ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​ជនសង្ស័យ​០៤​នាក់ ក្នុង​ពន្ធនាគារ​ខេត្តស្វាយរៀង ករណី​លួច​ម៉ូតូ នៅ​ស្រុក​ស្វាយ​ជ្រំ

17 ម៉ោង មុន

ខេត្តស្វាយរៀង ៖ ជនសង្ស័យ ០៤​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ត្រូវ​បាន​លោក​ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ ជនសង្ស័យ ០៤​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ត្រូវ​បាន​លោក​ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង រួច​ហើយ ។

បើ​តាម​លោក​អធិការ​នគ​បាល​ស្រុក​ស្វាយ​ជ្រំ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៤​នាក់​នេះ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ដែល​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស នៅ​ស្រុក​ស្វាយ​ជ្រំ ។

សមត្ថកិច្ច​បាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៤​នេះ​ថា ដោយ​មានការ​បញ្ជា​ដឹកនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ចាត់តាំង​លោក​ឧត្តមសេនីយ៍ត្រី ព្រំ ពិសិដ្ឋ ស្នងការ​រង ទទួល​ការងារ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ស្រាល លោក​វរសេនីយ៍ទោ គឹ​ម សុខ​ខា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​លោក​វរសេនីយ៍ឯក សោម សុ​ភ័​ណ្ឌ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ចុះ​ស្រាវជ្រាវ បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៤​នាក់ ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​នា (​លួច​ម៉ូតូ​) ពេល​កន្លង​មក ក្នុង​មូលដ្ឋាន​ស្រុក​ស្វាយ​ជ្រំ ហើយ​នាំ​គ្នា​គេចខ្លួន​ទៅ​លាក់​ខ្លូ​ន​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

ប្រភព​បន្ត​ថា សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន ហើយ​បាន​សុំ​ទៅ​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តស្វាយរៀង ពន្លាត​ភូមិសាស្ត្រ​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់ កាលពី​ថ្ងៃ​ទី​១៦ តុលា ដោយ​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ម៉ូតូ​០១​គ្រឿង និង​ទូរ​សព្ទ​ដៃ ០២​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ស្ថិតក្នុងពន្ធនាគារ​ខេត្តស្វាយរៀង បន្ទាប់ពីសមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ហើយត្រូវ​បាន​លោក​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ជាបណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ