ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៥​ថ្ងៃ​នៃ​ពិធី​តាំង​ពិ​ព័រ​ណ៌​និង​បុណ្យអុំទូក ​បន្សល់​ទុក​កាក​សំណល់​ជាង​១១០​តោន​​

1 ខែ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖  កាក​សំណល់​គ្រប់​ប្រភេទ​យ៉ាងតិច​ជាង​១១០​តោន ដែល​បាន​បន្សល់​ទុក​ពី ​«​ពិធី​តាំង​ពិ​ព័រ​ណ៌ និង​ពិធីបុណ្យ​អុំទូក​ក្នុង​រយៈពេល​០៥​ថ្ងៃ​» ប៉ុន្តែ​កម្លាំង​ផ្នែក​អនាម័យ​រដ្ឋបាល​ក្រុង​បាត់ ដំបង ចំណាយពេល​ត្រឹម​​មួយ​ថ្ងៃ​ប៉ុណ្ណោះ ប្រមូល​អស់ពី​ទីតាំង​ចោល​កាក​សំណល់…

​ខេត្តបាត់ដំបង ​៖  កាក​សំណល់​គ្រប់​ប្រភេទ​យ៉ាងតិច​ជាង​១១០​តោន ដែល​បាន​បន្សល់​ទុក​ពី ​«​ពិធី​តាំង​ពិ​ព័រ​ណ៌ និង​ពិធីបុណ្យ​អុំទូក​ក្នុង​រយៈពេល​០៥​ថ្ងៃ​» ប៉ុន្តែ​កម្លាំង​ផ្នែក​អនាម័យ​រដ្ឋបាល​ក្រុង​បាត់ ដំបង ចំណាយពេល​ត្រឹម​​មួយ​ថ្ងៃ​ប៉ុណ្ណោះ ប្រមូល​អស់ពី​ទីតាំង​ចោល​កាក​សំណល់ ​ដែល​ចំនួន​នេះ​មានការ​កើនឡើង​ជិត​៥០% បើ​ធៀប​ទៅ​នឹង​ឆ្នាំទៅ​មិញ ​។  នេះ​បើ​តាម​របាយ​ការ​ណ៍​បូក​សរុប​របស់​រដ្ឋបាល​ក្រុង​បាត់ដំបង ​។

​លោក លាង វាសនា អភិបាលក្រុង​បាត់ដំបង​បាន​ថ្លែងប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២១ តុលា នេះ​ថា  កាក​សំណល់​គ្រប់​ប្រភេទ​យ៉ាងតិច​ជាង​១១០​តោន​បាន​បន្សល់​ទុក​ពាសពេញ​តំបន់​ «​ប្រារ​ព្វ​ពិធី​តាំង​ពិ​ព័រ​ណ៌ និង​ពិធីបុណ្យ​អុំទូក​» ទាំង​នៅ​តាម​ដងស្ទឹង​សង្កែ ទាំង​នៅ​លើគោក ក្រោយ​ពិធី​នេះ​បាន​ព្រឹ​ត្តទៅ​ក្នុង​រយៈពេល​០៥​ថ្ងៃ ហើយ​ត្រូវ​បាន​បញ្ចប់​ ។  

លោក​អភិបាលក្រុង​បាន​បញ្ជាក់​ថា ចំនួន​កាក​សំណល់​ឆ្នាំ​នេះ មានការ​កើនឡើង​ច្រើន​រហូត​ជិ​ង​៥០% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន ដែល​មាន​រយៈពេល​ដូច​គ្នា ​។  ប៉ុន្តែ​កម្លាំង​ផ្នែក​អនាម័យ​រដ្ឋបាល​ក្រុង ដែល​យើង​បាន​ត្រៀមលក្ខណៈ​រួច​ជា​មុន  បាន​បោសសំអាត​រួចរាល់​ត្រឹម​​រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ពិធីបុណ្យ​ប្រពៃណី​ជាតិ​នេះ​ត្រូវ​បាន​បញ្ចប់ ​។

​យោង​តាម​របាយ​ការ​ណ៍​បូក​សរុប​របស់​រដ្ឋបាល​ក្រុង​បាត់ដំបង កាក​សំណល់​ដែល​បន្សល់​ទុក​ពី​ពិធីបុណ្យ​អុំទូក​ខាងលើ​នេះ គឺ​ក្នុង​រយៈពេល​០៥​ថ្ងៃ ដោយ​រាប់​ចាប់ពី​ថ្ងៃ​ចាប់ផ្ដើម​តាំង​ពិ​ព័រ​ណ៌​រហូត​ដល់​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ​អុំទូក (១៣ និង១៨ ខែតុលា ២០២៤) ​។   របាយ​ការ​ណ៍​​ដដែល​បាន​ឲ្យ​ដឹង​ថា  រយៈពេល​០៥​ថ្ងៃ​នៃ​ពិធី​តាំង​ពិ​ព័រ​ណ៌ និង​បុណ្យអុំទូក​ឆ្នាំ​២០២៤ នេះ​ កម្លាំង​ផ្នែក​អនាម័យ​ប្រមូល​កាក​សំណល់​បាន​ចំនួន​១១៤​តោន ខណៈ​ឆ្នាំ​២០២៣​កន្លង​ទៅ​ កាក​សំណល់​ដែល​បន្សល់​ទុក​ពី​កម្មវិធី​តាំងពី​ព័រ​ណ៌ និង បុណ្យអុំទូក មាន​ត្រឹម​​តែ​ចំនួន​៦៨​តោន​តែ​ប៉ុណ្ណោះ បើ​ធៀប​ទៅ​នឹង​រយៈពេល​០៥​ថ្ងៃ​ដូច​គ្នា ​។

បើ​តាម​ក្រុមការងារ​ចុះ​ប្រមូល​កាក​សំណល់​បាន​និយាយ​ថា កាក​សំណល់​ដែល​បន្សល់​ទុក​ពី​ពិធី បុណ្យ​អុំទូក​នេះ មាន​ទាំង​​នៅ​ក្នុង​ទឹកស្ទឹង​សង្កែ មាន​ទាំង​នៅ​លើគោក ដែល​ភាគច្រើន​នៃ​កាក​សំណល់ គឺ​ថង់​ផ្លា​ស្ទិ​ក និង ប្រអប់​ស្នោរ ​។​ល​។  ក្រុមការងារ​ដដែល​បាន​បញ្ជាក់​ដែរ​ថា  ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ កាក​សំណល់​មានការ​កើនឡើង​ស្ទើរ​ទ្វេ​ដង បើ​ធៀប​ទៅ​នឹង​ឆ្នាំទៅ​​មិញ ​។  ហើយ​ឆ្នាំ​នេះ​ ប្រជាពលរដ្ឋ​ក៏​មានការ​កើនឡើង​ដែរ ក្នុង​ការ​មក​ចូលរួម​ទស្សនា​កម្សាន្ត​ក្នុង​ពិធីបុណ្យ​អុំទូក​ ។ នេះ​បើ​តាម​ការ​កត់សម្គាល់​។ 

ប៉ុន្តែ​យ៉ាងណា កម្លាំង​ផ្នែក​អនាម័យ​របស់​សាលាក្រុង បាន​ធ្វើការ​បោសសំអាត​រួចរាល់​ត្រឹម​រយៈពេល​មួយ​ថ្ងៃ​អស់ពី​ទីតាំង​ប្រារ​ព្វ​ពិធីបុណ្យ​ ។ ​ជុំវិញ​បញ្ហា​ការ​សំណល់​នេះ លោក លាង វាសនា អភិបាលក្រុង​បាត់ដំបង​បាន​និយាយ​ថា  ដោយ​យោង​លើ​បទ​ពិសោធ​ន៍ កាលពី​ឆ្នាំទៅ​​មិញ ​ដែល​មាន​ខ្វះចន្លោះ ឆ្នាំ​នេះ​លោក​បាន​រៀបចំ និង​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​នូវ​សម្ភារ​សម្រាប់​វេច​ខ្ចប់​កាក​សំណល់ ​មាន​ដូច​ជា​ថង់​ផ្លា​ស្ទិ​ក កម្លាំង​ផ្នែក​អនាម័យ​។​ល​។  

លោក​បាន​ប្រាប់​ថា ឆ្នាំ​នេះ​ មន្ត្រី​ជំនាញ​របស់​លោក​បាន​ដើរ​ចែក​ថង់​សម្រាប់​វេច​ខ្ចប់​កាក​សំណល់ជូន​ដល់​អាជីវករ​លក់ដូរ​តាំងពី​មុន​ពេល​ចាប់ផ្ដើម​ប្រារ​ព្ធ​​កម្មវិធី​បុណ្យ ដើម្បី​ឲ្យ​ពួក​គេ​ត្រៀម​វេច​ខ្ចប់​កាក​សំណល់​រក្សា​ទុក​ ។ ​ហើយ​រដ្ឋបាល​ក្រុង​ ក៏​បាន​ត្រៀមកម្លាំង​ដោយឡែក​ជា​ច្រើន​នាក់ ដើម្បី​រង់​ចាំ​ជួយ​ប្រមូល​កាក​សំណល់ នៅ​ពេល​ដែល​កម្លាំង​ផ្នែក​អនាម័យ​ប្រមូល​មិន​ទាន់​ពេលវេលា ក្រោយ​បញ្ចប់​ពិធីបុណ្យ​ ។  ដូច្នេះ​ហើយ​ទើប​យើង​ចំណាយពេល​ត្រឹម​មួយ​ថ្ងៃ​ប៉ុណ្ណោះ ប្រមូល​កាក​សំណល់​ជាង​១១០​តោន ​អស់ពី​តំបន់​ប្រារ​ព្វ​ពិធី​តាំង​ពិ​ព័រ​ណ៌ និង​ពិធីបុណ្យ​អុំទូក​ ។

​លោក លាង វាសនា ក៏​បាន​លើក​ឡើង​ដែរ​ថា  ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ កាក​សំណល់​មានការ​កើនឡើង​ជាង​ឆ្នាំ​មុន ស្ទើរ​ពាក់កណ្ដាល​ដោយសារ​តែ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ មាន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​ច្រើន​ជាង​ឆ្នាំ​មុន​ ។ ​បើ​តាម​របាយ​ការ​ណ៍​​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា ពិធីបុណ្យ​អុំទូក​នៅ​ខេត្តបាត់ដំបង សម្រាប់​ឆ្នាំ​២០២៤ នេះ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ចូលរួម​ទស្សនា​កម្សាន្ត​ជាង ១,១៧ លាន​នាក់ ដែល​ចំនួន​នេះ ​មានការ​កើនឡើង​រហូត​ដល់​៧,១១% បើ​ធៀប​ទៅ​នឹង​ឆ្នាំទៅ​មិញ​ (២០២៣) ដែល​មាន​ភ្ញៀវ​ទេសចរ​ចូលរួម​ទស្សនា​កម្សាន្ត​ត្រឹម​​តែ​ជាង​១,០៩​លាន​នាក់ ​។

​លោក លាង វាសនា បាន​អះអាង​ថា ឆ្នាំ​នេះ​ យើង​ធ្វើ​បាន​ល្អ​ប្រសើរ ក្នុង​ការ​ប្រមូល​កាក​សំណល់ ក្រោយ​ពិធីបុណ្យ​អុំទូក​ត្រូវ​បាន​បញ្ចប់ ដោយសារ​យើង​បាន​ត្រៀមលក្ខណៈ​រួច​ជា​មុន ​។  ហើយ​ឆ្នាំ​ក្រោយ​ៗ​ទៀត លោក​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​នេះ តាម​រយៈ​ការ​ឆ្លងកាត់​បទ​ពិសោធ​ន៍​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ