ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសិនបើ​យើង​ចង់​ទាក់ទាញ​ទេសចរ​ជនជាតិ​ចិន​មក​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន លុះត្រាតែ​យើង​ទាំងអស់​គ្នា​ខិតខំ​បន្ថែម​ទៀត ពីព្រោះ​នៅ​ពេល​នេះ​យើង​ក៏​ចង់បាន​ភ្ញៀវ​ចិន គេ​ក៏​ចង់បាន​ដូច​គ្នា ។ ប៉ុន្តែ​បើ​មើល​តាម​ស្ថា​ភាព​សេដ្ឋកិច្ច និង​ទំនោរ​នៅ​ពេល​នេះ​ភ្ញៀវ​ចិន​ហាក់​ចាប់អារម្មណ៍​ដំណើរ​ទេសចរណ៍ ហើយ​ចាយ​លុយ​នៅ​ក្នុងស្រុក​ច្រើន​ជាង​ចេញ​ក្រៅប្រទេស ។ មក​ដល់​ពេល​នេះ…

ប្រសិនបើ​យើង​ចង់​ទាក់ទាញ​ទេសចរ​ជនជាតិ​ចិន​មក​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន លុះត្រាតែ​យើង​ទាំងអស់​គ្នា​ខិតខំ​បន្ថែម​ទៀត ពីព្រោះ​នៅ​ពេល​នេះ​យើង​ក៏​ចង់បាន​ភ្ញៀវ​ចិន គេ​ក៏​ចង់បាន​ដូច​គ្នា ។ ប៉ុន្តែ​បើ​មើល​តាម​ស្ថា​ភាព​សេដ្ឋកិច្ច និង​ទំនោរ​នៅ​ពេល​នេះ​ភ្ញៀវ​ចិន​ហាក់​ចាប់អារម្មណ៍​ដំណើរ​ទេសចរណ៍ ហើយ​ចាយ​លុយ​នៅ​ក្នុងស្រុក​ច្រើន​ជាង​ចេញ​ក្រៅប្រទេស ។

មក​ដល់​ពេល​នេះ ស្ថានភាព​នៃ​កា​រត​ភ្ជាប់​ជើងហោះហើរ​រវាង​ចិន និង​កម្ពុជា គឺ​នៅ​តែ​មាន​ស្ថានភាព​ជា​ប្រក្រតី ហើយ​អ្នកដំណើរ​ចិន​ចេញចូល​កម្ពុជា តាម​យន្តហោះ គឺ​នៅ​ពេញ​ៗ​ជា​ធម្មតា​ទេ ប៉ុន្តែ​យោង​តាម​អត្ថបទ​មួយ​ដែល​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ​ថ្មី​ៗ​នេះ​យើង​ទាំងអស់​គ្នា សូម​លើកកម្ពស់​ការ​យកចិត្តទុកដាក់ បើ​មិន​ដូច្នេះ​ទេវា​អាច​នឹង​ប៉ះពាល់ ។

តាម​សេចក្តីរាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា តួរ​លេខ​ផ្លូវការ​ដែល​បាន​ចេញផ្សាយ​បង្ហាញ​ថា ត្រឹមតែ​បុណ្យ​ឈប់​សម្រាក​ធំ​ៗ​នៅ​ក្នុង​ប្រទេស​ប្រចាំឆ្នាំ​២០២៤​នេះ​ពលរដ្ឋ​ចិន​រហូត​ដល់​ទៅ​៧៦៥​លាន​នាក់​បាន​ដើរ​កំសាន្ត​នៅ​ក្នុង​ប្រទេស ពោល គឺ​មានការ​កើនឡើង​រហូត​ដល់​ទៅ​ជិត​៦​ភាគរយ ស្រប​ពេល​ដែល​ការ​ចំណាយ​ដើរ​លេង​នេះ គឺ​អស់​ប្រមាណ​ជា​ជាង​៧០០​ពាន់​លាន​យ័ន ឬ​ប្រមាណ​ជា​ជាង​៩៩​ពាន់​លាន​ដុល្លារ មាន​កំណើន​កើនឡើង​ចំនួន​៦,៣​ភាគរយ ។ សេវាកម្ម​ទេសចរណ៍​ដែល​ពលរដ្ឋ​ចិន​កំពុង​តែ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​សេវាកម្ម​ទេសចរណ៍វប្បធម៌​ប្រពៃណី ។

ប្រភព​ដដែល​បាន​បន្ត​ថា ពលរដ្ឋ​ចិន​បច្ចុប្បន្ន​នេះ មានការ​ប្រមូលផ្តុំ​គ្នា​ជា​ក្រុម​ៗ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​ប្រវត្តិសាស្ត្រ​នានា ក្នុងអំឡុងពេល​វិស្សមកាល ឆ្នាំ​២០២៤ ដោយ​ក្នុងអំឡុងពេល​វិស្សមកាល​ថ្មី​ៗ​នេះ តម្រូវការ​សម្រាប់​សេវា​ដឹក​ជញ្ជូន​ទៅ​កាន់​តំបន់​ទេសចរណ៍​ដូច​ជា ទីក្រុង​បុរាណ និង​ទីប្រជុំជន​បាន​កើនឡើង​១១​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​អំឡុង​ពេល​មុន​ថ្ងៃ​ឈប់​សម្រាក​ឆ្នាំ​មុន ។

ក្នុង​នាម​ជា​ប្រទេស​ដែល​សំបូរ​ដោយ​កំណប់ទ្រព្យ​ប្រវត្តិសាស្ត្រ និង​វប្បធម៌ សារមន្ទីរ​នានា​ទូ​ទាំង​ប្រទេស​ស្រាប់ ចិន​ក៏​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ប្រជាជន​ចិន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ជាមួយនឹង​ការ​ចូល​ទស្សនា​១,២៩ ពាន់​លាន​នាក់ ក្នុង​ឆ្នាំ​២០២៣ ។
នេះ​គឺជា​និន្នាការ​ថ្មី​មួយ ខណៈ​ដែល​៨​ខែ​ដើមឆ្នាំ​២០២៤​កន្លង​ទៅ​នេះ ភ្ញៀវ​ទេសចរ​ចិន​ឈរ​នៅ​លំដាប់​ទី​៣ ពោល​គឺ​នៅ​ពីក្រោយ​ថៃ និង វៀតណាម ខណៈ​ដែល​មុន​កូ​វី​ដ​១៩ ភ្ញៀវ​ទេសចរ​ចិន គឺ​ឈរ​នៅ​លំដាប់​ទី​១ ។

តាម​ស្ថិតិ​ដែល​ប្រកាស​ដោយ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​២០២៤ កម្ពុជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​សរុប​៥៣៨.៨៣៤ នាក់ ពោល​គឺ​មាន​កំណើន​កើនឡើង ៤៧,៧ ភាគរយ ហើយ​ប្រសិនបើ​យើង​នៅ​តែ​បន្ត​និន្នាការ​ល្អ ហើយ​នៅ​តែ​បន្ត​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ដូច​បច្ចុប្បន្ន​ឫ​ប្រសើរ​ជាង​បច្ចុប្បន្ន​នោះ វិស័យ​ទេសចរណ៍​ស្រុក​យើង​នឹង​វិជ្ជមាន ប៉ុន្តែ​កុំ​ភ្លេច​និន្នាការ​ថ្មី​ខាងលើ និង​ការ​ប្រជែង​ការ​ទាក់ទាញ​ពី​ប្រទេស​ផ្សេង​ៗ​នៅ​ក្នុង​តំបន់ ។

នៅ​ពេល​នេះ​កុំ​ភ្លេច​ថា ថៃ និង​វៀតណាម សូ​ម្បី​តែ​ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី​ជាដើម គឺ​សឹងតែ​កំណត់​គោលដៅ​នៃ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ដូច​គ្នា​។ ដូច្នេះ​នៅ​ពេល​ដែល​និន្នាការ​ចិន​លែង​ចង់​ចំណាយ​ក្រៅប្រទេស​ដើរ​កំសាន្ត​ច្រើន ហើយ​ប្រទេស​ផ្សេង​មាន​លក្ខណៈ​ទាក់ទាញ និង​ធ្វើ​ជំនាញ​ទីផ្សារ​បាន​ល្អ​ជាង​កម្ពុជា​នោះ វា​ពិតជា​ហានិភ័យ​សម្រាប់​ទីផ្សារ​ទេសចរណ៍​នៅ​ក្នុងស្រុក​របស់​យើង ។
មក​ដល់​ពេល​នេះ ទេសចរណ៍​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​សរសរ​ស្តម្ភ​ដ៏​សំខាន់​មួយ​សម្រាប់​ជំរុញ​និង​រក្សា​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ដែល​នៅ​ពេល​នេះ​អាច​ស្តារ​នៅ​ក្នុង​រង្វង់​៦​ភាគរយ​ក្រោយ​ពេល​ដែល​បាន​ធ្លាក់​ចុះ​ដ៏​អវិជ្ជមាន​កាលពី​សម័យ​កូ​វី​ដ ១៩ ។

សរុប​មក​វិញ​ដើម្បី​លើកកម្ពស់​ការ​ទាក់ទាញ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រកួតប្រជែង​ការ​ទាក់ទាញ​ទេសចរ​ទាំង​ចិន និង​បរទេស​ផ្សេង​ៗ​ទៀត​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​រួបរួម​គ្នា​ជំរុញ និង​ប្រែក្លាយ​ប្រទេស​ទៅ​ជា​គោលដៅ​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ហើយ ជា​ពិសេស​លុប​បំបាត់​ឲ្យ​បាន​នូវ «​បី ក » គឺ​«​កុំ​កាប់ កុំ​កេង កុំ​កោរ​» ភ្ញៀវ​ទេសចរ ។ កុំ​ភ្លេច​ថា ល្អ​មិន​ងាយ​កសាង​កេរ្តិ៍ឈ្មោះ​ទេ ប៉ុន្តែ​អាក្រក់​វិញ គឺ​វាយ​ស្រួល​នឹង​ត្រូវ​គេ​និយាយ​គេ​រិះគន់​គេ​វា​.​យ​ប្រហារ​ណាស់ ។ ដូច្នេះ​យើង​ទាំងអស់​គ្នា សូម​យកចិត្តទុកដាក់ ហើយ​ខិតខំ​ប្រឹងប្រែង​ទាំងអស់​គ្នា ដើម្បី​លើកកម្ពស់​ការ​អភិ​វ​ឌ្ឈ​ប្រទេស​ជាតិ​របស់​យើង មិន​ថា តែ​ទេសចរណ៍​ទេ គឺ​សេវាកម្ម ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ