ទីក្រុងហ្កាហ្សា៖ បន្ទាប់ពីអ៊ីស្រាអែលធ្វើឃាតមេដឹកនាំរបស់ខ្លួនជាបន្តបន្ទាប់ ត្រឹមតែជាង២ខែស្លាប់អស់២នាក់ នេះមិនទាន់គិតទៅដល់មេដឹកនាំកំពូលរបស់ក្រុមហេសបូឡាដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនផង។ ដូច្នេះ ចុងក្រោយនេះ ក្រុមហាម៉ាស់កំពុងពិគ្រោះគ្នាថាបើបណ្ដោយបែបនេះតទៅទៀតមិនកើតទេ។ អ៊ីស្រាអែលមុខជាចាត់ការមេដឹកនាំថ្មីទៀតជាមិនខាន។
ប្រភពផ្ទៃក្នុងរបស់ហាម៉ាស់បានបង្ហើបឱ្យដឹងថាមេដឹកនាំហាម៉ាស់ថ្មីប្រហែលជាត្រូវធ្វើការ និងស្នាក់នៅនៅក្រៅតំបន់ហ្កាហ្សា។ ក្រោយការស្លាប់របស់ស៊ីនវ៉ា (Sinwar) បងប្រុសរបស់គាត់អាចនឹងមានមុខតំណែងកំពូលនៅក្នុងរចនាសម្ព័ន្ធដឹកនាំថ្មី។ ប៉ុន្តែច្បាស់ណាស់ថាការប្រឆាំងនឹងអ៊ីស្រាអែលប្រហែលជាមិនអាចបញ្ចប់ដោយងាយៗនោះឡើយ។
ភាគីទាំងសងខាង ហាម៉ាស់ និងអ៊ីស្រាអែល រួមទាំងហេសបូឡា និងអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តរបស់ហាម៉ាស់សុទ្ធតែប្ដេជ្ញាចិត្តដូចៗគ្នាថាសង្គ្រាមនឹងបន្តឆាបឆេះនៅហ្កាហ្សា និងនៅលីបង់។ ដូច្នេះ សេចក្ដីសង្ឃឹមរបស់ក្រុមបស្ចិមប្រទេសដែលចង់ស្វះស្វែងរកការផ្សះផ្សាគ្នាដើម្បីបញ្ចប់សង្គ្រាម និងដោះលែងចំណាប់ខ្មាំងនៅសេសសល់នោះប្រហែលជាគ្មានផ្លូវទេមើលទៅ។
នៅក្នុងរចនាសម្ព័ន្ធដឹកនាំរបស់ខ្លួន ក្រុមហាម៉ាស់ត្រូវការគិតគូរឱ្យបានល្អិតល្អន់បន្តិច។ ហាម៉ាស់គិតតាំងពីការធ្វើយ៉ាងណាស្របទៅតាមជំហររបស់អ៊ីរ៉ង់ដែលជាអ្នកឧបត្ថម្ភ-គាំទ្រដ៏សំខាន់១របស់ខ្លួន ហើយក៏ត្រូវគិតគូរទៅដល់ការមិនប៉ះពាល់ផលប្រយោជន៍ជាតិរបស់ប្រទេសកាតាក្នុងនាមជារដ្ឋនៅជាប់ឈូងសមុទ្រ និងដែលទទួលឱ្យស្នាក់នៅនៃមេធំៗរបស់ហាម៉ាស់។
ស៊ីនវ៉ាជាមេគំនិតធំជាងគេនៅក្នុងផែនការវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ គាត់ស្លាប់នៅក្នុងការប្រយុទ្ធគ្នាមួយនៅទីក្រុងរ៉ាហ្វា (Rafah) កាលពីថ្ងៃពុធ។ គិតទៅត្រឹមតែរយៈពេលជាង២ខែប៉ុណ្ណោះ ពោលគឺចន្លោះពីចុងខែកក្កដាដល់ពាក់កណ្ដាលខែតុលានេះ មេដឹកនាំកំពូលៗរបស់ហាម៉ាស់ស្លាប់រហូតដល់ទៅ២នាក់។ កាលពីជំនាន់មុនស៊ីនវ៉ា ក្រុមហាម៉ាស់ចែកមុខនាទីគ្នាដឹកនាំ។ កាលនោះ ហានីយេទទួលបន្ទុកខាងនយោបាយផ្ទៃក្នុង និងនយោបាយការបរទេស។
ស៊ីនវ៉ាទទួលបន្ទុកខាងដឹកនាំកងទ័ព។ ម្ខាងដឹកនាំការតស៊ូនយោបាយ និងម្ខាងទៀតតស៊ូប្រដាប់អាវុធ។ បន្ទាប់ពីស៊ីនវ៉ាក្លាយជាមេដឹកនាំថ្មី គាត់សម្រេចចិត្តប្រមូលផ្ដុំក្រុមអ្នកដឹកនាំនយោបាយ និងប្រដាប់អាវុធដាក់ជុំគ្នានៅក្នុងតំបន់ហ្កាហ្សាតែមួយ។ ប៉ុន្តែសម្រាប់លើកទីបីនេះ ក្រុមហាម៉ាស់ប្រហែលជាមិនដើរតាមសេណារីយោនេះតទៅទៀតទេ។ ពួកបាត់បង់យុទ្ធជនអស់ជាច្រើន។ ថ្នាក់ដឹកនាំធំៗក៏បានស្លាប់ជាបន្តបន្ទាប់ទៀត។ ដូច្នេះអាចជាការប៉ះពាល់ខ្លាំងគួរសមដែរចំពោះពួកគេ។
អនុប្រធានរបស់ស៊ីនវ៉ាគឺលោកខាលីល អាល់ហាយ៉ា (Khalil Al-Hayya) ដែលអាចនឹងក្លាយជាដឹកនាំថ្មីរបស់ក្រុមហាម៉ាស់នាពេលខាងមុខបានបញ្ចេញសារនយោបាយមួយកាលពីថ្ងៃសុក្រ។ គាត់ដាក់លក្ខខណ្ឌថាចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលដែលនៅសេសសល់ទាំងប៉ុន្មានមិនអាចវិលត្រឡប់ទៅវិញដោយមានជីវិតរស់នៅបានឡើយលុះត្រាតែអ៊ីស្រាអែលដកកងទ័ពរបស់ខ្លួនចេញទាំងអស់ពីតំបន់ហ្កាហ្សា ហើយយល់ព្រមបិទបញ្ចប់សង្គ្រាមនេះទាំងស្រុង។
ជាទម្លាប់របស់ក្រុមហាម៉ាស់ ពួកគេមិនចង់ទុកកៅអីរបស់មេដឹកនាំកំពូលរបស់ខ្លួនឱ្យនៅទំនេរយូរទេ។ ពួកគេនឹងជ្រើសរើសអ្នកថ្មីមកជំនួសត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ក្រៅពីអាល់ហាយ៉ា គេសម្លឹងឃើញមនុស្សមួយចំនួនទៀតអាចនឹងដាក់ពាក្យប្រកួតប្រជែងយកតំណែងជាមេដឹកនាំថ្មី។ ក្នុងនោះមានលោកខាលីត មេសាអាល់ (Khaled Meshaal) និងមហាមេត ដាវីស (Mohammad Darwish)៕
ចែករំលែកព័តមាននេះ