ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបតី​ឥណ្ឌូណេស៊ី​ប្រកាស​សុពល​ភាព​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​នៅ​ថ្ងៃ​នេះ

15 ម៉ោង មុន

ទី​ក្រុង​ហ្សា​កាតា៖ ប្រធានា​ធិប​តី​​ថ្មី​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​​​ស្បថ​ចូល​កាន់​តំណែង​​កាល​ពី​​ថ្ងៃ​អាទិត្យ​នោះ​​បាន​ប្រកាស​​សុពល​ភាព​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​នៅ​ថ្ងៃ​ចន្ទ​។ ពួក​គេ​ទាំង​អស់​​ជា​អ្នក​​ដើរ​តាម​​មាគ៌ា​​នយោបាយ​របស់​​លោក​វីដូដូ​ដែល​ជា​ប្រធានា​ធិប​តី​ទើប​ផុត​អាណត្តិ​ និង​ដែល​កូន​ប្រុស​របស់​គាត់​ក៏​ជា​អនុ​ប្រធានា​ធិបតី​នៃ​រដ្ឋាភិបាល​ថ្មី​នេះ​ផង​ដែរ​។​​ សូម​រំលឹក​ថា​នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ លោក​ប្រាបូវ៉ូ​បាន​ឡើង​ថ្លែង​សុន្ទ​រ​កថា​ដ៏​រំជួល​ចិត្ត​រយៈ​ពេល​មួយ​ម៉ោង​​។ លោក​បាន​សន្យា​​លុប​បំបាត់​អំពើ​ពុក​រលួយ​ឱ្យ​ដល់​ឫស​គល់​​ និង​ខិត​ខំ​​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រទេស​ជាតិ​មាន​ភាព​​​ឯក​រាជ្យ​-​ម្ចាស់​ការ​ខាង​ស្បៀង​អាហារ និង​ថាម​ពល​។ ​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​ប្រាបូវ៉ូ​មាន​​​៤៨​ស្ថាប័នរួម​ទាំង​តំណែង​រដ្ឋ​មន្ត្រី…

ទី​ក្រុង​ហ្សា​កាតា៖ ប្រធានា​ធិប​តី​​ថ្មី​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​​​ស្បថ​ចូល​កាន់​តំណែង​​កាល​ពី​​ថ្ងៃ​អាទិត្យ​នោះ​​បាន​ប្រកាស​​សុពល​ភាព​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​នៅ​ថ្ងៃ​ចន្ទ​។ ពួក​គេ​ទាំង​អស់​​ជា​អ្នក​​ដើរ​តាម​​មាគ៌ា​​នយោបាយ​របស់​​លោក​វីដូដូ​ដែល​ជា​ប្រធានា​ធិប​តី​ទើប​ផុត​អាណត្តិ​ និង​ដែល​កូន​ប្រុស​របស់​គាត់​ក៏​ជា​អនុ​ប្រធានា​ធិបតី​នៃ​រដ្ឋាភិបាល​ថ្មី​នេះ​ផង​ដែរ​។​​

សូម​រំលឹក​ថា​នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ លោក​ប្រាបូវ៉ូ​បាន​ឡើង​ថ្លែង​សុន្ទ​រ​កថា​ដ៏​រំជួល​ចិត្ត​រយៈ​ពេល​មួយ​ម៉ោង​​។ លោក​បាន​សន្យា​​លុប​បំបាត់​អំពើ​ពុក​រលួយ​ឱ្យ​ដល់​ឫស​គល់​​ និង​ខិត​ខំ​​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រទេស​ជាតិ​មាន​ភាព​​​ឯក​រាជ្យ​-​ម្ចាស់​ការ​ខាង​ស្បៀង​អាហារ និង​ថាម​ពល​។ ​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​ប្រាបូវ៉ូ​មាន​​​៤៨​ស្ថាប័នរួម​ទាំង​តំណែង​រដ្ឋ​មន្ត្រី និង​អនុ​រដ្ឋ​មន្ត្រី​ជាង​មួយ​​រយ​នាក់​ផង​ដែរ​​។

​រដ្ឋ​មន្ត្រី​​មួយ​ចំនួន​​ដែល​បន្សល់​ទុក​តាំង​ពី​ជំនាន់​លោក​វីដូដូ​ក៏​នៅ​មាន​កៅ​អី​អង្គុយ​​នៅ​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​នេះ​ផង​ដែរ​។ ឧទា​ហរណ៍​ ​​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ និង​រដ្ឋ​មន្ត្រី​ថាម​ពល​​ជា​ដើម​​។ ​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ជា​សេនា​ធិការ​ដ៏​សំខាន់​ម្នាក់​ដែល​ត្រូវ​​មើល​ការ​ខុស​ត្រូវ​ទៅ​លើ​កម្ម​វិធី​ជាតិ​​​​ចែក​អាហារ​ជូន​សិស្សា​នុសិស្ស​នៅ​ថ្នាក់​បឋម​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ម្ភៃ​លាន​នាក់​។ យោង​តាម​​គម្រោង​នេះ​ រដ្ឋាភិបាល​នឹង​ចំណាយ​ថវិកា​ជាតិ​​ជាង​៤​​​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ដំបូង​។ រដ្ឋ​មន្ត្រី​រូប​នេះ​ធ្លាប់​មាន​ស្នា​ដៃ​ឆ្នើម​ខាង​កែ​ទម្រង់​​ពន្ធ​ដារ​។

​​អ្នក​វិភាគ​ម្នាក់​ឈ្មោះ​បឺហានូឌីន មូត​ថាឌី (Burhanuddin Muhtadi) យល់​ឃើញ​ថា​លោ​កប្រាបូវ៉ូ​ប្រហែល​ជា​មិន​​ហ៊ាន​ប្រថុយ​នៅ​ក្នុង​ល្បែង​នយោបាយ​ដែល​មិន​ច្បាស់​លាស់​ទេ​។ ដូច្នេះ លោក​សម្រេច​ចិត្ត​ជ្រើស​រើស​មនុស្ស​សំខាន់​ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ក្នុង​ជំនាន់​លោក​វីដូដូ​ដើម្បី​បន្ត​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋា​ភិបាល​ថ្មី​​​។ លោក​យល់​ថាការ​ដាក់​អេគីប​នយោ​បាយ​បែប​នេះ​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​​​លំនឹង​ល្អ​។​

អនុ​ប្រធាន​គណ​បក្ស​របស់​លោក​ប្រាបូ​វ៉ូ​ទទួល​ការ​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ថ្មី​។ លោក​ក៏​ជា​អនុ​ប្រធាន​គណៈ​កម្ម​ការ​រដ្ឋ​សភា​ទទួល​បន្ទុក​ខាង​កិច្ច​ការ​បរទេស​ផង​ដែរ​។ ចំណែក​ទេស​រដ្ឋ​មន្ត្រី​ម្នាក់​ទៀត​កាល​ពីជំនាន់​លោក​វីដូដូ​​​ទទួល​ការ​តែង​តាំង​ជា​ប្រធាន​ឧត្ដម​ក្រុម​ប្រឹក្សា​​សេដ្ឋ​កិច្ច​ជាតិ។ ​គេ​សង្កេត​ឃើញ​ថា​ការ​រៀប​ចំ​សមាស​ភាព​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​ប្រាបូវ៉ូ​​មាន​ចំណុច​ខុស​គ្នា​ខ្លះ​ៗ​ពី​​ជំនាន់​លោក​វីដូដូ​។ មូល​ហេតុ​ដោយ​សារ​ក្រសួង​មួយ​ចំនួន​ត្រូវ​បំបែក​ជា​ពីរ​​​ ឬ​ត្រូវ​ដូរ​ឈ្មោះ​ថ្មី​។

កាល​ពី​មុន ​ក្រសួង​អប់​រំ និង​វប្បធម៌​ស្ថិត​នៅ​ក្នុង​ស្ថាប័ន​តែ​មួយ​។ ប៉ុន្តែ​ជំនាន់​​លោក​ប្រាបូវ៉ូ លោក​បំបែក​ក្រសួង​អប់​រំ​ផ្សេង និង​ក្រសួង​វប្ប​ធម៌​ផ្សេង​។ ក្រសួង​បរិស្ថាន​ និង​ព្រៃ​ឈើ​ក៏​បំបែក​ចេញ​ពី​គ្នា​ផង​ដែរ​។ មុន​ពេល​ប្រកាស​សុពល​ភាព​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​នេះ លោក​ប្រាបូវ៉ូ​បាន​​ជួប​​ពិភាក្សា​ការ​ងារ​ជា​មួយ​អនុ​ប្រធានា​ធិបតី​ចិន​ លោក​ហាន​សេង (Han Zheng)​។ នេះ​បើ​យោង​បណ្ដាញ​អ៊ិច​ និង​​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការ​បរទេស​ចិន​។ ប៉ុន្តែ គេ​មិន​បាន​ដឹង​ថា​តើ​ភាគី​ទាំង​២​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​អ្វី​ខ្លះ​ទេ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ