ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះហាងលក់ម្ហូបឥណ្ឌា ផ្អើលភ្ញៀវរត់ចេញក្រៅ​

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណី​អគ្គិភ័យ​ឆេះហាងលក់ម្ហូបឥណ្ឌាមួយកន្លែង ស្ថិតនៅកណ្តាលទីប្រជុំជន បង្កការភ្ញាក់ផ្អើលដល់មន្ត្រីជំនាញអគ្គិភ័យចេញរថយន្តអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៦​និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅ​ចំណុចហាងឥណ្ឌាមួយកន្លែង…

រាជធានីភ្នំពេញ ៖ មានករណី​អគ្គិភ័យ​ឆេះហាងលក់ម្ហូបឥណ្ឌាមួយកន្លែង ស្ថិតនៅកណ្តាលទីប្រជុំជន បង្កការភ្ញាក់ផ្អើលដល់មន្ត្រីជំនាញអគ្គិភ័យចេញរថយន្តអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៦​និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅ​ចំណុចហាងឥណ្ឌាមួយកន្លែង យីហោ «PUNJABI KITCHEN» នៅលើកំណាត់ផ្លូវលេខ១៧២ ក្រោយវត្តឧណ្ណាលោម​ក្នុងមូលដ្ឋាននៃសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងហ៊ុយចេញពីផ្នែកខាងក្នុងនៃជាន់ទី១របស់ហាងលក់អាហារឥណ្ឌាពលរដ្ឋដែលនៅជាប់ហាងក៏បានឃើញមានអណ្តាតភ្លើងពណ៌ក្រហមចេញពីផ្នែកខាងក្នុង ហើយក៏មានមនុស្សរត់ចេញមកក្រៅ បង្កអោយមានការភ្ញាក់ផ្អើលតែម្តង ។ ភ្លាមៗនោះ ពលរដ្ឋនៅតំបន់នោះនាំគ្នាជួយពន្លត់ជាបឋម ហើយ​ក៏រាយការណ៍ជូនសមត្ថកិច្ច ដើម្បីសុំរថយន្តពន្លត់ជាបន្ទាន់ ព្រោះមានសម្លេងផ្ទុះហ្គាសចេញពីផ្នែកខាងក្នុង ចំណែកអ្នកមានហាងនៅក្បែរនោះ ក៏បាននាំគ្នាលើកយកធុងហ្គាសធំៗចេញមកក្រៅ ព្រោះខ្លាចអណ្តាតភ្លើងឆេះរាលដាលដល់ទីតាំងរបស់ពួកគេ ។

បន្ទាប់ពីទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងឆ្ពោះទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍បាញ់ពន្លត់ដើម្បីទប់ស្កាត់កុំអោយមានការរាលដាលដល់ផ្ទះអ្នកជិតខាង ។ ករណីនេះត្រូវបានរលត់ទាំងស្រុងវិញកាលពីវេលាម៉ោង៧យប់ថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង និងការប្រើប្រាស់ទឹកអស់ច្រើនគូប ប៉ុន្តែករណីខាងលើនេះមិនបានបង្កអោយនរណាម្នាក់រងរបួសនោះទេ ចំណែកអណ្តាតភ្លើងបានឆេះសម្ផារៈ និងទ្រព្យសម្បត្តិមួយចំនួននៃផ្នែកខាងក្នុងហាងផងដែរ ។

ចំពោះមូលហេតុបង្កអោយមានករណីអគ្គិភ័យនេះកើតឡើងពុំទាន់មាននរណាម្នាក់ដឹងថាមកពីបញ្ហាអ្វីនោះទេ ដឹងត្រឹមថាអណ្តាតភ្លើងនេះ បានឆេះខ្លាំងជាងគេនៅចំណុចផ្ទះបាយ ដែលប្រជាពលរដ្ឋនៅក្បែរនោះសង្ស័យឆេះចេញមកពីកន្លែងធ្វើម្ហូប ខណៈសមត្ថកិច្ចជំនាញមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ ស្ថិតនៅក្រោមការស្រាវជ្រាវនៅឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ