រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានបើករថយន្តមួយគ្រឿងឡើងទៅលើស្ពានជ្រោយចង្វារ រួចឈប់រថយន្ត ហើយនាងលោតចុះទៅក្នុងទន្លេលិចបាត់រកសពពុំទាន់ឃើញនៅឡើយ ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ឈានចូលព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នារីរងគ្រោះរូបនោះពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ ជាអ្នកបើកបររថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CA-4950 ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះរូបនោះបានបើកថយន្តមួយគ្រឿងខាងលើធ្វើដំណើរឡើងស្ពានជ្រោយចង្វារនៅក្នុងទិសដៅពីលិចទៅកើត នៅពេលធ្វើដំណើរហួសកណ្តាលស្ពានបន្តិចក៏បានឈប់រថយន្ត ហើយបើកទ្វាររថយន្ត រួចលោតចុះទៅក្នុងទន្លេតែម្ដង ។ ភ្លាមៗនោះគេឃើញស្ត្រីម្នាក់ដែលជាមិត្តភក្កិបានជិះរថយន្តតាមពីក្រោយមកស្រែកហៅឲ្យអ្នកធ្វើដំណើរជួយតែនាងបានលោតចុះទៅក្នុងទន្លេបាត់ទៅហើយ។
តាមសាក្សីបានឲ្យដឹងទៀតថា បន្ទាប់ពីនារីរងគ្រោះលោតទៅក្នុងទន្លេ គេឃើញនារីរូបនោះក៏បានហែលនិងអណ្តែតតាមទឹក ក្រោយមកក៏លិចបាត់។
តាមនគរបាលអង្គភាពការពារគោលដីទី៣ ការពារស្ពានបានឲ្យដឹងថា បន្ទាប់ពីមាននារីម្នាក់លោតទឹកនោះសមត្ថកិច្ចក៏បានទាក់ទងទូកនេសាទចេញជួយស្វែងរកតែរកពុំឃើញ។
តាមព័ត៌មានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនារីរងគ្រោះរូបនោះ រួមទាំងមិត្តភក្កិព្រមទាំងសង្សារបាននាំគ្នាផឹកស៊ីនៅក្នុងហាងមួយកន្លែង រួចក៏មានទំនាស់គ្នាជាមួយសង្សារក៏បានបើករថយន្តធ្វើដំណើរមកលោតទឹកតែម្ដង ។ ដោយមានស្ត្រីជាមិត្តភក្តិម្នាក់បើករថយន្តតាមពីក្រោយឃាត់ដែរ តែមិនអាចជួយទាន់ ៕
ចែករំលែកព័តមាននេះ