ស្ថាប័នតំណាងកីឡាករបាល់ទាត់ និងក្លិបនៅអឺរ៉ុបរួមគ្នាប្តឹងប្រឆាំងកាលវិភាគប្រកួតថ្មីរបស់ FIFA
1 ខែ មុន
អន្តរជាតិ ៖ ស្ថាប័នសំខាន់ៗតំណាងឱ្យកីឡាករបាល់ទាត់ និងបណ្តាក្លិបនៅអឺរ៉ុប កាលពីដើមសប្តាហ៍នេះ បានដាក់ពាក្យបណ្តឹងទៅគណៈកម្មការអឺរ៉ុបដោយបានចោទប្រកាន់សហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថា FIFA ពីបទរំលោភលើតួនាទីរបស់ខ្លួនជុំវិញការផ្លាស់ប្តូរ និងបន្ថែមកាលវិភាគប្រកួតអន្តរជាតិ។ យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន…
អន្តរជាតិ ៖ ស្ថាប័នសំខាន់ៗតំណាងឱ្យកីឡាករបាល់ទាត់ និងបណ្តាក្លិបនៅអឺរ៉ុប កាលពីដើមសប្តាហ៍នេះ បានដាក់ពាក្យបណ្តឹងទៅគណៈកម្មការអឺរ៉ុបដោយបានចោទប្រកាន់សហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថា FIFA ពីបទរំលោភលើតួនាទីរបស់ខ្លួនជុំវិញការផ្លាស់ប្តូរ និងបន្ថែមកាលវិភាគប្រកួតអន្តរជាតិ។
យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា ស្ថាប័នសំខាន់ៗទាំងនោះរួមមាន ៖ FIFPro Europe, European Leagues និង La Liga របស់អេស្ប៉ាញបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានដើរតួនាទីផ្ទុយក្នុងនាមស្ថាប័នគ្រប់គ្រង និងអ្នករៀបចំការប្រកួត ដែលបណ្តាលឱ្យមានជម្លោះផលប្រយោជន៍។ ស្ថាប័នសំខាន់ៗតំណាងឱ្យកីឡាករបាល់ទាត់ និងបណ្តាក្លិបនៅអឺរ៉ុប បានបង្ហាញពាក្យបណ្តឹងរបស់ពួកគេក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ដោយអះអាងថា ការសម្រេចចិត្តរបស់ FIFA លើកាលវិភាពប្រកួតអន្តរជាតិ គឺជាការរំលោភបំពានលើការគ្រប់គ្រង ក៏ដូចជាបំពានច្បាប់សហភាពអឺរ៉ុប។
FIFPro Europe គឺជាសហជីពតំណាងកីឡាករពិភពលោក ខណៈលីគនៅអឺរ៉ុបប្រមូលផ្តុំសមាជិកមកពីក្លិបជាង១ពាន់មកពី៣៣ប្រទេសជុំវិញទ្វីបអឺរ៉ុប។ លីគជាសមាជិករបស់ FIFPro រួមមាន English Premier League ក៏ដូចជាលីគប្រទេសអ៊ីតាលី អាល្លឺម៉ង់ និងបារាំង។ ចំណែក La Liga របស់អេស្ប៉ាញមិនមែនជាសមាជិកទេ ប៉ុន្តែពួកគេក៏បានចូលរួមជាមួយពាក្យបណ្តឹងដាច់ដោយឡែកផងដែរ។ ដោយបានអះអាង ច្បាប់ ហើយទង្វើ ក៏ដូចជាការបន្ថែមកាលវិភាគដ៏មមាញឹករបស់ FIFA ប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចលីគក្នុងស្រុក និងសុខភាព សុវត្ថិភាពកីឡាករបាល់ទាត់នៅអឺរ៉ុប។ ដូច្នេះការប្រឈមនឹងផ្លូវច្បាប់ គណៈកម្មការអឺរ៉ុបបានក្លាយទៅជាសកម្មភាពចាំបាច់មួយ ដើម្បីការពារវិស័យបាល់ទាត់អឺរ៉ុប។
FIFA រងការចោទប្រកាន់ពីការបរាជ័យក្នុងការពិគ្រោះយោបល់ ជុំវិញការផ្លាស់ប្តូរកាលពីពេលថ្មីៗនេះ ចំពោះកាលវិភាគដូចជា ពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២៥ ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ដោយបន្ថែមចំនួនក្រុមរហូតដល់៣២ក្រុម ហើយក្លិបនៅអឺរ៉ុបមានចំនួនដល់១២ក្រុម។ ដូច្នេះកីឡាករអឺរ៉ុបជាច្រើន នឹងមានកាតព្វកិច្ចចូលរួមប្រកួតចំពេលសម្រាកក្រោយបិទបញ្ចប់រដូវកាលលីគបាល់ទាត់ ពោលគឺ១ឆ្នាំ មុនការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ ដែលបន្ថែមចំនួនក្រុមរហូតដល៤៨ក្រុម។
របាយការណ៍ FIFPro បានចោទប្រកាន់ FIFA ថាបានធ្វើឱ្យកីឡាករប្រឈមហានិភ័យធ្ងន់ធ្ងរ ចំពេលកាលវិភាគប្រកួតបន្តបន្ថែមឥតឈប់ឈរ ខណៈដែលកីឡាករជាច្រើនត្អូញត្អែរអំពីផលលំបាក ហើយកីឡាករល្បីលំដាប់ពិភពលោកមួយចំនួន ថែមទាំងបានជំរុញឱ្យមានការកូដកម្មប្រឆាំងសកម្មភាពរបស់ FIFA ផងដែរ។ ជាមួយគ្នានេះដែរ តំណាងលីគក្នុងស្រុកបានសម្តែងការព្រួយបារម្ភថា ការប្រកួតរបស់ពួកគេនឹងប៉ះពាល់ខ្លាំងបំផុត ដោយកីឡាករល្អៗជាច្រើន នឹងខកខានការប្រកួតក្នុងស្រុកបន្ថែមទៀតដោយជៀសមិនរួច ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងក្រុមហ៊ុនជាដៃគូសហការរបស់ពួកគេ។
ទោះយ៉ាងណាក៏ដោយ FIFA បានលើកហេតុផលថា កាលវិភាគថ្មីដែលកំណត់រហូតដល់ឆ្នាំ ២០៣០ ត្រូវបានអនុម័តរួចហើយ ដោយទាំងមានការពិគ្រោះយោបល់ពីក្រុមប្រឹក្សារបស់ខ្លួន ដែលមានការចូលរួមពី FIFPro និងស្ថាប័នលីគអាជីពផងដែរ៕ (ដកស្រង់ ៖ AFP, FIFPro, The Guardian និង ESPN)
ចែករំលែកព័តមាននេះ