ខេត្តមណ្ឌលគិរី ៖ ខណៈដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ទំនប់ទឹកបីកន្លែង ក្នុងខេត្តមណ្ឌលគិរី សម្តេចធិបតី បានលើកឡើងថា រដូវនេះខេត្តមណ្ឌលគិរី មានធ្លាក់ខ្យល់ត្រជាក់ស្រួល តែខ្យល់មួយទៀត គឺមេខ្យល់ នាំប្រជាពលរដ្ឋ ចាប់ដីព្រៃ គឺជាខ្យល់ក្តៅ ដូច្នេះសម្តេចបានដាក់បទបញ្ជាដល់អាជ្ញាធរ ត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ឋ ជាពិសេសអ្នកនៅពីក្រោយករណីនេះ ចាត់ការតាមផ្លូវ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសបែបនេះ ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ” នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ នៅខេត្តមណ្ឌលគិរី ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «ខ្ញុំស្នើឱ្យសមត្ថកិច្ច និងអាជ្ញាធរមើលមេខ្យល់ ដែលដើរកៀរគប្រជាពលរដ្ឋមកចាប់ដីនេះ ដើម្បីអនុវត្តន៍តាមច្បាប់ ព្រោះថា គាត់បានដើរបោកប្រជាពលរដ្ឋ។ មេខ្យល់នេះ ខុសពីខ្យល់ ដែលកំពុងធ្លាក់នេះ គឺត្រជាក់ ឯមេខ្យល់នោះ គឺជាខ្យល់ក្តៅ ដោយដើរបោកប្រជាពលរដ្ឋ ហើយមានរឿងទៀត និងដោយសារនៅពេលប្រជាពលរដ្ឋទៅកាប់ដី ឬព្រៃ នៅកន្លែងណាមួយ នឹងមានរឿងទៀត» ។
«មេខ្យល់ ឥឡូវ.. ខ្ញុំបានប្រកាសរឿងដីសម្បទានសង្គមកិច្ច ដែលយើងបន្ត ហើយក្រុមការងារ បានកំពុងរៀបចំចែកប្រជាពលរដ្ឋ ដែលនឹងចាប់ផ្តើមពីឆ្នាំក្រោយ ប៉ុន្តែខ្ញុំមើលហ្វេសប៊ុក ល្ងាចមិញ មានមេខ្យល់ទៅបំផុសប្រជាពលរដ្ឋ ដើម្បី (មិនដឹងថា បង់លុយ ឬយ៉ាងណា) ចុះឈ្មោះយកដីសម្បទាន។ ខ្ញុំសូមបញ្ជាក់ គឺអត់មាននោះទេ។ អត់មានមេខ្យល់ណា ទៅឱ្យបំផុស ដើម្បីទៅយកដី សម្បទាននោះទេ បើចុះឈ្មោះតាមយន្តការរដ្ឋ តាមអាជ្ញាធរឃុំ ហើយយើងមានការប្រកាសផ្សាយច្បាស់លាស់។ អ៊ីចឹង សូមឱ្យបងប្អូនកុំជឿ លើមេខ្យល់ ដែលកំពុងបំផុស ដើម្បីយកលុយថា ដើម្បីយកដីនេះ គឺអត់មាននោះទេ» ៖ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្ដ្រី បានប្រកាសជាលើកចុងក្រោយ ហើយក៏សូមឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋបានដឹង និងធ្វើការទប់ស្កាត់ ព្រោះថា គ្រាន់តែសម្តេច ប្រកាសបង្កើតមូលនិធិ ធ្វើហេដ្ឋារចនាសម្ព័ន្ធផ្លូវតាមព្រំដែន ដោយឱ្យប្រជាពលរដ្ឋចូលតាម QR ក៏មានអ្នកទៅលួចបង្កើត ABA ឱ្យប្រជាពលរដ្ឋបង់ថ្លៃ ដូច្នេះទាល់តែប្រាប់ បើមិនដូច្នេះ ប្រជាពលរដ្ឋចាញ់បោកជាមិនខាន ព្រោះថា សម័យឥឡូវមានភាពជឿនលឿន ។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា ៖ «ខ្ញុំសូមប្រាប់ថា បើខ្យល់នេះល្ហើយ មានផាសុកភាព តែមេខ្យល់ចាប់ដីនេះ គឺអត់ទេ។ គឺកុំធ្វើ ហើយធ្វើត្រូវតែប្រឈមនឹងការអនុវត្តច្បាប់ ហើយប្រជាប្រជាពលរដ្ឋ សូមកុំចាញ់បោកឱ្យសោះ ខ្ញុំប្រកាស។ ជាក់ស្តែងនៅស្រុកពេជ្រា្ជដា មានករណីមេខ្យល់នេះ អ៊ីចឹង សូមអាជ្ញាធរខេត្ត និងសមត្ថកិច្ច ធ្វើការឆែកមើលឱ្យច្បាស់ ព្រោះខ្ញុំឃើញមានការផ្សព្វផ្សាយ ដោយមានគេបាញ់ឱ្យមកខ្ញុំ។ ឥឡូវសូមឱ្យច្បាស់ណា ដល់ពេលយើងរៀបចំយន្តការ ជូនប្រជាពលរដ្ឋអត់មានដី» ៕
ចែករំលែកព័តមាននេះ