ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​សន្យា​នាំ​សន្តិ​ភាព​យូរ​អង្វែង​ស​ម្រាប់មជ្ឈិម​បូព៌ា​បើ​លោក​ឈ្នះ​ឆ្នោត

17 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីន​តោន៖ ថ្ងៃ​នេះ លោក​ត្រាំ​មាន​សារ​នយោបាយ​សំខាន់​មួយ​ជម្រាប​ជូន​ទៅ​សហ​គមន៍​ជាតិ​ និង​អន្តរ​ជាតិ​អំពី​​គោល​ជំហរ​របស់​លោក​ពាក់​ព័ន្ធនឹង​បញ្ហា​នៅ​មជ្ឈិម​បូព៌ា​ ខណៈ​ដែល​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​នៅ​អាមេរិក​កាន់​តែ​ខិត​ចូល​មក​ដល់​​។ គិត​ទៅ​នៅ​សល់​មិន​ដល់​២​អាទិត្យ​ទៀត​នោះ​ទេ​។ នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​អាល់​អារ៉ាប៊ី​យ៉ា​ (Al Arabiya) លោក​ត្រាំ​សន្យា​​​ថាបើ​លោក​ជាប់​ឆ្នោត​នៅ​អាណត្តិ​ថ្មី​…

ទី​ក្រុង​វ៉ាស៊ីន​តោន៖ ថ្ងៃ​នេះ លោក​ត្រាំ​មាន​សារ​នយោបាយ​សំខាន់​មួយ​ជម្រាប​ជូន​ទៅ​សហ​គមន៍​ជាតិ​ និង​អន្តរ​ជាតិ​អំពី​​គោល​ជំហរ​របស់​លោក​ពាក់​ព័ន្ធនឹង​បញ្ហា​នៅ​មជ្ឈិម​បូព៌ា​ ខណៈ​ដែល​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​នៅ​អាមេរិក​កាន់​តែ​ខិត​ចូល​មក​ដល់​​។ គិត​ទៅ​នៅ​សល់​មិន​ដល់​២​អាទិត្យ​ទៀត​នោះ​ទេ​។ នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​អាល់​អារ៉ាប៊ី​យ៉ា​ (Al Arabiya) លោក​ត្រាំ​សន្យា​​​ថាបើ​លោក​ជាប់​ឆ្នោត​នៅ​អាណត្តិ​ថ្មី​ លោក​នឹង​ខិត​ខំ​​ធ្វើ​ឱ្យ​មាន​សន្តិ​ភាព​យូរ​អង្វែង​នៅ​មជ្ឈិម​បូព៌ា​។

តាម​ពិត​ នយោបាយ​ការ​បរទេស​របស់​លោក​ត្រាំ​នរណា​ក៏​ជឿ​ជាក់​ថា​គាត់​ពិត​ជា​មនុស្ស​ចង់​ឃើញ​ពិភព​លោក​មាន​សន្តិ​ភាព​ពិត​មែន​។ មិន​មែន​គាត់​និយាយ​ឱ្យ​តែ​រួច​ពី​មាត់​ទេ​។ ផ្ទុយ​ពី​នយោបាយ​របស់​លោក​អូបាម៉ា​ដែល​ចូល​ចិត្ត​ដើរ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ប្រទេស​ដទៃ​ លោក​ត្រាំ​ឡើង​មក​កាន់​អំណាច​កាល​ពីអាណត្តិ​មុន​ឃើញ​ថា​ពិភព​លោក​ទទួល​បាន​ភាព​ស្ងប់​ស្ងាត់​។ ម៉្យាង​ទៀត​ លោក​មិន​មែន​ជា​មនុស្ស​ប្រកាន់​ច្រើន​ទេ​។ សូម្បី​តែ​មេ​ដឹក​នាំ​ដែល​គេ​ចាត់​ទុក​ជា​ «បុរស​ខ្លាំង – strongman» ក៏​លោក​អាច​សេព​គប់​ជា​មួយ​បាន​ជា​ធម្ម​តា​។

លោក​ត្រាំ​ថ្លែង​ដោយ​មោទ​ក​ភាព​ថា​បើ​តំណែង​​ប្រធានា​ធិបតី​​ស្ថិត​នៅ​ក្នុង​ដៃ​​​លោក​តាំង​ពី​ជំនន់​វ៉ៃ​គ្នា​ដើម​ខែ​តុលា ឆ្នាំ​២០២៣​​​ ម៉្លេះ​សម​​ព្រឹត្តិ​ការណ៍​នោះ​មិន​កើត​ឡើង​ទេ ហើយ​ក៏​គ្មាន​ការ​បាត់​បង់​ជីវិត​មនុស្ស​យ៉ាង​រង្គាល​ដល់​ថ្នាក់​ហ្នឹង​ដែរ​។​​ ឥឡូវ​នេះ​បើ​ទុក​ជា​​ព្រឹត្តិ​ការណ៍​នេះ​បាន​កើត​ឡើង​ទៅ​ហើយ​ក៏​ដោយ​​ ​ក៏​លោក​យល់​ថា​បញ្ហា​សង្គ្រាម​នៅ​ហ្កាហ្សា​​ប្រហែល​ជា​​​ងាយ​ស្រួល​បិទ​បញ្ចប់​ទៅ​វិញ​ឆាប់​រហ័ស​ជាង​​​លីបង់​។ មូល​ហេតុ​ព្រោះ​​លោក​ស៊ីន​វ៉ា​ដែល​ជា​​​អ្នក​​ដុត​បញ្ឆេះ​សង្គ្រាម​នេះ​​បាន​ស្លាប់​ហើយ​។​​​

​កាល​ពី​ពេល​ចុះ​ជួប​អ្នក​គាំទ្រ​​នៅ​​រដ្ឋ​ហ្វ៊ីឡា​ដែល​ហ្វៀ​​ លោក​ត្រាំ​ថ្លែង​ថា​លោក​​ និ​ងលោក​ណឺតាន់​យ៉ាហ៊ូ​បាន​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​អំពី​បញ្ហា​មជ្ឈិម​បូព៌ា​។ លោក​ថ្លែង​ថា​លោក​ណឺតាន់​យ៉ាហ៊ូ​បាន​ស្នើ​សុំ​មតិ​យោបល់​ល្អៗ​​ពី​លោក (​ត្រាំ) ដើម្បី​ចង់​ដឹង​ថា​តើ​អ៊ីស្រា​អែល​គួរ​ចាត់​វិធាន​ការ​បែប​ណា​ទៀត​ចំពោះ​អ៊ីរ៉ង់​។ បច្ចុប្បន្ន​នេះ អ៊ីស្រាអែល​កំពុង​តែ​ថ្លឹង​ថ្លែង​ថា​​តើ​ត្រូវ​បញ្ចេញ​ប្រតិ​កម្ម​បែប​ណា​ចំពោះ​ករណី​ដែល​អ៊ីរ៉ង់​បាញ់​មីស៊ីល​​ជិត​២០០​គ្រាប់​ចូល​ទឹក​ដី​​របស់​ខ្លួន​​​កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា​កន្លង​ទៅ​នេះ​។​

ចំពោះ​សំណួរ​ថា​តើ​លោក​​​​គាំទ្រ​កម្រិត​ណា​ចំពោះ​​​អ៊ីស្រាអែល​ដែល​ចង់​វាយ​​​ប្រហារ​​​​​អ៊ីរ៉ង់​? លោក​ត្រាំ​យល់​ថា​លោក​ណឺតាន់​យ៉ាហ៊ូ​នឹង​ធ្វើ​អ្វី​ដែល​គាត់​ចង់​ធ្វើ​។ គាត់​ត្រូវ​តែ​ធ្វើ​រឿង​នេះ​។ រដ្ឋាភិបាល​របស់​លោក​បៃដិន​សព្វ​ថ្ងៃ​នេះ​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ធ្វើ​សង្គ្រាម​នៅ​ហ្កាហ្សា​ និង​លីបង់​ពិត​មែន​​ហើយ​​។ ប៉ុន្តែ​ទី​ក្រុង​វ៉ាស៊ីនតោន​​​​បាន​ផ្ញើ​លិខិត១​​ច្បាប់​កាល​ពី​សប្ដាហ៍​មុន​ទៅ​ថ្នាក់​ដឹក​នាំ​អ៊ី​ស្រា​អែល​ដើម្បី​រំលឹក​ថា​​​អ៊ីស្រាអែលគួរ​​តែ​ជួយ​ដោះ​ស្រាយ​បញ្ហា​មនុស្ស​ធម៌​​នៅ​តំបន់​ហ្កា​ហ្សា​។

​បើ​អ៊ីស្រាអែល​មិន​​ធ្វើ​តាម​​​ទេ​ អាមេរិក​គំរាម​កាត់​បន្ថយ​ការ​ផ្គត់​ផ្គង់​អាវុធ​​។ លោក​ត្រាំ​យល់​​ឃើញ​​ថា​លោក​ណឺតាន់​យ៉ាហ៊ូ​​​ចង់​បាន​មតិ​យោបល់​ពី​លោក​ព្រោះ​ទំនាក់​ទំនង​រវាង​អ៊ីស្រាអែល​ និង​សេត​វិមាន​ដែល​មាន​លោក​បៃដិន និង​លោក​ស្រី​ហារីស​នៅ​ក្នុង​នោះដែរ​​​ហាក់​ដូច​ជា​សោះ​អង្គើយ​ ឬ​រយាល​ដៃ​បន្តិច​​។ លោក​យល់​ថា​​អ៊ីស្រាអែល​​ធ្វើ​ការ​​ទាំង​ទើស​ទ័ល​​​ជា​មួយ​សេត​វិមាន​។ ​​

លោក​ថ្លែង​ដូច្នេះ​​បន្ទាប់​ពី​​អ៊ីស្រាអែល​ប្រកាស​ថា​​ខ្លួន​នៅ​តែ​ស្ដាប់​មតិ​យោបល់​​របស់​វ៉ាស៊ីន​តោន​ជា​និច្ច​។ ​គ្រាន់​តែ​ថាការ​​ធ្វើ​តាម​ ឬ​មិន​ធ្វើ​តាម​ជា​សិទ្ធិ​របស់​អ៊ីស្រា​អែល​​។ អ៊ីស្រាអែល​ប្រកាស​ថា​អ្នក​ដែល​មាន​សិទ្ធិ​សម្រេច​ និង​អារ​កាត់​នៅ​ក្នុង​រឿង​នេះ​គឺ​មាន​តែ​អ៊ីស្រា​អែល​ម្នាក់​ប៉ុណ្ណោះ​។​​ ម៉្យាង​ទៀត​ អ៊ីស្រាអែល​យល់​ថា​​ខ្លួន​ធ្វើ​អ្វីៗ​ត្រូវ​តែ​បម្រើ​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​ជា​ធំ​។

ពាក់​ព័ន្ធ​នឹង​គម្រោង​វាយ​ប្រហារ​អ៊ីរ៉ង់​នេះ ​​អ៊ីស្រាអែល​​នៅ​តែ​​ប្រកាន់​​ជំហរ​​ថា​ខ្លួន​​ត្រូវ​តែ​វាយ​អ៊ី​រ៉ង់​ឱ្យ​ស្គាល់​ដៃ​ម្ដង​។ ដូច្នេះ​ទោះ​បី​បរទេស​ណា​មក​និយាយ​បញ្ចុះ​បញ្ចូល​ ឬ​ផ្លុំ​ត្រចៀក​អ៊ីស្រាអែល​យ៉ាង​ណា​ក៏​​ជា​ការ​ឥត​​ប្រយោជន៍​។ ​កាល​ពីពេល​ថ្មី​ៗ​នេះ លោក​បៃដិន​ចង់​សម្រុះ​សម្រួល​​ឱ្យ​ប្រទេស​ទាំង​ពីរឈប់​វាយ​សង​សឹក​គ្នា​ត​ទៅ​ទៀត​ ហើយ​សុខ​ចិត្ត​អហោ​សិកម្ម​​ឱ្យ​គ្នា​ត្រឹម​នេះ​ចុះ​​។ តាម​ចិត្ត​របស់​លោក​បៃ​ដិន​​ លោក​ចង់​ឱ្យ​មាន​បទ​ឈប់​បាញ់​ជា​បណ្ដោះ​អាសន្ន​ក៏​បាន​ដែរ​។ ប៉ុន្តែ​អ៊ីស្រាអែល​មិន​ព្រម​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ