រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាលរងរាជធានីតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ទូច ស៊ុនណារី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌទួលគោក ។
នៅក្នុងវេទិកានាព្រឹកនេះ មានពលរដ្ឋមូយចំនួន បានលើកឡើង ជាសំណើរ និងសំណូមពរ ចំនួន ៤បញ្ហា ក្នុងនោះ រួមមាន ៖ ស្នើសុំស្តារអាងស្តុកទឹក ដែលបានព្រៃ និងស្មៅដុះ ស៊ុបទ្រុប នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់ទី២ ដែលបង្កការអោយលិចលំនៅដ្ឋាន និងបណ្តាលអោយសត្វធាតុចូលក្នុងផ្ទះពួកគាត់។ ប្រជាជាននៅសង្កាត់ទឹក៣ ស្នើសុំដូរអំពូលភ្លើង ចំនួន៧៨អំពូល, ស្នើកុំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កុំជីកខូចផ្លូវលេខ១៩២ ហើយទុកចោល និងការស្នើសុំការសាងសង់អគារសង្កាត់ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោម នៅសង្កាត់ទឹកល្អក់ទី៣ ដែលអាចអាចបង្កគ្រោះថ្នាក់ចំពោះអ្នកមកបំពេញការងារនៅក្នុងអគារនេះ ។
ឆ្លើយតបក្នុងការស្នើសុំពីសំណាក់ពលរដ្ឋ ក្នុងវេទិកានេះ លោក សុខ ពេញវុធ បានលើកឡើងថា ៖ រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងវេទិកានេះ យើងដោះស្រាយជូនភ្លាមៗ ចំពោះអ្វី ដែលយើងដោះស្រាយបាន ហើយចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកមកដោះស្រាយពេលក្រោយ ពោលគឺ អ្វីជាអត្តភាពចាំបាច់បន្ទាន់ៗ យើងនឹងដោះស្រាយមុនគេ ហើយអ្វី ដែលនៅសេសសល់ យើងនឹងដាក់ចូលទៅក្នុងគម្រោងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល រាជធានី ខណ្ឌ សង្កាត់ ។
ចំពោះសំណើរខាងលើ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការស្រាយបំភ្លឺ និងដោះស្រាយភ្លាមៗ តែចំពោះការស្នើសាងសង់អគារសង្កាត់ទឹកល្អក់ទី៣ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោមនោះ លោក សុខ ពេញវុធ បានបញ្ជាក់ថា យើងមិនមានកញ្ចប់ថវិកាណាមួយនៃការសាងសង់អគាររដ្ឋបាលទេ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកនឹងយកសំណើរទាំងនេះ ទៅរាយការណ៍ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ។
លោក ម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែ តុលា វិច្ឆិកា និងធ្នូ ហើយសម្រាប់ខណ្ឌនីមួយៗ ត្រូវធ្វើឡើងនៅមិថុនា រាល់ឆ្នាំ ហើយឆ្នាំនេះ ខណ្ឌបានធ្វើរួចរាល់ហើយ ។
លោកបានបញ្ជាក់ទៀតថា គោលបំណងរបស់វេទិកានេះ គឺចង់ស្តាប់ពីការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បីយើងបានដឹង ហើយដោះស្រាយជូន។ អភិបាលកិច្ចល្អ ដាច់ខាត ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។ ក្រោយពីក្តាប់បានបញ្ហាប្រឈម តម្រូវការពីប្រជាពលរដ្ឋហើយ អាជ្ញាធរយកបញ្ហាទាំងនោះ មកដោះស្រាយ ។
នៅក្នុងវេទិកានេះដែរ លោក ម៉ប់ សារិន បានបញ្ជាក់ទៀតថា យើងក៏មានការផ្តល់ជារបាយការណ៍ ដែលបានអនុវត្តកន្លងមក ជូនអ្នកចូលរួមផងដែរ ដើម្បីបានដឹងពីព័ត៌មាន ពីទិសដៅ នៃការអភិវឌ្ឍរាជធានី។ អ្វីជាកង្វល់ការចង់បានរបស់ប្រជាពលរដ្ឋតាមរយៈការស្នើឡើង យើងដាច់ខាត ត្រូវតែដោះស្រាយជូន អ្វីដោះស្រាយបានភ្លាម យើងដោះស្រាយភ្លាម បើដោះស្រាយមិនទាន់បាន យើងនឹងយកបញ្ហាទាំងនោះ ទៅដាក់បញ្ជូលក្នុងគម្រោងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ៕
ចែករំលែកព័តមាននេះ