ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋឃុំក្រួសកំពុងមមារញឹកច្រូតកាត់ស្រូវក្នុងរដូវដើមវស្សា ក៏ប៉ុន្តែប្រាប់ថា លក់ស្រូវដើមវស្សានេះ គឺមានតម្លៃថោក ក្នុង១គីឡូបានតម្លៃ៦,៦០០ដុង បើគិតជាប្រាក់រៀលខ្មែរយើង គឺតម្លៃ១,១៣០រៀលប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតែសប្បាយរីករាយក្នុងការទទួលបានទិន្នផលស្រូវ ហើយលក់ចេញទៅប្រទេសវៀតណាម ដោយគេមកប្រមូលទិញ។

កាលពីរសៀលថ្ងៃទី២៣ តុលា ២០២៤ ប្រជាកសិករនៅភូមិក្រួស ឃុំក្រួស ស្រុកស្វាយជ្រំ បានប្រាប់កោះសន្តិភាពថា ប្រជាកសិករសប្បាយរីករាយពេលស្រូវទុំបានច្រូតកាត់ ប្រមូលផលនៅដើមរដូវវស្សានេះ ធ្វើស្រូវអ៊ីអ៊ែរ័៥៩ យកពូជមកពីប្រទេសវៀតណាម មានទិន្និផលខ្ពស់ក្នុង១ហិកតា ទទួលបានជាមធ្យម៤តោន ទៅ៥តោនក្នុង១ហិកតា ដោយឆ្នាំនេះ អំណោយផលល្អមានទឹកភ្លៀងគ្រប់គ្រាន់ មានប្រពន្ធ័ប្រឡាយស្រោចស្រប់ស្រែគ្រប់គ្រាន់ ហើយពេលច្រូតកាត់ទទួលផល គឺលក់ទៅឲ្យឈ្មួញវៀតណាមវិញ ក៏ប៉ុន្តែនៅដើមរដូវនេះតម្លៃស្រូវអ៊ីអ៊ែរ មានតម្លៃថោកក្នុង១គីឡូលក់បានតែ៦,៦០០ដុងស្មើ១,១៣០រៀលលុយខ្មែរ ។

ប្រភពបន្តថា ប៉ុន្មានឆ្នាំដែលមានផ្លូវក្រវ៉ាត់ព្រំដែនមកគឺងាយស្រួលក្នុងការធ្វើដំណើរ ដឹកសម្ភារកសិកម្ម ចូលទៅធ្វើស្រែ ភ្ជួររាស់ព្រោះស្រូវថែទាំដាក់ជី ជាពិសេស នៅតាមផ្លូវក្រវ៉ាត់ព្រំដែនមានប្រឡាយទឹក អមផ្លូវ ងាយស្រួលបូមដាក់ស្រែ ទាំងខែប្រាំងនិងខែវស្សា មានទឹកគ្រប់គ្រាន់អាចធ្វើស្រែបាន០៣ដងក្នុង១ឆ្នាំ និងងាយស្រួលពេលដឹកកសិផលស្រូវយកទៅលក់ឲ្យឈ្មួញវៀតណាម ។

ចំណែកប្រជាកសិករមួយចំនួនដែលមានដីស្រែនៅខាងក្នុងបានលើកឡើងថា ពួកគាត់មានស្រែនៅខាងក្នុងគឺពិបាកចូលត្រាក់ទ័រ និងគោយន្ត ទៅភ្ជួររាស់ព្រោះស្រូវ និងដឹកកសិផល ដោយ ផ្លូវបើតាមភ្លឺស្រែ តូចៗ រដូវវស្សាពិបាកចេញចូលទៅស្រែ ក៏ដូចការដឹកស្រូវពេលច្រូតកាត់រួច ។ ចំពោះក្រោយពីច្រូតកាត់រួចប្រជាកសិករ និងបន្តធ្វើស្រែប្រាំងបន្ត ក៏ប៉ុន្តែក្នុងខែតុលានេះ ពួកគាត់មិនទាន់ភ្ជួររាស់ និងព្រោះស្រូវទេ ដោយពួកគាត់មានការព្រួយបារម្មណ៍ ខ្លាចមានភ្លៀងច្រើនមានទឹកជំនន់ជនលិចស្រូវពង្រោះរបស់ពួកគាត់ដូច្នេះត្រូវរង់ចាំមើលកន្លះខែទៀត និងតាមដានក្រសួងធនធានទឹក និងឧតុនិយមប្រកាសនៅមានឥទ្ធិពលព្យុះ បង្កឲ្យភ្លៀងធ្លាក់ច្រើន ខ្លាចមានទឹកជំនន់ដូច្នេះរង់ចាំមើលសិន ។

ប្រជាកសិករខ្លះលើកឡើងថា ទោះបីតម្លៃស្រូវឡើងចុះ គ្មានលំនឹងយ៉ាងណា ប្រជាកសិករ អ្នកធ្វើស្រែ នៅតែធ្វើ ពេលស្រូវឡើងថ្លៃ បានចំណេញច្រើនទៅ បើតម្លៃស្រូវចុះថោក ទល់ដើមឬចំណេញបន្តិចបន្តួចក៏នៅតែ ធ្វើឲ្យបាន០៣ដងក្នុង១ឆ្នាំ មិនទុកដីស្រែឲ្យនៅទំនេនោះទេ យ៉ាងណាក៏ដោយឲ្យតែ មានទីផ្សារលក់ស្រូវចេញបាន «ទិញពូជ ទិញជី ទិញថ្នាំកសិកម្មពីប្រទេសវៀតណាម ពេលច្រូតកាត់ទទួលផលលក់ស្រូវឲ្យវៀតណាមវិញ»៕





ចែករំលែកព័តមាននេះ