ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវបានក្រុមកម្មករ ព្រួតគ្នាវាយនិងកាប់ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់នៅខាងមុខហាងម៉ាត LK ដោយក្រុមជនសង្ស័យចោទថា ជនរងគ្រោះផឹកស្រា ញ៉ែស្រីស្នេហ៌របស់ពួកគេ តែសមត្ថកិច្ចប្រាប់ថា ផឹកស្រវឹងជជែកវែកញែករឿងសង្គ្រាម នៅអ៊ុយក្រែន ជាមួយរស្ស៊ី ហើយក៏ផ្ទុះជម្លោះនៅក្នុងវង់ផឹកស៊ី និយាយពាក្យអសុរោះឱ្យគ្នារហូតក្រុមជនសង្ស័យវាយជនរងគ្រោះ យ៉ាងសាហាវព្រៃផ្សៃ ជនរងគ្រោះប្រឹងរត់គេចចេញមកដល់ខាងមុខហាងម៉ាត ក៏ត្រូវជនដៃដល់ម្នាក់ចាក់ប្រហារ ឲ្យដួលស្លាប់នៅក្នុងថ្លុកឈាម ដ៏រន្ធត់។
ករណីនេះបានកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទៅ២៣តុលា២០២៤នៅខាងមុខហាងម៉ាត ផឹកស៊ីមួយកន្លែងយីហោLK ស្ថិតនៅភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទ៌។
បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា មុនកើតហេតុ មានក្រុមកម្មករសំណង់ ១ក្រុមមានគ្នា១៨នាក់ បានទៅផឹកស៊ី នៅក្នុងហាងម៉ាត០១កន្លែងដែលមានស្លាកយីហោ LK ក្បែការដ្ឋានសំណង់ដែលពួកគេធ្វើការ ក្រោយពេលផឹកស៊ីស្រវឹងជោកជាំរៀងខ្លួននោះក៏ជជែកវែកញែក រឿងសង្គ្រាមនៅ ប្រទេសអ៊ុយ ក្រែន ជាមួយរស្ស៊ី រហូតនិយាយឲ្យក្តគ្នាទៅវិញទៅមក ក៏ផ្ទុះជម្លោះក្នុងវង់ផឹកស៊ី កើតអំពើរហិង្សា ម្នាក់ទាញប៉ែលវាយទៅលើជនរងគ្រោះ២បីប៉ែល ខណៈនោះជនរងគ្រោះរត់មកក្រៅ ក៏ត្រូវជនសង្ស័យចាក់ បណ្តាលឲ្យដួលស្លាប់នៅក្នុងថ្លុកឈាមតែម្តង ។
ហើយអ្នកខ្លះនិយាយថា ក្រុមជនបង្ក ចោទថា ជនរងគ្រោះញ៉ែ ស្រីស្នេហ៌របស់ពួកគេ ក៏ទាស់សំដីគ្នា បង្កហិង្សា ដោយក្រុមជនសង្ស័យព្រួតវាយទៅលើជនរងគ្រោះខណៈនោះជនរងគ្រោះបានរត់គេចខ្លួនចេញមកក្រៅហាងម៉ាតនោះ ក៏ត្រូវក្រុមជនសង្ស័យដេញតាមមកដល់ខាងមុខហាងម៉ាតនោះហើយបានទាញប៉ែលវាយទៅលើជនរងគ្រោះ និងយកកាំបិតចាក់ប្រហារទៅលើជនរងគ្រោះបណ្តាលឲ្យដួលទៅលើដី ស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមតែម្តង។
ប្រភពបន្តថា ក្រោយមកសន្តិសុខបានរាយការណ៍ជូនសមត្ថកិច្ច គ្រាន់តែទទួលដំណឹងភ្លាមលោកអធិការនគបាលស្រុកបានបញ្ជាឲ្យកម្លាំងចុះទៅដល់កន្លែងកើតហេតុភ្លាមៗហើយបាន ពិនិត្យមើលតាមកមារាសុវត្ថិភាព បានកំណត់មុខសញ្ញាបានភ្លាមៗ និងធ្វើការបង្ក្រាប និងចាប់ខ្លួនក្រុមជនសង្ស័យបានចំនួន១៧នាក់ បញ្ជូនទៅអធិការដ្ឋាននគបាលស្រុកកំពង់រោទ៌ដើម្បីសាកសួរតាមនីតិវិធី។
ចំពោះសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបានរាំងខ្សែ ទុករហូតព្រឹកឡើងថ្ងៃទី២៤តុលា២០២៤ ពិនិត្យធ្វើកោសល្យវិច្ច័យលទ្ធផលឃើញថា ជនរងគ្រោះ ពិតជា ស្លាប់ដោយអំពើឃាត្តកម្ម មានស្នាមរបួសដោយប៉ះទង្គិចវត្ថុរឹង និងចាក់និងវត្ថុចុងស្រួច ។
ក្រោយពីធ្វើកោសល្យរួច សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ជនរងគ្រោះឈ្មោះកែវ វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរធ្វើការជាជាងសំណង់នៅដីឡូ ភូមិអូរជិតកន្លែងកើតហេតុ។
ចំណែក សន្តិសុខយាមនៅម៉ាតនោះបានឲ្យដឹងថា ជនរងគ្រោះ គឺជាជាងសំណង់ធ្វើការ នៅសំណង់ដីឡូ ជាមួយគ្នា ជាមួយក្រុមជនសង្ស័យដែរ ហើយមកផឹកស៊ីជាមួយគ្នា ទំនងជា ផឹកស៊ីហើយពេលស្រវឹង ក៏ដណ្តើមស្រីគ្នា រហូតផ្ទុះជម្លោះ បង្កហិស្សាតែម្តង។
បើតាមលោកអធិការនៃអធិការដ្ឋាននគបាលស្រុកកំពង់រោទ៌ បានមានប្រសាសន៍ថា បើតាមការសួរចម្លើយ ក្នុង១៧នាក់នេះគឺមាន០៣នាក់ជាជនដៃដល់ ហើយនៅពេលសមត្ថកិច្ចសួរថា ជនណាដែលជាអ្នកចាក់សម្លាប់ជនរងគ្រោះ គ្មានអ្នកណាឆ្លើយទទួលកំហុសទេ ដូច្នេះលោកបានបញ្ជូនជនសង្ស័យទាំង១៧នាក់ ទៅលោកនាយការិល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងចាត់ការតាមនីតិវិធី។
ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកនាយការិយាល័យព្រហ្មទណ្ធកម្រិតធ្ងន់បានទេរហូតមកដល់ល្ងាចថ្ងៃទី២៥តុលានេះ ។
សមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថាចំពោះជនសង្ស័យទាំង១៧នាក់បានបញ្ជូនទៅអេយ្យការអមសាលាដំបូងខេត្តស្វាយរៀងចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ