ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ភ្នំពេញ ៖ យើង​ជា​មន្ត្រី​បម្រើ​រាស្ត្រ ត្រូវ​តែ​ដឹង​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពី​សុខទុក្ខ​ពួក​គាត់ និង​នាំ​គ្នា​ដោះស្រាយ​នៅ​ពេល​ពួក​គាត់​ជួប​ការ​លំបាក

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​អោយ​អាជ្ញាធរ​ខណ្ឌ និង​សង្កាត់​ទាំង​១០៥ ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​អោយ​អាជ្ញាធរ​ខណ្ឌ និង​សង្កាត់​ទាំង​១០៥ ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ថា រាល់​សំណើរ និង​សំណូមពរ ដែល​ស្នើរ​មក​ថ្នាក់​រាជធានី ត្រូវ​តែ​ជា​សំណើរ​និង​សំណូមពរ ដែល​ថ្នាក់​ខណ្ឌ សង្កាត់​បាន​ប្រឹងប្រែង​អនុវត្ត​អស់ពី​សម​ត្ថិ​ភាព គឹ​មិនមែន​ជា​សំណើរ​និង​សំណូមពរ ដែល​ខ្លួនឯង​មិន​ទាន់​បាន​អនុវត្ត​នោះ​ទេ កុំ​លើក​ឡើងជា​សំណើរ​សំណូមពរ យករួចខ្លួន ។

ការ​ណែនាំ​បែប​នេះ​របស់​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៤​នេះ ក្នុង​វេទិកា​ស្តី​ពី​ការ​អនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ រយៈពេល​៣​ឆ្នាំ (២០២១ ដល់ ២០២៣) នៅ​រាជធានី​ភ្នំពេញ នៅ​សណ្ឋាគារ រ៉េ​ស៊ី​ដង់ សុខា​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង បាន​បន្ត​ថា ថ្នាក់​ដឹង​នាំ​ខណ្ឌ សង្កាត់ មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាពលរដ្ឋ​ទេ តែ​ជា​អ្នកបម្រើ​របស់​ប្រជាពលរដ្ឋ​។ ក្នុង​នាម​ជា​អ្នកបម្រើ​របស់​ប្រជាពលរដ្ឋ ត្រូវ​តែ​ដឹង​អោយ​បាន​គ្រប់​ជ្រុងជ្រោយ ពី​សុខទុក្ខ និង​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ ហើយ​នាំ​គ្នា ដោះស្រាយ​ជូន​ពួក​គាត់ បើ​ដោះស្រាយ​អស់ពី​លទ្ធភាព​ឬ​គ្មាន​លទ្ធភាព​ដោះស្រាយ​ត្រូវ​តែ សុំ​ការ​អន្តរាគមន​ពី​រដ្ឋបាល​រាជធានី កុំ​ស្នើ​សុំ​អន្តរាគមន​ទាំង​ខ្លាំង​ខ្លួនឯង​មិន​ទាំង​បាន​អនុវត្ត​ផង​នោះ​ទេ ។

លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​បាន​មាន​ប្រសាសន៍ លើក​ឡើង​ថា ការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នេះ គឺ​ដើម្បី ពិគ្រោះ​ពិភាក្សា​រវាង​រាជរដ្ឋាភិបាល​ជាមួយនឹង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ រួម​គ្នា​វាយតម្លៃ​អំពី​វឌ្ឍនភាព បញ្ហា​ប្រឈម កំណត់​ដំណោះស្រាយ និង​ការ​ដាក់​ចេញ​នូវ​ការ​តម្រង់​ទិស​ផ្នែក​គោលនយោបាយ​សម្រាប់​សម្រេចការ​អនុវត្ត​កំណែ ទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ ដើម្បី​ចូលរួម​កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច​បាន​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ។

លោក​បាន​បន្ត​ទៀត​ថា​៖ ការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវធ្វើ​ឡើង​រៀង​រាល់ ៣​ឆ្នាំ​ម្តង ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​២០២៤ ដែល​មានការ​ចូលរួម​ពី​តំណាង​ស្ថាប័ន​នីតិប្បញ្ញតិ ឧបនាយករដ្ឋមន្ត្រី ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​ប្រធាន​ស្ថាប័ន​នានា នៃ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​នានា តំណាង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ និង​តំណាង​សមាគម​ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ ស្ថាប័ន​មិនមែន​រដ្ឋាភិបាល ព្រមទាំង​អ្នក​ពាក់ព័ន្ធ​នានា ។

លោក​ប្រធាន​បញ្ជាក់​ថា វេទិកា​ស្តី​ពី​ការ​អនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​រយៈពេល ៣​ឆ្នាំ (២០២១ ដល់ ២០២៣) នៅ​រាជធានី​ភ្នំពេញ រៀបចំ​ឡើង​ដើម្បី​បូក​សរុប​វឌ្ឍនភាព ពិនិត្យ ពិភាក្សា និង​ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណើ សំណូមពរ​នានា ពី​ថ្នាក់​សង្កាត់​ទាំង​១០៥ និង​ថ្នាក់​ខណ្ឌ​ទាំង​១៤ ឈាន​ទៅ​បូក​សរុប​របាយការណ៍​អំពី​លទ្ធផល នៃ​វេទិកា​ថ្នាក់​រាជធានី ដាក់​ជូន គ​.​ជ​.​អ​.​ប ដើម្បី​ពិនិត្យ ពិភាក្សា និង​ដោះស្រាយ​បញ្ហា​នានា មុន​នឹង​ដាក់​ស្នើ​បញ្ហា ប្រឈម​ដែល​នៅ​សេសសល់ ទៅ​ក្នុង​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​ពិនិត្យ ពិភាក្សា និង​ដោះស្រាយ​រួម ។

លោក ម៉ប់ សា​រិ​ន បាន​បន្ត​ទៀត​ថា វេទិកា​នៅ​ថ្នាក់​រាជធានី​ភ្នំពេញ នឹង​ផ្តោត​ទៅ​លើ​ខ្លឹមសារ​សំខាន់​ៗ លើ​ការ​ដោះស្រាយ​នូវ​ស្ថានភាព និង​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​អនុវត្ត​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​នា​ពេល​កន្លង​មក​ដូច​ជា រចនាសម្ព័ន្ធ ប្រព័ន្ធ​គ្រប់គ្រង និង​នីតិវិធី​ការងារ​របស់​រដ្ឋបាល​រាជធានី ខណ្ឌ និង​សង្កាត់ មុខងារ​ជា​អាណត្តិ និង​មុខងារ ដែល​បាន​ផ្ទេរ​របស់​រដ្ឋបាល​រាជធានី ខណ្ឌ និង​សង្កាត់ ធនធានមនុស្ស​របស់​រដ្ឋបាល​រាជធានី ខណ្ឌ និង​សង្កាត់ ធនធាន​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​រដ្ឋបាល​រាជធានី ខណ្ឌ និង​សង្កាត់ ។

គួរ​បញ្ជាក់​ថា ក្នុង​វេទិកា​នេះ ក៏​មាន​បទ​អន្តរាគមន៍ របស់​រដ្ឋបាល​ខណ្ឌ និង​សង្កាត់​ជា​បន្តបន្ទាប់​ផង​ដែរ ដោយ​លើក​ឡើង​ពី​ការ​អភិវឌ្ឍ​មូលដ្ឋាន​, ការ​គ្រប់គ្រង​សន្តិសុខ​សណ្តាប់ធ្នាប់​, ការ​ផ្តល់​សេវា​រដ្ឋបាល​, ការ​ដោះស្រាយ​វិវាទ​មូលដ្ឋាន​, ការ​ប្រើប្រាស់​ថវិកា​អភិវឌ្ឍន៍​, ការ​ផ្តល់​សេវា​តាម​រយៈ​ការ​ប្រើប្រាស់​កម្មវិធី​ព័ត៌មានវិទ្យា​នៅ​ច្រក​ចេញចូល​តែ​មួយ​, រចនាសម្ព័ន្ធ​គ្រប់គ្រង និង​ការ​អនុវត្ត​តួនាទី ភារកិច្ច​របស់​រដ្ឋបាល​ខណ្ឌ និង​ការ​គ្រប់គ្រង​ចំណូល និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ