ខេត្តស្វាយរៀង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្តាលឲ្យ០២នាក់ប្តីប្រពន្ធ រងរបួសធ្ងន់ធ្ងរ មូលហេតុដោយសារតែ បុរសអ្នកបើកបររថយន្ត សេពគ្រឿងស្រវឹងហើយ បើកបរក្នុងល្បឿនលឿន បុករះជាមួយរថយន្ត០១គ្រឿង និងជ្រុលទៅបុកម៉ូតូរ៉ឺម៉ក លក់ប្រហិត ពីក្រោយប៉ើងខ្ទេច រួចបុកចូលទៅក្នុងស្ថានីយប្រេងឥន្ធនៈ តេលា (វីរ៉ា សុខលីជីង) បុកចំធុងបញ្ចូលហ្គាស់ធ្លាយ បន្តទៅបុកចូលហាងលក់ទំនិញ និងភេស្ជៈ (សុខជា) ទៀត ទើបទៅមុខលែងរួច ប៉ុន្តែនេះសំណាងហើយ ដែលមិនផ្ទុះធុងហ្គាស់ឆេះ បើសិនផ្ទុះឆេះស្ថានីប្រេងឥន្ធនៈវិញ មិនដឹងថាមានជនរងគ្រោះប៉ុន្មាននាក់ទៀតទេ ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង០៣និ១៥នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចស្ថានីប្រេងឥន្ទនៈ ដេប៉ូតេលា ស្ថិតនៅភូមិលៀបឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ប្រភេទរថយន្តក្រុង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខព្រះសីហនុ 3A-7588 បើកបរល្បឿនលឿន ពីទិសខាងលិច មកកើត លុះមកដល់កន្លែងកើតហេតុ ក៏បុករថយន្តម៉ាក TACOMA ពីក្រោយពេញទំហ៊ឹង រុញទៅមុខរួចបុកចំម៉ូតូរ៉ឺម៉ក ដឹកប្រហិតលក់តាមរោងចក្រ ពីក្រោយ ប៉ើងទៅមុខក្រឡាប់ខ្ទេចខ្ទាតជនរងគ្រោះ០២នាក់ប្តីប្រពន្ធ ចេញពីម៉ូតូរ៉ឺម៉ក បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ។ ចំណែកប្រហិត គ្រឿងលក់ដូរ និងម៉ូតូខ្ទាតខ្ចាយខូចអស់ទាំងស្រុង ។
សមត្ថកិច្ច បានឲ្យដឹងបន្តថា រថយន្តនោះ មិនទាន់អស់ល្បឿនទេ រេចង្កូតជ្រុលទៅបុកចូលស្ថានីយ៍ប្រេងឥន្ទនៈ បុកចំធុងបញ្ចូលហ្គាស់ បណ្តាលឲ្យធ្លាយចេញហ្គាស់ ប៉ុន្តែសំណាងល្អ មិនផ្ទះឆេះហ្គាស់ ត្រូវបានម្ចាស់ស្ថានីប្រេងឥន្ធនៈ រត់ទៅបិទទាន់ពេលវេលា។ ហើយរថយន្តបង្ក នៅល្បឿនបានទៅបុកចូលហាងលក់ទំនិញ និងភេស្ជៈ បន្តទៀតទៀត ទើបទៅមុខលែងរួច ។
សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់មក ជនបង្ក បានលោតចុះពីលើរថយន្តក្រុង រត់គេចខ្លួនបាត់ភ្លាមៗ ពីកន្លែងកើតហេតុ ។
ប្រភពបានអោយដឹងដែរថា បើតាមអ្នកដំណើរ ដែលជិះនៅលើរថយន្តបង្កនោះ បានប្រាប់សមត្ថកិច្ច ថា អ្នកបើកបររថយន្តបង្ក (កំពុងគេចខ្លួន) បានដឹកកម្មករ-កម្មការនី ទៅដាក់ក្នុងរោងចក្រ កាលពីព្រឹកមិញ រួចហើយក៏បើករថយន្តត្រឡប់ទៅផ្ទះវិញ នៅស្រុករំដួល ហើយបានផឹកស៊ីរហូតស្រវឹង លុះដល់ម៉ោងជិត៣រសៀល ពោលគឺជិតដល់ម៉ោងកម្មករ-កម្មការិនី ចេញពីធ្វើការ អ្នកបើកបរ ក៏ឡើងបើករថយន្ត ចេញមកទាំងស្រវឹងខ្លាំង ដើម្បីទៅទទួលកម្មករ-កម្មការិនី ពីរោងចក្រ ដោយបើកបរក្នុងល្បឿនលឿនដូចហោះ លុះមកដល់កន្លែងកើតហេតុ ក៏បុករថយន្តតាកូម៉ា ១គ្រឿង ដែលបើកបរស្របទិសគ្នា ពីក្រោយពេញទំហឹង ហើយរុញប៉ើងទៅមុខ រួចក៏រេចង្កូតមកបុកម៉ូតូរ៉ឺម៉កលក់ប្រហិត ពីក្រោយពេញទំហ៊ឹងទៀត ប៉ើងខ្ទេចខ្ទាតជនរងគ្រោះ២នាក់ប្តីប្រពន្ធចេញពីរ៉ឺម៉ក របួសធ្ងន់ធ្ងរតែម្តង ។ ហើយរថយន្ត មិនទាន់អស់ល្បឿនទេ ជ្រុលទៅបុកធុងបញ្ចូលហ្គាស់ក្នុងស្ថានីយប្រេងឥន្ធនៈ និងបន្តបុកចូលក្នុងហាងលក់ទំនិញ និងភេស្ជៈ ទៀត ទើបទៅមុខលែងរួច ។
ក្រោយកើតហេតុ សមត្ថកិច្ចបានហៅរថយន្តសាម៉ុយ មកដឹកជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាទាប ដើម្បីសង្គ្រោះ ។
លោកអធិការ ស្រុកស្វាយទាប ក៏បានហៅរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង មកជួយអន្តរាគមន៏នៅស្ថានីប្រេងឥន្ធនៈផងដែរ ដើម្បីបង្ការអគ្គិភ័យ ក្រោយធ្លាយធុងហ្គាស់ ។
បន្ទាប់ពីការវាស់វែងរួច សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុ គឺដោយសារតែអ្នកបើកបររថយន្តបង្ក បើកក្នុងស្ថានភាពស្រវឹង និងបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ ។ សមត្ថកិច្ចជំនាញ បាននិងកំពុងធ្វើការស្រាវជ្រាវ សើម្បីស្វែងរកចាប់ខ្លួនជនបង្ក យកមកចាត់ការតាមច្បាប់ ឲ្យខាងតែបាន ៕
ចែករំលែកព័តមាននេះ