ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ថៃទាំង​ខ្មែរ ​​ជាង​អ៊ុតសក់,តា​រើស​អេ​ត​ចាយ,សិស្សសាលា,គ្រូបង្រៀន និង​មន្ត្រីរាជការក៏លង់ជាមួយ​​​Icon Group

14 ម៉ោង មុន

បាងកក ៖ ទាំង​ថៃ ទាំង​ខ្មែរ សូ​ម្បី​តែ​ជាង​អ៊ុតសក់ តា​រើស​អេ​ត​ចាយ ថែម​ទាំង​សិស្សសាលាគ្រូ​បង្រៀន និង​មន្ត្រីរាជការ សុទ្ធតែ​បាន​ដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន Icon…

បាងកក ៖ ទាំង​ថៃ ទាំង​ខ្មែរ សូ​ម្បី​តែ​ជាង​អ៊ុតសក់ តា​រើស​អេ​ត​ចាយ ថែម​ទាំង​សិស្សសាលាគ្រូ​បង្រៀន និង​មន្ត្រីរាជការ សុទ្ធតែ​បាន​ដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន Icon Group ដោយ​រង​គ្រោះ​ត​គ្នា​ជា​បណ្តាញ​ ។​

ប្រភព​ពី​សារព័ត៌មាន​ថៃ khaosod បាន​ចុះ​ផ្សាយ​ក្រោម​ចំណងជើង​ថា មិនមែន​មាន​តែ​ជនជាតិ​ថៃ​ប៉ុណ្ណោះ​ទេ ប្រជាជន​ខ្មែរ ក៏​បាន​ធ្លាក់ខ្លួន​ខ្លួន​ជា​ជន​រង​គ្រោះ​ក្នុង​អំពើ​ឆបោក​ជា​បណ្តាញ​របស់ Icon Group ហើយ​បើ​តាម​ដឹង មិន​តិច​ជាង ១០០០ នាក់​នោះ​ទេ​។

ពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​ទម្លាយ​ថា ខ្លួន​ក៏​ជា​ជន​រង​គ្រោះ​ម្នាក់​ដែល​ចាញ់បោក Icon Group ក្រោយ​ពី​សម្រេចចិត្ត​កាត់​កញ្ចប់ ២៥​ម៉ឺន​បាត​ជាមួយ Boss Suay ដែល​មានឈ្មោះ​ពេញ Natpasorn Chatthanasor ជា​មេខ្លោង​ម្នាក់​ក្នុង​ចំនោម​មេខ្លោង​ទាំង ១៨​នាក់ ដែល​កំពុង​ជាប់​ឃុំ​បណ្តោះអាសន្ន​ក្នុង​មន្ទីរឃុំឃាំង​។

ស្ថិត​ក្នុង​ចំនោម​ជន​រង​គ្រោះជា​ច្រើន​នាក់​ដែល​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​ស៊ើបអង្កេត​កណ្តាល ស្ត្រីជន​ជាតិខ្មែរ​ដែល​អះអាង​ថា ខ្លួន​មក​ពី​ប្រទេស​កម្ពុជា ឈ្មោះ​ថា ជេន​នី អាយុ​៤២​ឆ្នាំ បាន​បង្ហើប​ថា នៅ​ឆ្នាំ​២០២២ ក្នុងអំឡុងពេល​កូ​វី​ដ ចំ​ពេល​ដែល​អ្នកស្រី​កំពុង​ស្វែងរក​ការងារ​ដើម្បី​បាន​ប្រាក់​ចំណូល​បន្ថែម នាង​បាន​ប្រទះ​ឃើញ​ថា មាន​វគ្គ​បង្រៀន​លក់​អន​ឡាញ​ពី Icon Group ដែល​ចំណាយ​ត្រឹមតែ ៩៧​បាត ទើប​នាង​សម្រេចចិត្ត​ចុះ​ឈ្មោះ​ចូល​រៀន​។

១​ថ្ងៃ​២​ថ្ងៃ​ដំបូង​នឹង​បង្រៀន​អ្នក​ពី​របៀប​លក់ ប៉ុន្តែ​ក្រោយមក​នៅ​ថ្ងៃ​ទី​៣ ទី​៤ នឹង​មានការ​បញ្ចុះបញ្ចូល​សិក្ខាកាម ហើយ​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​មក​បង្រៀន​គឺ ” Boss Suay ” បាន​បបួល​នាង​ឱ្យ​វិនិយោគ​ក្នុង​អាជីវកម្ម​ជាមួយ The Icon ទើប​នាង​សម្រេចចិត្ត​កាត់​កញ្ចប់​តម្លៃ​២៥​ម៉ឺន​បាត​។

អ្នកស្រី ជេន​នី បន្ត​ថា នៅ​ឆ្នាំ​២០១៤ Icon  Group ក៏​បាន​វាយ​លុយ​ចូល​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន Boss Paul និង Boss ជា​ច្រើន​នាក់​ដែល​ជាតា​រា​ល្បី​ៗ ជា​ពិសេស​គឺ Boss Sam ដែល​ខ្មែរ​ស្គាល់​ច្បាស់​ថា តារា​សម្តែង​ជើង​ចាស់​លោកប៉ា​តា​វី បាន​ចេញចូល​ប្រទេស​កម្ពុជា​ជា​ញឹកញាប់ ដើម្បី​បើក​សម្ពោធ​ផលិតផល បើក​វគ្គ​បង្រៀន និង ជ្រើសរើស​មេក្រុម​និង​តំណាង​ចែកចាយ​ជា​ប្រជាជន​ខ្មែរ​មិន​តិច​ជាង ១០០០​នាក់​នោះ​ទេ​។

ស្លេស​ពី​រឿង Icon Group នៅ​ខ្មែរ ងាក​ទៅ​បច្ចុប្បន្ន​ទៅ​ថៃ​វិញ ដោយសារ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ Icon Group បន្ត​កាន់តែ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ​មាន​ទាំង​ទីក្រុង មាន​ទាំង​ខេត្ត​នោះ ប៉ូ​លី​ស​ថៃ​បាន​ប្រកាស​ថា ដើម្បី​ផ្តល់​ភាព ងាយស្រួល ជន​រង​គ្រោះ​ទាំងអស់​មិន​ចាំបាច់​ឡើង​មក​ទីក្រុង​បាងកក ដើម្បី​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ដោយ​ប៉ូ​លី​សនឹង​បើក​មជ្ឈមណ្ឌល​ទទួល​ពាក្យបណ្តឹង​ទូ​ទាំង​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​១៨​តុលា​តទៅ​។

ប្រភព​ពី​សារព័ត៌មាន​ថៃ PBS World គិត​ត្រឹម​ថ្ងៃ​ទី​១៧​តុលា មាន​ជន​រង​គ្រោះ ២៦៥៤​នាក់​បាន​មក​ដាក់​បណ្តឹង និង​រាយការណ៍​ពី​ការ​ខាតបង់​របស់​ពួក​គេ ដែល​ស្មើនឹង​ទឹកប្រាក់​សរុប​ជាង ៨៣០​លាន​បាត​ហើយ​។ តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ជន​រង​គ្រោះ​ភាគច្រើន​ក្នុង​ម្នាក់​ៗ បាន​ខាត់​បង់ប្រាក់​ចន្លោះ​ពី​ខ្ទង់ ៦០​ម៉ឺន​ទៅ​ជិត ១​លាន​បាត ដោយ​រាប់​បញ្ចូល​ទាំង​ថ្លៃ​សមាជិកភាព ថ្លៃ​កាត់​ស្តុក​ផលិតផល ថ្លៃ​ផ្សាយពាណិជ្ជកម្ម ថ្លៃ​សិក្ខាសាលា និង​ការ​ចំណាយ​ផ្សេង​ៗ​។

អ្វី​ដែល​កាន់តែ​ហួសចិត្ត​នោះ ជន​រង​គ្រោះ​ដោយសារ Icon Group ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ទាំង មនុស្ស​ចាស់ជរា អ្នកមាន​ជំងឺមហារីក អ្នក​រើស​អេ​ត​ចាយ ជាងកាត់សក់ គ្រូបង្រៀន សិស្សសាលា និង​សូ​ម្បី​តែ​មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ​ជា​ច្រើន​នាក់​ផង​ដែរ ដែល​រង​គ្រោះជា​បណ្តាញ​ត​ៗ​គ្នា​។

សារព័ត៌មាន Matichon បាន​សម្ភាសន៍​ជាមួយ​បុរស​ចំណាស់​ម្នាក់​ដែល​មានមុខរ​បរជា​កម្មករ​អ្នក​បោសសំអាត​សំរាម​តាម​ផ្លូវ រស់នៅ ក្នុង​ខេត្ត​បុរី​រ៉ាំ ដែល​បាន​អះអាង​ថា គាត់​បាន​បោក​ក្រុមហ៊ុន​Icon Group អស់ពី​ខ្លួន ជា​ពិ​សេ​គឺ​ប្រាក់​សន្សំ​ដែល​ខំ​រក​អស់​មួយ​ជីវិត​ត្រូវ បាត់បង់​ហើយ​នោះ ថែម​ទាំង​ត្រូវ​ប្រពន្ធ​ខឹង​ដេញ​ចេញពីផ្ទះ​ថែម​ទៀត​។ បុរស​ចំណាស់ វ័យ​៥៨​ឆ្នាំ​បាន​រំលឹក​ថា ថ្ងៃមួយ​គាត់​ត្រូវ​បាន​ក្រុមហ៊ុន​នេះ​ល្បួង​ឱ្យ​ចូល​រៀន​វគ្គ​លក់​តាម​អន​ឡាញ ដោយ​ចំណាយ​អស់​២៥០០​បាត ហើយ​ក៏​ត្រូវ​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ឱ្យ​កាត់​ផលិតផល​កញ្ចប់ ២០​ម៉ឺន​បាត​។

​ដំបូង​ឡើយ​គាត់​មិន​ហ៊ាន​ប្រថុយ​ទេ ប៉ុន្តែ​ដោយសារ​តែ​តារា​ប្រុស​ជើង​ចាស់​លោក​ប៉ាត់​តា​វី ដែល​ជា​Idol​របស់​គាត់ ផ្សព្វផ្សាយ​ផលិតផល​នោះ និង​ដោយ​ក្តី​សង្ឃឹមថា អាច​ផ្លាស់​ប្តូរ​ជីវភាព​អាច​រក​លុយ​ទុក​ចិញ្ចឹម​ខ្លួន​ពេល​ចាស់​ទៅ​នោះ គាត់​ក៏​ប្រមែប្រមូល​ប្រាក់​សន្សំ​របស់​ខ្លួន រួម​ទាំង​លុយ​ដែល​រកបាន ពី​ការ​រើស​អេ​ត​ចាយ​ទៅ​បណ្តាក់ទុន​ទាំងអស់ តែ​ជា​អកុសល​ផលិតផល​ទាំងនោះ លក់​មិន​ដាច់​នោះ​ឡើយ រហូត​ដល់​ពេល​នេះ ក្រោយ​ពី​ផ្ទុះ​កក្រើក​ថា​ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​បោក គាត់​ពិត​អស់សង្ឃឹម​ខ្លាំង​ណាស់​។

ងាក​ទៅ​ជន​រង​គ្រោះ​ម្នាក់​ទៀត ដែល​ជា​ជាង​អ៊ុតសក់​ម្នាក់​នៅ ករណី​មួយទៀត​កាន់​ខេត្ត​ឡាំប៉ា​ង បាន​អះអាង​ថា នាង​បាន​យក​ឡាន​ទៅ​បញ្ចាំ និង​ខ្ចី​បងប្អូន ដើម្បី​យក​លុយ​មក​បណ្តាក់​ទុកជា​មួយ Icon Group ហើយ​ខាត​អស់ប្រាក់ ៣០​ម៉ឺន​។ កាលពី​ថ្ងៃ​ទី​១៧ តុលា ពេល​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ក្រុង​ឡាំប៉ា​ង ស្ត្រី​វ័យ​៣៩​ឆ្នាំ ឈ្មោះ Ubon Sawan បាន​បញ្ជាក់​ថា កំឡុង​ឆ្នាំ​២០២១​នៃ​វិបត្តិ​កូ​វី​ដ​១៩ ខ្លួន​ត្រូវ​បាន​គេ​បបួល​ឱ្យ​ចូល​រៀន​វគ្គ​អន​ឡាញ និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​តម្លៃ ៩៨​បាត ហើយ​ដើម្បី​ក្លាយជា​សមាជិក​ត្រូវ​បង់ប្រាក់ ២៥០០​បាត ដើម្បី​សាកល្បង​ទិញ​អាហារ​បំប៉ន​ផ្សេង​ៗ​មក​ញ៉ាំ​។

បន្ត​មក ​នាង​ត្រូវ​គេ​បញ្ចុះបញ្ចូល​ឱ្យ​ទិញ​កញ្ចប់​តូច ២៥០០០​បាត​ទៀត ហើយ​ក្រោយមក​ក៏​កាត់​បញ្ចប់ ២៥​ម៉ឺន​បាត ដោយ​ទទួល​បាន​ផលិតផល​ជា​ច្រើន ដូច​ជា Collagen និង​អាហារ​បំប៉ន​ផ្សេង​ៗ ប៉ុន្តែ​នាង​មិន​អាច​លក់​វា​បាន​ទេ ព្រោះ​គ្មាន​អ្នកទិញ ថែម​ទាំង​ត្រូវ​ចំណាយ​លើ​ការ​ផ្សាយពាណិជ្ជ​កម្ម​តាម​ហ្វេ​ស​បុក​ទៀត​។ ថ្ងៃនេះ​នាង​សម្រេចចិត្ត​មក​ដាក់​ពាក្យបណ្តឹង ដោយ​សង្ឃឹមថា នឹង​ទទួល​បាន​សំណង​ខ្លះមក​វិញ​។

ករណី​ចាញ់បោក Icon Group នៅ​ឯ​ខេត្ត​ឈៀង​ម៉ៃ​វិញ គឺ​មាន​ទាំង​គ្រូបង្រៀន មាន​ទាំង​សិស្សសាលា ដោយ​សរុប​ទឹកប្រាក់ ដែល​បាន​ខាតបង់​ច្រើន​ជាង ២១​លាន​បាត​។ អ្នកគ្រូ និ​ត អាយុ ៤០​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​ខេត្ត​ឈៀង​ម៉ៃ ត្រូវ​គេ​ដឹង​ថា​ជា​ជន​រង​គ្រោះ​ម្នាក់​ដែល​បាន​ដាក់​ពាក្យបណ្តឹង បាន​រៀបរាប់​ពី​ដំណើរ​ដើមទង​មិន​ខុស​គ្នា​ពី​ជន​រង​គ្រោះ​ដទៃ​នោះ​ទេ​។

គាត់​ថា លុយ​ដែល​គាត់​វិនិយោគ​នៅ​ក្នុង  Icon Group សរុប​ជាង ៧០​ម៉ឺន​បាត ដែល​ជា​លុយ​បាន​មក​ពី​បញ្ចាំ​ប្លង់​ដី​ជាមួយ​ធនាគារ ដើម្បី​កាត់​យក​ផលិតផល​ដូច​ជា ប្រូតេអ៊ីន វីតាមីន C និង​កាហ្វេ​សម្រក​មក​លក់​បន្ត ប៉ុន្តែ​ផលិតផល​ទាំងនោះ​មិន​អាច​លក់​បាន​ទេ ទោះបីជា​បង្ហោះ​លក់​ក្នុង​តម្លៃ​ខាតដើម​ក៏​ដោយ​ចុះ​។ ក្រោយ​លក់​មិន​ចេញ ក្រុមហ៊ុន​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​ជ្រើសរើស​កូនក្រុម ដោយ​ផ្តោត​លើ​ក្រុម​មនុស្ស​ចាស់ ប៉ុន្តែ​ខ្លួន​គាត់​ផ្ទាល់​គិត​ថា វា​មិនជា​ត្រឹមត្រូវ​ទេ គាត់​មិន​ចង់​បោក​មនុស្ស​ចាស់​ឡើយ​វា​បាប គាត់​ក៏​សម្រេច​ដកខ្លួន​ទាំង​ខាត​ត្រឹម​ឆ្នាំ​២០២៣​។

អ្នកគ្រូ​នី​ត បន្ត​ថា គាត់​ចេញ​មក​ផ្តល់​ព័ត៌មាន និង​ដាក់​ពាក្យបណ្តឹង ដើម្បី​ជា​សំឡេង​ឱ្យ​សង្គម​បានដឹង បានឃើញ​ថា មាន​ជន​រង​គ្រោះជា​ច្រើន​នាក់​ទៀត​ដែល​រង​គ្រោះ ដោយ​ខ្លះ​ជំពាក់​បំណុល​វ​ណ្ឌ័​ក ខ្លះ​សម្លាប់​ខ្លួន ខ្លះ​មាន​បញ្ហា​គ្រួសារ ឈ្លោះ​លែងលះ​គ្នា​។

យោង​តាម​សេចក្តីរាយការណ៍ ក៏​មាន​ជន​រង​គ្រោះជា​ច្រើន​នាក់​ទៀត មិន​ទាន់​ហ៊ាន​ចេញ​មុន​មក​ដាក់​ពាក្យ​ប្តឹង​នោះ​ទេ ក្រោម​ហេតុផល​ថា ពួក​គេ​ភាគច្រើន​ជា​មន្ត្រីរាជការ ពាណិជ្ជករ និង​អ្នក​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​ៗ​។

យ៉ាងណា​ក៏​ដោយ​នេះ​គ្រាន់តែ​ជា​ប្រភព​ពី​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ដកស្រង់​ពី​បណ្តាសារ​ព័ត៌មាន​ក្នុង​ប្រទេស​ថៃ ខណៈ​ដែល​នៅ​កម្ពុជា​យើង​នៅ​មិន​ទាន់​ទទួល​ដំណឹង​ថា មាន​ជន​រង​គ្រោះ​ណា​ម្នាក់​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ស្ថាប័ន​មាន​សមត្ថកិច្ច​នៅឡើយ​ទេ ហើយ​ក៏​ទាន់​ដឹង​ថា តើ​មាន​ជន​រង​គ្រោះ​ប៉ុន្មាន​នាក់​ទៅ ដែល​ត្រូវ​ខាតបង់​ប្រាក់​កាស តើ​ពួក​គេ​ទាំងនោះ​មាន​អ្នកលក់​ផ្ទះ លក់​ដី លក់​ស្រែ យក​លុយ​មក​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ដែរ​ឬ​អត់ ឬ​ក៏​ពួក​គាត់​ខ្លាច​ខ្មាស​គេ​មិន​ហ៊ាន​ចេញ​មុខ​ប្តឹង?

យើង​រង់ចាំ​មើល​ទាំងអស់​គ្នា​ថា តើ​Boss ធំ​ៗ​ជា​ច្រើន​នាក់​របស់ Icon Group នៅ​ស្រុក​ខ្មែរ​យើង អាច​នឹង​មាន​វាសនា​ដូច Boss ទាំង​១៨​នៅ​ប្រទេស​ថៃ​ដែរ​ឬទេ?

កែសម្រួលដោយ