ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិហាមយកយានយន្តពាក់ផ្លាកលេខចរាចរណ៍ ខេមរភូមិន្ទទៅធ្វើការជួលបន្តឱ្យបណ្តាក្រុមហ៊ុន ស្ថាប័នផ្សេងៗ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​ប្រកាស​ហាម​យក​យានយន្ត​ដែល​ពាក់​ផ្លា​ក​លេខ​ចរាចរណ៍​ខេមរភូមិន្ទ​ទៅ​ធ្វើការ​ជួល​បន្ត​ឱ្យ​បណ្តា​ក្រុមហ៊ុន ស្ថាប័ន រូបវន្តបុគ្គល​នានា ប្រើប្រាស់​ឡើយ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​២១ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​ប្រកាស​ហាម​យក​យានយន្ត​ដែល​ពាក់​ផ្លា​ក​លេខ​ចរាចរណ៍​ខេមរភូមិន្ទ​ទៅ​ធ្វើការ​ជួល​បន្ត​ឱ្យ​បណ្តា​ក្រុមហ៊ុន ស្ថាប័ន រូបវន្តបុគ្គល​នានា ប្រើប្រាស់​ឡើយ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៤ ស្តី​ពី​ការ​ប្រើប្រាស់​យានយន្ត​ពាក់​ផ្លា​ក​លេខ​ចរាចរណ៍​ខេមរភូមិន្ទ បាន​លើក​ឡើង​ថា យោង​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤ ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍ ៣០​ឆ្នាំ ថ្ងៃ​បង្កើត​កងពលតូច​លេខ​៧០ (១៥ តុលា ១៩៩៤ – ១៥ តុលា ២០២៤) និង​យោង​តាម​បទបញ្ជា​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤ ។

អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ សូម​ជូនដំណឹង​ដល់​បណ្តា​ស្ថាប័ន កងឯកភាព​ចំណុះ​ក្រសួងការពារជាតិ អគ្គ​បញ្ជាការដ្ឋាន គ្រប់​បណ្តា​ប្រភេទ​ទ័ព និង​ទ័ព​ជំនាញ​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា ដើម្បី​ធានា​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​នូវ​វិន័យ​សណ្តាប់ធ្នាប់ ការ​គារ​ព ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ពង្រឹង​ទប់ស្កាត់​ការ​ប្រើប្រាស់​ផ្លា​ក​លេខ​ចរាចរណ៍​ខេមរភូមិន្ទ ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សង្គម​សាធារណៈ​ដូច​ជា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បុគ្គល​អ្នក​ប្រើប្រាស់​មួយ​ចំនួន​មាន​ភាព​ក្រអឺតក្រទម​មិន​សក្តិ​សមជា​មន្ត្រី​យោធា ធ្វើ​ឱ្យ​មានការ​វាយតម្លៃ និង​ទទួល​ការ​រិះគន់​ពី​សាធារណជន ជា​ពិសេស​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​កង​យោធពលខេមរភូមិន្ទ ។

អគ្គនាយកដ្ឋាន សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ សូម​ដាក់​ចេញ​នូវ​វិធានការ​កំណត់​ក្នុង​ការ​ប្រើប្រាស់​ផ្លា​ក​លេខ​ចរាចរណ៍​ខេមរភូមិន្ទ​សម្រាប់​កង​យោធពលខេមរភូមិន្ទ​ដូច​ជា​យានយន្ត​ដែល​អាច​បំពាក់​ផ្លា​ក​លេខ​ចរាចរណ៍​ខេមរភូមិន្ទ រួម​មាន យានយន្ត​ដែល​រដ្ឋ​បំពាក់ ។

យានយន្ត​ជា​ជំនួយ​ពី​បណ្តា​ប្រទេស​នានា​សម្រាប់​អង្គភាព​កងទ័ព​យានយន្ត​ជា​អំណោយ​ពី​សប្បុរសជន​នានា សម្រាប់​អង្គភាព​កងទ័ព ។ យានយន្ត​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ដែល​អស់​ប្រសិទ្ធភាព​ប្រើប្រាស់ ហើយ​ត្រូវ​កែ​ច្នៃ​រៀប​ដំឡើង​សារ​ជា​ថ្មី ។ យានយន្ត​ដែល​ទទួល​បាន​ពី​ការ​សម្រេច​របស់​តុលាការ ។ យានយន្ត​ដែល​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​នាំ​ចូល និង​អាករ​ផ្សេង​ៗ​រួចរាល់ ។

ក្រសួងការពារជាតិ​បាន​ឲ្យ​នាយទាហាន​ដែល​ត្រូវ​បាន​អនុវត្ត​ឲ្យ​ប្រើប្រាស់​ផ្លា​ក​លេខ​ខេមរភូមិន្ទ​ត្រូវ​គោរព​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ជា​កំណត់ ។ ក្នុង​ករណី​រំ​លោ​.​ភ​បំពាន ការ​ប្រើប្រាស់​ផ្លា​ក​លេខ​ចរាចរណ៍​ខេមរភូមិន្ទ​ត្រូវ​បាន​ដកហូត​មក​រក្សា​ទុក​នៅ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ​វិញ ។

នាយទាហាន​ដែល​បាន​ចូល​និវត្តន៍ ពលី មរណៈ និង​ពិការ​ត្រូវ​អស់​កាតព្វកិច្ច​ប្រើប្រាស់​ផ្លា​ក លេខ​ចរាចរណ៍​ខេមរភូមិន្ទ និង​ត្រូវ​បាន​ដកហូត​មក​រក្សា​ទុក​នៅ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​ក្រសួងការពារជាតិ​វិញ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងការពារជាតិ ក៏​បាន​គូសបញ្ជាក់​ថា ចំពោះ​នាយទាហាន​នាយទាហាន ដែល​បាន​ប្រើប្រាស់​ផ្លា​ក​លេខ​ចរាចរណ៍​ខេមរភូមិន្ទ ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​បំរាម​កំណត់​ដូច​ខាងក្រោម ៖ ហាម​យក​យានយន្ត​ដែល​ពាក់​ផ្លា​ក​លេខ​ចរាចរណ៍​ខេមរភូមិន្ទ ទៅ​ធ្វើការ​ជួល​បន្ត​ឱ្យ​បណ្តា​ក្រុមហ៊ុន ស្ថាប័ន រូបវន្តបុគ្គល​នានា​ប្រើប្រាស់​ឡើយ ។ ហាម​យក​ផ្លា​ក​លេខ​ចរាចរណ៍​ខេមរភូមិន្ទ​ទៅ​បំពាក់​លើ​យានយន្ត​ផ្សេង​ទៀត​ដែល​ខុស​ពី​ប្រភេទ​យានយន្ត​ដែល​បាន​ស្នើ​សុំ ។

អ្នក​ប្រើប្រាស់​យានយន្ត​ពាក់​ផ្លា​ក​លេខ​ចរាចរណ៍​ខេមរភូមិន្ទ ត្រូវ​តែ​ជា​នាយ ទាហាន ជា​យោធិន -​នៃ​កង​យោធពលខេមរភូមិន្ទ និង​អាស្រ័យ​មេបញ្ជាការ​អង្គភាព​បញ្ជាក់​ស្នើ​សុំ​បំពេញបែបបទ​តាម​ឋានានុក្រម ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ស៊ី​វិល ឬ​ជនបរទេស​ប្រើប្រាស់​បាន​ឡើយ ។ ចំពោះ​ក្រុមហ៊ុន​សហការ​វិនិយោគ​ជាមួយ​វិស័យ​ការពារ​ជាតិ​ក៏​ត្រូវ​បាន​អនុវត្ត​ដូច​គ្នា ។

ក្រសួងការពារជាតិ​ក៏​បាន​ជួយ​បញ្ជាក់​បន្ថែម​ថា ក្នុង​ករណី​ដែល​អនុវត្ត​ខុស​ពី​បំរាម​កំណត់​ខាងលើ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ​នឹង​ចាត់វិធានការ​ច្បាប់​ជា​ធរមាន ។ ក្នុង​សេចក្តីជូនដំណឹង​នោះ​ដែរ ក្រសួង​កម្ពុជា​ជាតិ​បាន​លើក​ឡើង​ទៀត​ថា ខ្លឹមសារ​ខាងលើ​ត្រូវ​បាន​អនុវត្ត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ អាស្រ័យ​ហេតុនេះ សូម​បណ្តា ស្ថាប័ន កងឯកភាព​ចំណុះ​ក្រសួងការពារជាតិ អគ្គ​បញ្ជាការដ្ឋាន គ្រប់​បណ្តា​ប្រភេទ​ទ័ព និង​ទ័ព​ជំនាញ ទាំងអស់​ដែល​ប្រើប្រាស់​ផ្លា​ក​លេខ​ចរាចរណ៍​ខេមរភូមិន្ទ មេត្តា​ជ្រាប និង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ