ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តយីឌុបធុនយក្ស១គ្រឿងក្រឡាប់ផ្ងារជើង មហាជនដាក់ការសង្ស័យថាដឹកសាច់បង្កកនាំចូលពីប្រទេសវៀតណាម ឆ្លងដែនចូលមករដ្ឋបាលស្រុកកំពង់រោទ៌ក្នុងទិសដៅពីត្បូងទៅជើង គោលដៅឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ស្ថិតនៅចំណុចភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅលើផ្លូវលេខ ៣១៤D ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០-១១ បានក្រឡាប់ផ្ងាជើងតែម្តង បណ្ដាលឱ្យអ្នកបើកបររថយន្តរងរបួសធ្ងន់ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅគ្លីនិកឯកជនស្រុកកំពង់រោទ៌។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៥៣នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៤ខែតុលាឆ្នាំ២០២៤ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តយីឌុបធុនធំមួយគ្រឿងខាងលើនេះម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-3046 បើកបរដោយឈ្មោះ ភិន សុភាក់ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ អ្នកបើកបរ មានទីលំនៅខេត្តតាកែវ មានរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យឯកជនស្រុកកំពង់រោទិ៍។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ រថយន្តធុនធំក្រឡាប់នេះគឺបណ្ដាលមកពីគេចរថយន្តតូចមិនស្គាល់អត្តសញ្ញាណ១គ្រឿងដែលបើកបរបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូង ។
តាមប្រភពសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ចំពោះរថយន្តដែលក្រឡាប់នេះសង្ស័យ ដឹកសាច់បង្កកពីប្រទេសវៀតណាមឆ្លងដែនចូលមកប្រទេសកម្ពុជា ដោយរថយន្តនេះមានទូបំពាក់ម៉ាស៊ីនត្រជាក់ ហើយបើដឹកទំនិញផ្លែឈើ មិនមែនធ្វើចរាចរណ៍នៅពេលយប់អាធ្រាតនោះទេ។
បច្ចុប្បន្ន រថយន្តយីឌុបនេះ សមត្ថកិច្ចបានកំពុងស្ទូចចេញពីកន្លែងកើតហេតុ ដោយសមត្ថកិច្ចមិនបានបញ្ជាក់ថាយកទៅទីណានោះទេ ហើយក៏មិនបញ្ជាក់ថាចំពោះរថយន្តមួយគ្រឿងដែលក្រឡាប់នេះដឹកទំនិញអ្វីនោះដែរ ដូចជាមានការលាក់លៀម មិនសមនាំគ្នាលាក់ទេ សង្ស័យត្រូវគ្នាឱ្យនាំចូលស៊ីចុករួចក៏ខកចិត្ត ព្រោះវាក្រឡាប់ដែលព្រះមិនជួយ ។
ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកអធិការនៃអធិការដ្ឋាននគបាលស្រុកកំពង់រោទ៌បានទេទូរសព្ទ័មិនចូល ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ