ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ អនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​” របស់​ក្រសួងមហាផ្ទៃ បាន​យ៉ាង​ល្អ​១០០​ភាគរយ

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​សាលា​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា​នេះ មាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្តី​ពី​ការ​អនុវត្ត​គោល​នា​យោ​បាយ “​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​” របស់​ក្រសួងមហាផ្ទៃ ឆ្នាំ​២០២៤-២០២៨…

រាជធានី​ភ្នំពេញ ៖ នៅ​សាលា​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា​នេះ មាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្តី​ពី​ការ​អនុវត្ត​គោល​នា​យោ​បាយ “​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​” របស់​ក្រសួងមហាផ្ទៃ ឆ្នាំ​២០២៤-២០២៨ នៅ​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក សន្តិ​បណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ទី​១ និង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំងប្រដាប់អាវុធ ចំណុះ​ឱ្យ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ។

ក្នុង​ឱកាស​នោះ លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក ឡើង​ថា ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ខិតខំ​ប្រឹងប្រែង​បំពេញ តួនាទី​ភារកិច្ច​របស់​ខ្លួន ក្នុង​ការ​រួមចំណែក​ថែរក្សា ស្ថេ​រ​ភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​បាន​ចាត់តាំង​អនុវត្ត យ៉ាង​ម៉ឹង​ម៉ាត់ នូវ​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ ដោយ​រក្សា​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ បាន​យ៉ាង​ល្អ​ប្រសើរ ទប់ស្កាត់​បាន​ទាំងស្រុង​នូវ​បដិវត្ត​ពណ៌ ធានា​ប្រក្រតី​ភាព​សង្គម ជីវភាព​សង្គម​លើ​គ្រប់​វិស័យ​ ​រក្សា​ប្រក្រតី​ភាព​មីក្រូសេដ្ឋកិច្ច បង្កើន​ជំនឿ​ទុកចិត្ត ដល់​អ្នក​វិនិយោគ​គិ​ន ពាណិជ្ជករ ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​រស់នៅ ដោយ​ភាព​សុខដុមរមនា ។

លោក ឃួ​ង ស្រេង បាន​បន្ត​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៤​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​រក្សា នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ បាន​យ៉ាង​ល្អ​ប្រសើរ ជូន​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ ដោយ​ចំនួន​បទល្មើស​បាន​កើត​មាន ចំនួន ២៤៩​លើក លើ ២៦៤​ករណី គឺ​ថយ​ចុះ ១៥​ករណី ។ ក្នុង​នោះ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ម្ចាស់​ការ​បង្ក្រាប​បទល្មើស​បាន​សរុប ២៣១​ករណី ពិសេស​ថែម​ទៀត​នោះ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ចូលរួម​ទប់ស្កាត់ ព្រឹត្តិការណ៍​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៤ ថ្មី​ៗ​នេះ ដោយ​ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច បាន​ព្យាយាម និង​ប៉ុនប៉ង បង្វែរ​ពី​ការ​ធ្វើ​បាតុកម្ម នៅ​រាជធានី​ភ្នំពេញ ទៅ​ជា​ការ​បំផុស​ចលនា ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល ស្របច្បាប់ ។

លោក​សន្តិ​បណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​លើក​ឡើង​ដែរ​ថា ការ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្តី​ពី​ការ​អនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​” របស់​ក្រសួងមហាផ្ទៃ ឆ្នាំ ២០២៤-២០២៨ ​ធ្វើ​ឡើង ខណៈ​ដែល​ការងារ​នេះ រដ្ឋបាល​ស៊ី​វិល​និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ បាន​និង​កំពុង​អនុវត្ត​ការងារ​នេះ​បាន​យ៉ាង​ល្អ​១០០% នៅ​ភ្នំពេញ ។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បញ្ជាក់​ថា សន្តិសុខ​សំខាន់​ណាស់ កងកម្លាំង អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចាំ​ថា “​ប្រហែស​បាត់ ប្រយ័ត្ន​គង់​” ។ សម្រាប់​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​របស់​លោ​គ ឃួ​ង ស្រេង តែង​ក្រើនរំលឹក​ជា​និច្ច​ដល់​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ឱ្យ​យកចិត្ត​ក្នុង​ដាក់ ក្នុង​ការ​ធ្វើ​យ៉ាងណា​ឱ្យ​ភូមិ សង្កាត់​នៅ​រាជធានី​ភ្នំពេញ មាន​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ