ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ័យត្រឹម១៧ឆ្នាំ! យុវតីម្នាក់ក្លាយជាអត្តពលិក Pickleball រកចំណូលបានច្រើនបំផុត

1 ខែ មុន

សហរដ្ឋអាមេរិក ៖ យុវតី Anna Leigh Waters ដែលជាកីឡាការិនីកីឡា Pickleball ដែលជាកីឡាស្រដៀងនឹងកីឡាវាយតេន្នីសនោះ ស្ថិតក្នុងវ័យត្រឹម១៧ឆ្នាំប៉ុណ្ណោះ…

សហរដ្ឋអាមេរិក ៖ យុវតី Anna Leigh Waters ដែលជាកីឡាការិនីកីឡា Pickleball ដែលជាកីឡាស្រដៀងនឹងកីឡាវាយតេន្នីសនោះ ស្ថិតក្នុងវ័យត្រឹម១៧ឆ្នាំប៉ុណ្ណោះ នឹងបញ្ចប់ឆ្នាំ២០២៤នេះ ជាមួយប្រាក់ចំណូលសរុបចំនួន៣លានដុល្លារអាមេរិក និងក្លាយអត្តពលិកអាជីពកីឡា Pickleball ដែលរកចំណូលបានច្រើនជាងគេបំផុត។

ប្រភពពីគេហទំព័រ The Kitchen Pickle ដែលជាគេហទំព័រផ្តោតល់កីឡា Pickleball កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ដោយបន្ថែមពីលើប្រាក់រង្វាន់របស់ Anna Leigh Waters ពីការប្រកួតនោះ កីឡាការិនីអាមេរិកវ័យក្មេងរូបនេះ ទទួលចំណូលពីកិច្ចព្រមព្រៀងភាពដៃគូជាមួយក្រុមហ៊ុនល្បីៗមួយចំនួនដូចជា Fila, Paddletek, Carvana, Lock Laces, Shiseido និង Cetaphil ផងដែរ។ ប្រាក់ចំណូលកីឡាការិនីរូបនេះ ត្រូវបានរាយការណ៍ថាមានចំនួនលើសប្រាក់ចំណូលរបស់កីឡាករ Ben Johns ជាកីឡាករជាប់ចំណាត់ថ្នាក់លេខ១ពិភពលោកក្នុងការប្រកួត Pickleball អាជីពបុរសបច្ចុប្បន្ន។ ដែលប្រាក់ចំណូលកីឡាករឆ្នើមអាមេរិកវ័យ២៥ឆ្នាំរូបនេះរកបានប្រមាណ ២.៥លានដុល្លារពីប្រាក់រង្វាន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

កើតនៅឆ្នាំ ២០០៧ នៅទីក្រុង Delray Beach រដ្ឋផ្លរីដា កីឡាការិនី Waters ត្រូវបានជីតានាងណែនាំ​ឱ្យលេងកីឡា Pickleball បន្ទាប់ពីគ្រួសារនាងបានផ្លាស់ទីលំនៅទៅរដ្ឋផេនស៊ីលវ៉ានីក្នុងឆ្នាំ ២០១៧ ដោយគេចចេញពីខ្យល់ព្យុះអ៊ីម៉ា (Irma)។ នៅអាយុត្រឹមតែ១១ឆ្នាំប៉ុណ្ណោះ Waters បានប្រកួតប្រជែងអាជីពលក្ខណៈដៃគូជាមួយនឹងម្តាយរបស់នាងចំនួន២ប្រកួត ដែលរៀបចំឡើងនៅទីក្រុង​ដាឡាស់ រដ្ឋតិចសាស់។ Waters បានប្រាប់គេហទំព័រ The Kitchen Pickle ថា «ម្តាយរបស់ខ្ញុំសុំឱ្យខ្ញុំចាប់ដៃគូជាមួយគាត់ ហើយពួកយើងបានប្រកួត និងឈ្នះបានប្រាក់នៅក្នុងការប្រកួតអាជីព។ ហើយនៅពេលនោះ ម្តាយរបស់ខ្ញុំនិយាយថា អូខេ, ម៉ាក់គិតថាកូនបានត្រៀមខ្លួនជាស្រេចដើម្បីប្រកួតអាជីពជាមួយម៉ាក់។ នោះហើយជារបៀបដែលដំណើរអាជីពរបស់ខ្ញុំបានចាប់ផ្តើម»។

នៅក្នុងឆ្នាំ ២០១៩ Waters បានក្លាយជាអត្តពលិកកីឡា Pickleball អាជីពក្មេងជាងគេក្នុងប្រវត្តិ​សាស្ត្រនៅត្រឹមអាយុ១៣ឆ្នាំ។ លោកស្រី Kelly Wolf ដែលជាភក្នាក់ងាររបស់កីឡាការិនី Anna Leigh Waters បាននិយាយថា «នេះគឺគ្រាន់តែជាការចាប់ផ្តើមរបស់ Waters ប៉ុណ្ណោះ។ នាងនៅមានផ្លូវវែងឆ្ងាយតទៅទៀត។ បច្ចុប្បន្នគ្មាននរណាម្នាក់នៅទីនោះមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនល្បីៗដូចដែល Waters មាននៅពេលនេះទេ»។

សូមជម្រាបថា បច្ចុប្បន្ន កីឡាការិនី Anna Leigh Waters កំពុងឈរចំណាត់ថ្នាក់លេខ១ពិភពលោកក្នុងវិញ្ញាសាឯកត្តជន វាយដៃគូ និងវិញ្ញាសាចម្រុះ ដោយសមាគមកីឡា Pickleball អាជីពពីភពលោក៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ