឺជាចំណុចខ្លាំងមួយដែលយើងគួរតែពង្រឹង ។ កាលណាយើងចេះភាសា ការទំនាក់ទំនង ការបដិសណ្ឋារកិច្ច ការស្វាគមន៍ និងការធ្វើអាជីវកម្ម គឺមានភាពងាយស្រួលមែនទែន ។
នៅប្រទេសជិតខាងកម្ពុជាយើង ដូចជា ប្រទេសថៃ និងវៀតណាម គឺគេកំពុងតែលើកទឹកចិត្តនិងជំរុញឲ្យមានការសិក្សាពីភាសាខ្មែររបស់យើង ។ ដូច្នេះនៅក្នុងនាមជាប្រទេសជិតខាងយើងក៏គួរតែលើកទឹកចិត្តឲ្យពលរដ្ឋយើងសិក្សាភាសាពីប្រទេសជិតខាង ។ ការសិក្សាពីភាសាប្រទេសជិតខាង និងភាសាប្រទេសមួយផ្សេងក្រៅពីភាសាជាតិ វាពិតប្រសើរដោយសារតែយើងអាចងាយស្រួលនៅក្នុងការធ្វើធុរកិច្ច និងពិភាក្សាផ្សេងៗ ។
សូមកុំទុទិដ្ឋិនិយមនឹងការសិក្សាភាសាប្រទេសដទៃ ជាពិសេស គឺប្រទេសជិតខាងពីព្រោះតែប្រវត្តិសាស្ត្រ ការរើសអើងឬជាតិនិយម ។ ការដែលយើងចេះពីភាសារបស់គេ គឺធ្វើឲ្យយើងមានឱកាសកាន់តែងាយស្រួលនៅក្នុងការសិក្សា ការតាមដាន ការស្រាវជ្រាវពីគេ ជាពិសេស គឺងាយស្រួលយល់ពីគេ ។ នៅក្នុងករណីយើងមានគំនិតអភិរក្ស អត់ព្រមរៀនពីគេ ធ្វើឲ្យយើងមានគំនិតប្រៀបបីដូចជា កង្កែបនៅក្នុងអណ្តូងខ្វះទំនាក់ទំនង ពិបាកយល់ពីគេ ។ ដល់ពេលយើងត្រូវការទើបខំប្រឹងស្រវេស្រវាក៏វាមិនល្អដែរ ។
សរុមកវិញ ប្រសិនបើអាចក្រសួងអប់រំ យុវជន និងកីឡា គួររិះគិតចំណុចនេះ ហើយបើមិនដូច្នេះទេ ពលរដ្ឋយើងម្នាក់ៗក៏គួរតែចាប់យក ឬស្វែងរកឱកាសរៀនពីភាសាប្រទេសជិតខាងយើងបន្ថែម ដើម្បីឲ្យជីវិត និងឱកាសរបស់យើងកាន់តែមានការប្រកួតប្រជែង ៕
ចែករំលែកព័តមាននេះ