ខេត្តកំពង់ស្ពឺ ៖ ក្រុមក្មេងទំនើងចំនួន០៣នាក់ ត្រូវបានកម្លាំងប្រជាការពារភូមិ សហការជាមួយកម្លាំងនគរបាលស្រុកសំរោងទងធ្វើការឃាត់បាន ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ថា ក្រុមក្មេងទំនើងខាងលើបានដេញវាយកាប់ចាក់គ្នានៅលើផ្លូវសាធារណៈហើយបានផ្តួលម៉ូតូចោលព្យាយាមជិះម៉ូតូរត់គេចខ្លួននគរបាលស្រាវជ្រាវវែកមុខឃើញ ។
តាមការឱ្យដឹងពីលោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងថា កាលពីវេលាម៉ោង៩ និង៤៤នាទីយប់ថ្ងៃទី២៣ តុលា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា មានក្រុមក្មេងទំនើងចំនួន០២ក្រុមកំពុងរករឿងឈ្លោះប្រកែកនិងរកកាប់គ្នា នៅចំមុខរោងចក្រសេងស៊ីនវ៉ាង ស្ថិតនៅភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោកអធិការនគរបាលស្រុកសំរោងទងបានបន្តថា ក្រោយទទួលបានព័ត៌មានរួចមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកាហែង បានសហការជាមួយលោកមេភូមិ និងប្រជាការពារភូមិ បានចុះទៅដល់កន្លែងកើតហេតុ ក៏បានជួបម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Y.9537 កំពុងបើកបរលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៤-៥៥ បានបើកបរពីទិសខាងលិចទៅទិសខាងកើត ដោយជិះគ្នាចំនួន០៣នាក់ ជាក្មេងប្រុសៗមានកាន់កាប់បិតផ្គាក់១ដើម និងដាវ១ដើម ដោយមានសង្ស័យក៏ធ្វើការឃាត់សួរនាំ ប៉ុន្តែសង្ស័យមិនស្គាល់អត្តសញ្ញាណទាំង០៣នាក់ខាងលើ ក៏បានបើកម៉ូតូព្យាយាមរត់គេច ។
លុះមកដល់ចំណុចខាងកើតរោងចក្រយីហោ វ៉ាយលាន ស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រុមក្មេងទំនើងក៏បានផ្ដួលម៉ូតូចោលក្នុងស្រែហើយក៏នាំគ្នារត់គេចខ្លួនទៅទិសខាងត្បូងបាត់ទៅ។ ភ្លាមៗកម្លាំងនគរបាលក៏បានដកវត្ថុតាងមានកាំបិតផ្គាក់១ដាវ១ម៉ូតូ១គ្រឿងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាហែង ។
តាមការបញ្ជាក់ពីលោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងថា រហូតដល់វេលាម៉ោង៤រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលពីលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារងអបសាលាដំបូងខេត្តកំពង់ស្ពឺនឹងមានការដឹកនាំចង្អុលពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃស្នងការនគរបាលខេត្តកំពង់ស្ពឺផងនោះកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយ កម្លាំងប៉ុស្ដិ៍ឃុំកាហែង បានធ្វើការស្រាវជ្រាវឃាត់មនុស្សចំនួន០៣នាក់:ដែលទី១- មានឈ្មោះ នឹល គង្គា ហៅគា ភេទប្រុស អាយុ២០ឆ្នាំ ម្ចាស់ម៉ូតូ រស់នៅភូមិព្រៃទទឹង ឃុំហោងសំណំ ស្រុកឱរ៉ាល់ កំពង់ស្ពឺ ទី២- ឈ្មោះ ស៊ីណេត សុខចាន់ ភេទប្រុស អាយុ១៨ឆ្នាំ អ្នកកាន់កាំបិតផ្គាក់ និង៣- ឈ្មោះ ផាប់ វិបុល ភេទប្រុស អាយុ ១៨ឆ្នាំ អ្នកកាន់ដាវ ទាំង ២នាក់រស់នៅភូមិអន្លង់ខ្លឹង ឃុំហោងសំណំ ស្រុកឱរ៉ាល់ កំពង់ស្ពឺ ។
លោកអធិការនគរបាលស្រុកសំរោងទងបានបញ្ជាក់បន្ថែមទៀតថា ក្រោយនគរបាលឃាត់ខ្លួនក្រុមក្មេងទំនើងធ្វើការសួរនាំក្រុមសង្ស័យខាងលើបានឆ្លើយសារភាពថាវត្ថុតាងខាងលើទាំងអស់នេះពិតជារបស់ពួកខ្លួនមែន ។ បច្ចុប្បន្ន ក្រុមជនសង្ស័យរួមជាមួយវត្ថុតាងនគរបាលស្រុកបានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ