រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ នឹងត្រូវប៉ះក្រុមជម្រើសជាតិអាហ្វហ្គានីស្ថានអាយុក្រោម១៧ឆ្នាំ នៅវេលាម៉ោង ០៧:០០នាទីយប់នេះ នៅកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ សម្រាប់ជំនួបទី៣ ពូល B វគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ។
សូមជម្រាបថា កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គជម្រុះ ពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers សម្រាប់ពូល B ដែលដំណើរការចាប់ពីថ្ងៃទី១៩ ខែតុលា រហូតដល់ថ្ងៃទី ២៧ ខែតុលា ឆាំ្ន ២០២៤ ដោយប្រើប្រាស់ពហុកីឡដ្ឋានជាតិអូឡាំពិក និងកីឡដ្ឋានព្រីនស៍ ស្ថិតនៅរាជធានីភ្នំពេញ ដើម្បីរៀបចំការប្រកួត។ ក្រុមលេខ១ប្រចាំពូល នឹងបានសិទ្ធិស្វ័យប្រវត្តិទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រពានរង្វាន់ AFC U17 Asian Cup ឆ្នាំ ២០២៥ ដែលប្រទេសអារ៉ាប៊ីសាអូឌីតទទួលធ្វើម្ចាស់ផ្ទះ ខណៈដែលក្រុមលេខ២ត្រូវអ៊ុតចំណាត់ថ្នាក់ក្រុមលេខ២ល្អ៕ (រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង AFC Asian Cup)
ចែករំលែកព័តមាននេះ