ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងប្រដាប់​អាវុធ​ក្នុង​សម័យ​សន្តិភាព​មិន​ចេញ​ច្បាំង​ទេ តែ​ឈរ​ការពារ​សន្តិភាព និង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ដោយ​មិន​ខ្លាច​នឿយហត់

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​គូសបញ្ជាក់​ថា ពិត​ណាស់ បច្ចុប្បន្ន​ប្រទេស​យើង​មាន​សុខ​សន្តិភាព ដូច្នេះ​កងកម្លាំងប្រដាប់អាវុធ​យើង មិន​ចេញ​ទៅ​ច្បាំង​ក្នុង​សមរភូមិ ដូច​រៀមច្បង​យើង​ជំនាន់​មុន​ទៀត​ទេ ប៉ុន្តែ​កងកម្លាំង​ទាំង​បី​ប្រភេទ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​គូសបញ្ជាក់​ថា ពិត​ណាស់ បច្ចុប្បន្ន​ប្រទេស​យើង​មាន​សុខ​សន្តិភាព ដូច្នេះ​កងកម្លាំងប្រដាប់អាវុធ​យើង មិន​ចេញ​ទៅ​ច្បាំង​ក្នុង​សមរភូមិ ដូច​រៀមច្បង​យើង​ជំនាន់​មុន​ទៀត​ទេ ប៉ុន្តែ​កងកម្លាំង​ទាំង​បី​ប្រភេទ គឺ​កង​យោធពលខេមរភូមិន្ទ កង​នគរបាល​ជាតិ និង​កងរាជអាវុធហត្ថ ជា​អ្នក​ឈរ​ការពារ​សន្តិភាព និង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ។

ជា​ការ​កត់សម្គាល់​របស់​លោក ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី និង​ជា​វាគ្មិន​កិត្តិយស​ផ្តល់​បាឋកថា ស្តី​ពី «​ប្រសិទ្ធភាព នៃ​ការងារ​ព័ត៌មាន និង​ការ​គ្រប់គ្រង​សាធារណ​មតិ​» នៅ​សាកលវិទ្យាល័យ​ការពារ​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤ ​បាន​លើក​ឡើង​ថា កងកម្លាំង​យើង​ធ្វើការ​មិន​ថា​ថ្ងៃ មិន​ថា​យប់ មិន​ថា ហាល​ក្តៅ ហាលភ្លៀង គ្មាន​ថ្ងៃ​សៅរ៍ អាទិត្យ គ្មាន​ថ្ងៃ​ឈប់​សម្រាក​ទេ ដើម្បី​ការពារ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​យើង​បាន​សប្បាយ​រីករាយ ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ណា​មក​ណា ថ្មើរ​ណា​ក៏​បាន ដោយ​គ្មាន​ការ​ព្រួយបារម្ភ ជា​ពិសេស​ពេល​មានបុណ្យ​ទាន​ម្តង​ៗ ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បន្ត​ថា នៅ​ពេល​មាន​គ្រោះ​ធម្មជាតិ ដូច​ជា​គ្រោះ​ទឹកជំនន់ ឬ​គ្រោះថ្នាក់​ផ្សេង​ៗ កងកម្លាំង​យើង​ចេញ​ប្រតិបត្តិការ​អន្តរាគមន៍​ភ្លាម​ៗ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​។ លើស​ពី​នេះ កងកម្លាំង​របស់​យើង​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។ នេះ​គឺជា​មោទនភាព​យ៉ាង​ធំធេង​ណាស់ សម្រាប់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង ដែល​បាន​ប្រែក្លាយ​ពី​ប្រទេស ដែល​ត្រូវការ​កងទ័ព​មួក​ខៀវ​របស់​អង្គការសហប្រជាជាតិ ដើម្បី​ការពារ​សន្តិភាព ទៅ​ជា​ប្រទេស ដែល​ជួយ​ការពារ​សន្តិភាព​ក្នុង​ពិភពលោក​។ ដូច្នេះ សកម្មភាព​ទាំង​អស់នេះ យើង​ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង ។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល គូសបញ្ជាក់​ទៀត​ថា បើ​ទោះជា​បងប្អូន​យើង​មាន​ភារកិច្ច​ធំធេង លះបង់​ខ្ពស់​និង​សម្រេច​បាន​សមិទ្ធផល​គួរ​ឱ្យ​មោ​ទ​នៈ​បែប​នេះ​ក៏​ដោយ បើ​យើង​មិន​ផ្សព្វផ្សាយ ប្រជាពលរដ្ឋ​មិន​បានដឹង ហើយ​នៅ​ពេល​មាន​បញ្ហា​អវិជ្ជមាន​ណាមួយ​កើតឡើង​បន្តិចបន្តួច មាន​អ្នក​យក​ទៅ​បង្ហោះ​ពេញ​ហ្វេ​ស​ប៊ុ​ក ហើយ​ក្រុម​មនុស្ស​ជ្រុលនិយម​មួយ​ចំនួន​យក​ទៅ​បំពង​សំឡេង​បន្ថែម​ដើម្បី​វាយប្រហារ​មក​លើ​កងកម្លាំង​យើង និង​ទៅ​លើ​រាជរដ្ឋាភិបាល​យើង ។

ដូច្នេះ ទាមទារ​ឱ្យ​បងប្អូន​យើង​ចេះ​ផ្សព្វផ្សាយ​តាម​បែប​បុ​រេ​សកម្ម​ឱ្យ​បាន​ច្រើន និង​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង និង​បាន​យល់​ពី​តួនាទី​យ៉ាង​សំខាន់​របស់​កងកម្លាំង ដែល​ជា​អ្នកបម្រើ​ប្រទេស​ជាតិ និង​ប្រជាជន​ដ៏​ស្មោះត្រង់ និង​ដោយ​ឥត​ខ្លាច​នឿយហត់​។ ជា​អ្នក​ឈរ​ការពារ​សន្តិភាព ការពារ​ទឹកដី និង​ជា​អ្នក​លះបង់​សេចក្តីសុខ​ផ្ទាល់ខ្លួន ដើម្បី​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ។

លោក​ឧត្តមសេនីយ៍ឯក ដោក សុ​ផា សាកល​វិទ្យា​ធិ​ការ នៃ​សាកលវិទ្យាល័យ​ការពារ​ជាតិ សង្កេត​ឃើញ​ថា ការងារ​ព័ត៌មាន និង​សាធារណ​មតិ មាន​បញ្ហា​ជា​ច្រើន ដូច​ជា បញ្ហា​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​អុចអាល ញុះញុង ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ ។​ល​។ ដែល​ទាមទារ​ឲ្យ​យើង​មានការ​ប្រុង​ប្រយ័ត្ន ចេះ​គ្រប់គ្រង និង​ចេះ​ឆ្លើយ​តប ដើម្បី​ការពារ និង​រក្សា​តម្លៃ​ថ្នាក់ ដឹកនាំ​ជា​ពិសេស​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​តម្លៃ​យោធិន នៃ​កង​យោធពលខេមរភូមិន្ទ​របស់​យើង ។

ការ​ធ្វើ​បាឋកថា​នេះ ក៏​មាន​លោក តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ទទួល​បន្ទុក​កិច្ចការ​ការ​បរទេស និង សហប្រតិបត្តិការ​អន្តរជាតិ ធ្វើ​ជា​វាគ្មិន​កិត្តិយស​បកស្រាយ​លើ​ប្រធានបទ ស្តី​ពី «​ភូមិសាស្ត្រ​នយោបាយ​» ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ