ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​កងទ័ពជើងគោកព្រមាន​​កងទ័ព កុំឱ្យ​ពាក់ព័ន្ធ​នឹង​ដី​ព្រៃរបស់​រដ្ឋ បើរក​ឃើញនឹង​ត្រូវ​​បណ្តេញ​ចេញពី​អង្គភាព

11 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ អគ្គមេបញ្ជាការ​ង​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ បាន​ដាក់​បទបញ្ជា​ដល់​កងទ័ព​ចំណុះ ឱ្យ​ចៀស​ចេញ​ឆ្ងាយ និង​កុំ​ពាក់ព័ន្ធ​នឹង​បទល្មើស​រុករាន​ទន្ទ្រាន…

ខេត្តកំពង់ស្ពឺ​ ៖ អគ្គមេបញ្ជាការ​ង​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ បាន​ដាក់​បទបញ្ជា​ដល់​កងទ័ព​ចំណុះ ឱ្យ​ចៀស​ចេញ​ឆ្ងាយ និង​កុំ​ពាក់ព័ន្ធ​នឹង​បទល្មើស​រុករាន​ទន្ទ្រាន កាន់កាប់​ដី​ព្រៃរបស់​រដ្ឋ ​។

ក្នុង​ករណី​រក​ឃើញ​ថា មានការ​ជាប់​ពាក់ព័ន្ធ​ត្រូវ​បណ្តេញ​ចេញពី​អង្គភាព ហើយ​ចាប់ខ្លួន​ប្រគល់​ឱ្យ​ជំនាញ​បន្ត​នីតិ​វី​ធី​បញ្ជូន​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​។ ការ​ដាក់​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​នេះ​ ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុយ ហៀ​ង ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៣ ជំនួស​លោក​ឧត្តមសេនីយ៍ឯក យឿ​ង សុ​ខុន ដែល​ត្រូវ​ទៅ​កាន់​តួនាទី​ថ្មី​នៅ​ក្រសួងការពារជាតិ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤​។​

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ បាន​លើក​ឡើង​ថា កងទ័ព​ក្រៅពី​កិច្ច​ការពារ​បូរណភាព​ទឹកដី កងទ័ព​មាន​ភារកិច្ច​បន្ថែម​ការពារ​ធនធានធម្មជាតិ ពិសេស​ព្រៃឈើ​ដែល​វត្ថុ​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​។ ការ​កាប់​រានទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ​គឺជា​អំពើ​ខុសច្បាប់ ដូច្នេះ​ត្រូវ​តែ​ជៀសវាង និង​កុំ​ចូលខ្លួន​ពាក់ព័ន្ធ​ឱ្យ​សោះ​ ។

រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​បាន​ដាក់​វិធានការ​យ៉ាង​តឹង​រឹង​ទៅ​លើ​អ្នក​ពាក់ព័ន្ធ និង​ការ​កាប់​រានទន្ទ្រាន​យក​ដី​ព្រៃរបស់​រដ្ឋ​។ វិធានការ​នេះ​ដើម្បី​ទប់ស្កាត់ និង​ការពារ​ការ​កាប់​រាន​ដី​ព្រៃរបស់​រដ្ឋ​ជា​បន្តបន្ទាប់​ដោយ​ខុសច្បាប់ ដែល​ជាក់ស្តែង​នា​ពេល​ថ្មី​ៗ​នេះ ក្រោម​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង មន្ទីរ​ពាក់ព័ន្ធ អ្នក​ច្បាប់ សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បង្ក្រាប​បានជា​ច្រើន​ករណី និង​បាន​ដកហូត​យក​ដី​ព្រៃ​ត្រឡប់​ជូន​រដ្ឋ​វិញ​ជា​ច្រើន​ហិ​កតា​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ ក៏​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ដែល​មាន​ក្រសួងបរិស្ថាន​ជា​សេនាធិការ​បាន​ដាក់​យុទ្ធនាការ​បណ្ដុះ​កូន​ឈើ ១​លាន​ដើម​យ៉ាងតិច​ក្នុង​១​ឆ្នាំ សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ដាំ​ដោយ​ឥត​គិតថ្លៃ នៅ​ទូ​ទាំង​២៥​រាជធានី​/​ខេត្ត និង​កំពុង​ជំរុញ​ឱ្យ​មានការ​ដាំ​ឡើង​វិញ​នៅ​តាម​តំបន់​មួយ​ចំនួន​ដែល​រង​ការ​កាប់​រាន ទន្ទ្រាន​យក​ពី​សំណាក់​ប្រជា​ពលរដ្ឋ​តាម​រយៈ​ការ​ស៊ីឈ្នួល​ពី​ក្រុម​មេខ្យល់ ​។

ក្នុង​យុទ្ធនាការ​ដាំ​ដុះ​ឡើង​វិញ​នេះ​ដែរ ក៏​ស្នេ​ី​ឱ្យ​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់ ត្រូវ​ត្រៀមខ្លួន​ដើម្បី​ចូលរួម​ដាំ​តាម​ការ​ស្នើ​សុំ​របស់​មន្ត្រី​ជំនាញ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ