ខេត្តស្វាយរៀង ៖ ជនសង្ស័យ ០៤នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ពីបទលួចមានស្ថានទម្ងន់ទោស ត្រូវបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ត្រូវបានលោកចៅក្រមស៊ើបសួរ ចេញដីកាឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង រួចហើយ ។
បើតាមលោកអធិការនគបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់នេះ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស នៅស្រុកស្វាយជ្រំ ។
សមត្ថកិច្ចបានប្រាប់កោះសន្តិភាពនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះថា ដោយមានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ព្រំ ពិសិដ្ឋ ស្នងការរង ទទួលការងារការិយាល័យនគរបាលព្រហ្មទណ្ឌស្រាល លោកវរសេនីយ៍ទោ គឹម សុខខា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ដែលធ្លាប់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ករណីលួចមានស្ថានទម្ងន់ទោសនា (លួចម៉ូតូ) ពេលកន្លងមក ក្នុងមូលដ្ឋានស្រុកស្វាយជ្រំ ហើយនាំគ្នាគេចខ្លួនទៅលាក់ខ្លូននៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ប្រភពបន្តថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន ហើយបានសុំទៅព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង ពន្លាតភូមិសាស្ត្រតាមចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ កាលពីថ្ងៃទី១៦ តុលា ដោយដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូ០១គ្រឿង និងទូរសព្ទដៃ ០២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ស្ថិតក្នុងពន្ធនាគារខេត្តស្វាយរៀង បន្ទាប់ពីសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ហើយត្រូវបានលោកចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ៕
ចែករំលែកព័តមាននេះ